ចិនអំពាវនាវដល់អង្គការ SCO ផ្តល់អាទិភាពលើសន្តិសុខសកល សម្រាប់ប្រទេសទាំងអស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិនអំពាវនាវដល់អង្គការ SCO ផ្តល់អាទិភាពលើសន្តិសុខសកល សម្រាប់ប្រទេសទាំងអស់

ចិនអំពាវនាវដល់អង្គការ SCO ផ្តល់អាទិភាពលើសន្តិសុខសកល សម្រាប់ប្រទេសទាំងអស់

ប៊ីស្កេក ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃអង្គារនេះបានថ្លែងទៅកាន់ថ្នាក់ដឹកនាំនៃអង្គការកិច្ចសហប្រតិបត្តិការ ស៊ាងហៃ ហៅកាត់ SCO ថា អង្គការអន្តរជាតិមួយនេះ គួរតែផ្តល់អាទិភាពលើសន្តិសុខ និង បង្កើតបរិយាកាសសន្តិសុខសកល សម្រាប់ប្រទេសទាំងអស់។

យោងតាម Xinhua, លោក ស៊ី ជីនពីង បានគូសបញ្ជាក់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការជួយកសាងអង្គការ SCO ឱ្យទៅជាវេទិកាសំខាន់មួយ សម្រាប់អនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល។ លើសពីនេះ ប្រទេសចិនក៏ពេញចិត្តក្នុងការធ្វើការជាមួយគ្រប់ភាគី ដើម្បីអនុវត្តគំនិតផ្តួចផ្តើមអារ្យធម៌សកល និង គាំទ្រ SCO ក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលផងដែរ។

លោក ស៊ី ជីនពីង ក៏បានស្នើដល់ អង្គការ SCO ត្រូវតែប្រកាន់ខ្ជាប់នូវការសន្ទនានិងការពិគ្រោះយោបល់ ហើយបានអំពាវនាវឱ្យក្រុមប្រទេសទាំងនេះ កែលម្អអភិបាលកិច្ចប្រកបដោយយុត្តិធម៌ និង របៀបរៀបរយស្របពេលដែលចិនចាត់ទុកអង្គការកិច្ចសហប្រតិបត្តិការស៊ាងហៃ ជាវិស័យអាទិភាពមួយសម្រាប់កិច្ចសហប្រតិបត្តិការ ប្រកបដោយគុណភាពខ្ពស់នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ និង គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។

បើតាម anadolu, ការថ្លែងសាររបស់លោក ស៊ី ជីនពីង បានធ្វើឡើង នៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, ជម្លោះប្រដាប់អាវុធរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ព្រមទាំង ការប្រយុទ្ធគ្នា នៅតំបន់ Gaza ។

ក្រៅពីប្រធានាធិបតីចិន, កិច្ចប្រជុំកំពូលដែលរៀបចំធ្វើឡើងនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន រយៈពេល២ថ្ងៃនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត រួមមាន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin, ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian, នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif , នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ព្រមទាំង មេដឹកនាំប្រទេសមួយចំនួនទៀត៕

ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា