G20 អន់ចិត្ត អាមេរិក ក្រោយឃើញរដ្ឋមន្ត្រី រុស្ស៊ី ចូលរួមកិច្ចប្រជុំផ្ទាល់ និងបដិសេធមិនថតរូបជុំគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
G20 អន់ចិត្ត អាមេរិក ក្រោយឃើញរដ្ឋមន្ត្រី រុស្ស៊ី ចូលរួមកិច្ចប្រជុំផ្ទាល់ និងបដិសេធមិនថតរូបជុំគ្នា

G20 អន់ចិត្ត អាមេរិក ក្រោយឃើញរដ្ឋមន្ត្រី រុស្ស៊ី ចូលរួមកិច្ចប្រជុំផ្ទាល់ និងបដិសេធមិនថតរូបជុំគ្នា

វ៉ាស៊ីនតោន ៖ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការស្វាគមន៍តំណាងរុស្ស៊ីឱ្យត្រឡប់មកចូលរួមក្នុងកិច្ចប្រជុំ G20 ដោយផ្ទាល់ឡើងវិញ បានបង្កើតឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់មេដឹកនាំផ្នែកហិរញ្ញវត្ថុរបស់ប្លុកមួយនេះ ។

បើតាម straitstimes, កិច្ចប្រជុំ G20 ដែលរៀបចំឡើងនៅអាមេរិក មានរយៈពេល ២ ថ្ងៃ និងត្រូវបានធ្វើឡើង ចំពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងធ្ងន់ធ្ងរ រួមមាន វិបត្តិថាមពលដែលបង្កឡើងដោយជម្លោះពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់, ភាពតានតឹងជុំវិញអតិរេកពាណិជ្ជកម្មទំនិញដ៏ធំរបស់ចិន, ក្តីបារម្ភលើការកើនឡើងយ៉ាងគំហុកនៃការវិនិយោគលើបច្ចេកវិទ្យា AI និងបញ្ហាបំណុលសកល ដែលបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានគឺជិត ៣៥៣ ពាន់ពាន់លានដុល្លារនៅដើមឆ្នាំនេះ ។

យ៉ាងណា បរិយាកាសនៅក្នុងពិធីបើកកិច្ចប្រជុំ G20 កាលពីថ្ងៃចន្ទ បានប្រែជាតានតឹង នៅពេលដែលរដ្ឋមន្ត្រីជាច្រើនរូបបានសម្តែងការមិនពេញចិត្ត ក្រោយឃើញលោក Anton Siluanov រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី អង្គុយនៅតុប្រជុំ G20 ដោយផ្ទាល់ ។

នេះជាលើកដំបូងដែលតំណាងរុស្ស៊ីបានចូលរួមវេទិកាមួយនេះដោយផ្ទាល់ ចាប់តាំងពីសង្គ្រាមលុកលុយរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ ២០២២ ។

បើតាមក្រសួងហិរញ្ញវត្ថុរុស្ស៊ី, លោក Siluanov ក៏បានជួបប្រជុំទ្វេភាគីជាមួយលោក Bessent ផងដែរ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងក្របខ័ណ្ឌ G20 ។ មន្ត្រីអាមេរិកបានឱ្យដឹងថា ចំណុចសំខាន់នៃជំនួបទ្វេភាគីនេះ គឺផ្តោតលើផែនការសន្តិភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ប្រទេសអ៊ុយក្រែន។

ប៉ុន្តែ វត្តមានរបស់មន្ត្រីជាន់ខ្ពស់រុស្ស៊ីរូបនេះបានរងការរិះគន់យ៉ាងខ្លាំងពីភាគីអឺរ៉ុប ។

ជាក់ស្តែង លោក Lars Klingbeil រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ បានគូសបញ្ជាក់ថា ខណៈដែលអឺរ៉ុបកំពុងរៀបចំកញ្ចប់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងរុស្ស៊ី, វត្តមានរបស់លោក Siluanov បានបញ្ជូនសញ្ញាគួរឱ្យព្រួយបារម្ភអំពីកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក។

លោក Klingbeil សង្កត់ធ្ងន់ថា «លោកចង់ឱ្យមានភាពច្បាស់លាស់ជាងនេះពីភាគីអាមេរិកថា តំណាងរុស្ស៊ីមិនគួរត្រូវបានទទួលស្វាគមន៍ក្នុងកិច្ចប្រជុំ G20 នោះទេ»។

ជាការតវ៉ា មន្ត្រីអឺរ៉ុបបានបដិសេធមិនចូលរួមក្នុងការថត រូបជុំគ្នា តាមប្រពៃណី របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាល G20 នោះឡើយ ពោលការថតរូបជុំគ្នានោះអាចទៅរួច លុះត្រាតែគ្មានវត្តមានរបស់លោក Siluanov ។

គួររម្លឹកថា អំឡុងកិច្ចប្រជុំ G20 កាលពីខែមេសា ឆ្នាំ២០២២ នៅទីក្រុងវ៉ាស៊ីនតោន សូម្បីតែការចូលរួមតាមប្រព័ន្ធអនឡាញរបស់លោក Siluanov ក៏បានបង្កឱ្យមានការថ្កោលទោសយ៉ាងខ្លាំង និងនាំឱ្យមន្ត្រីមកពីសហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងធនាគារកណ្តាលអឺរ៉ុប ដើរចេញពីបន្ទប់ប្រជុំភ្លាមៗផងដែរ ៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា