គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស ១៣០ នាក់នៅក្នុងខែសីហា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស ១៣០ នាក់នៅក្នុងខែសីហា

គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស ១៣០ នាក់នៅក្នុងខែសីហា


មនុស្ស ១៣០ នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខែសីហាកន្លងទៅថ្មីៗនេះ  ខណៈរដ្ឋាភិបាលប្រកាសរឹតបន្តឹងច្បាប់ចាប់ពីថ្ងៃទី១ កញ្ញា តទៅ។

បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីកង្វល់ដ៏ធំសម្រាប់សង្គមជាតិ ដោយគ្រាន់តែក្នុងមួយខែសីហា ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេសមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ២០៨ករណី។ គ្រោះថ្នាក់ទាំងនេះ បានបណ្តាលឱ្យអ្នកដំណើរ ១៣០នាក់ស្លាប់បាត់បង់ជីវិត និង ២៥១នាក់ទៀតរងរបួសធ្ងន់និងស្រាល។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

ប្រភពដដែលបញ្ជាក់ថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៦ ចំនួនសរុបនៃគ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សរហូតដល់ ១.០៤៧នាក់ និងបណ្តាលឱ្យមនុស្សរងរបួសសរុប ២.៤៤០នាក់។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ មូលហេតុចម្បងដែលនាំឱ្យកើតមានគ្រោះថ្នាក់ញឹកញាប់ជាងគេគឺ ការបើកបរលើសល្បឿនកំណត់ ដែលបន្តឈរនៅលំដាប់ថ្នាក់លេខមួយ រួមទាំងករណីបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្តាំ ការវ៉ាជែង និងបត់ក្នុងស្ថានភាពប្រឈមគ្រោះថ្នាក់ ការមិនគោរពភ្លើងសញ្ញាចរាចរណ៍ និងបញ្ហាបច្ចេកទេសយានយន្តជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពតាមសំណើរបស់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍រឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ ដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់នេះ ។

ក្រសួងមហាផ្ទៃសង្កត់ធ្ងន់ថា ការរឹតបន្តឹងច្បាប់ក្នុងដំណាក់កាលដំបូងនេះ នឹងត្រូវផ្តោតជាអាទិភាពលើភូមិសាស្ត្រដែលតែងតែមានអត្រាគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល កំពង់ស្ពឺ និងស្វាយរៀង។

សមត្ថកិច្ចនឹងដោយផ្តោតខ្លាំងលើអំពើល្មើសជាប្ញសគល់បង្កគ្រោះថ្នាក់ ដូចជា ការបើកបរលឿនហួសកំណត់ ការផឹកគ្រឿងស្រវឹងហើយបើកបរ ការមិនគោរពសិទ្ធិអាទិភាពនិងភ្លើងស្តុប ព្រមទាំងការដឹកជញ្ជូនទំនិញសំពីងសំពោងខុសលក្ខណៈបច្ចេកទេសជាដើម៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា