អ៊ីរ៉ង់ប្រកាសថា មិនខ្វះលុយនៅបរទេស ទោះអាមេរិកប្រឹងដាក់ទណ្ឌកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ប្រកាសថា មិនខ្វះលុយនៅបរទេស ទោះអាមេរិកប្រឹងដាក់ទណ្ឌកម្ម

អ៊ីរ៉ង់ប្រកាសថា មិនខ្វះលុយនៅបរទេស ទោះអាមេរិកប្រឹងដាក់ទណ្ឌកម្ម

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់មានបម្រុងរូបិយប័ណ្ណបរទេសគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងរាល់គ្រប់ទម្រង់នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក។ នេះគឺជាការគូសបញ្ជាក់របស់ទេសាភិបាលធនាគារកណ្តាលអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ។

យោងតាមទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Tasnim, លោក Abdolnaser Hemmati ទេសាភិបាលធនាគារកណ្តាល បានឱ្យដឹងថា ធនាគារមួយនេះត្រៀមខ្លួនជាស្រេច ក្នុងការបញ្ចេញថវិការហូតដល់ ២ ពាន់លានដុល្លារអាមេរិក ចូលទៅក្នុងទីផ្សារផ្លាស់ប្តូរប្រាក់បរទេស ដើម្បីជួយឱ្យទីផ្សារមានស្ថិរភាពឡើងវិញ បន្ទាប់ពីមានការប្រែប្រួលខ្លាំង នាពេលថ្មីៗនេះ។

លោក Hemmati បានបញ្ជាក់ជាសារទៅកាន់ លោក ដូណាល់ ត្រាំ រៀបរាប់ថា «ខ្ញុំសូមជម្រាបជូនប្រធានាធិបតីសហរដ្ឋអាមេរិកថា អ៊ីរ៉ង់មានរូបិយប័ណ្ណបរទេស យ៉ាងគ្រប់គ្រាន់…ខ្ញុំសូមប្រាប់ប្រជាជនដោយស្មោះត្រង់ថា លក្ខខណ្ឌសេដ្ឋកិច្ច និងការគ្រប់គ្រងជីវភាពរស់នៅ ពិតជាមានការលំបាក ប៉ុន្តែ ការដួលរលំសេដ្ឋកិច្ចមិនដែលកើតមាន ហើយក៏នឹងមិនកើតមាននោះដែរ។ ការអះអាងទាំងនោះគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រ ហើយស្ថានការណ៍នឹងវិលត្រឡប់មកល្អប្រសើរវិញ ក្នុងពេលឆាប់ៗ»។

យ៉ាងណាងមិញ រូបិយប័ណ្ណរបស់អ៊ីរ៉ង់បានធ្លាក់ចុះដល់កម្រិតទាបបំផុត ជាប្រវត្តិសាស្ត្រ កាលពីខែសីហា ខណៈដែលអតិផរណាប្រចាំឆ្នាំបានកើនឡើងដល់ ៦៦ ភាគរយ នៅក្នុងខែកក្កដា។

កាលពីថ្ងៃចន្ទ លោក Scott Bessent រដ្ឋមន្ត្រីរតនាគារអាមេរិក បានលើកឡើងថា អ៊ីរ៉ង់កំពុងយករឿងទណ្ឌកម្មរបស់អាមេរិកមកគិតគូរយ៉ាងម៉ត់ចត់ និង កំពុងសម្តែងការខឹងសម្បារ និងតបតតាមបែបកម្លាំងបាយ ដោយសារតែពួកគេកំពុងចាញ់សង្គ្រាមសេដ្ឋកិច្ច។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិងកំពុងបង្កើនការដាក់សម្ពាធផ្នែកសេដ្ឋកិច្ច ដើម្បីបង្ខំឱ្យក្រុងតេហេរ៉ង់ធ្វើតាមតម្រូវការរបស់ខ្លួន ហើយលោក Bessent ក៏បានព្រមានផងដែរថា ក្រុមហ៊ុន ឬ ភាគីណាដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ អាចនឹងប្រឈមមុខនឹងទណ្ឌកម្មពីសហរដ្ឋអាមេរិកដូចគ្នា៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា