អាមេរិក ថា រុស្ស៊ីចូលរួមប្រជុំ G20 មិនបានរំខានដល់កិច្ចពិភាក្សាឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ថា រុស្ស៊ីចូលរួមប្រជុំ G20 មិនបានរំខានដល់កិច្ចពិភាក្សាឡើយ

អាមេរិក ថា រុស្ស៊ីចូលរួមប្រជុំ G20 មិនបានរំខានដល់កិច្ចពិភាក្សាឡើយ

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានអះអាង កាលពីថ្ងៃអង្គារថា ការចូលរួមរបស់រុស្ស៊ី ក្នុងកិច្ចប្រជុំ G20 មិនបានរំខានដល់កិច្ចពិភាក្សាឡើយ។ ជាការលើកឡើង ក្រោយពេល ប្លុកមួយនេះ អន់ចិត្តនឹងអាមេរិក ព្រោះតែឃើញរដ្ឋមន្ត្រីរបស់ទីក្រុងមូស្គូ ចូលរួមវេទិកានេះដោយផ្ទាល់។

លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានថ្លែងថា ការចូលរួមរបស់សមភាគីរុស្ស៊ី នៅក្នុងកិច្ចពិភាក្សា G20 សប្តាហ៍នេះ មិនបានជះឥទ្ធិពលអ្វីដល់កិច្ចប្រជុំនោះទេ ទោះបីជាមានការមិនពេញចិត្តពីសំណាក់សម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែនក៏ដោយ។

លោក Bessent បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ខ្ញុំសូមបញ្ជាក់ថា មានប្រទេសចំនួន ១៩ ក្នុងចំណោម ២០ បានឯកភាពគ្នា ដូច្នេះ… គឺមិនមានផលប៉ះពាល់អ្វីឡើយ»។

លោកបានលើកឡើងបែបនេះ ដោយសំដៅទៅលើសេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំ ដែលទទួលបានការយល់ព្រមស្ទើរតែជាឯកច្ឆន្ទ។

យ៉ាងណា បរិយាកាសនៅក្នុងពិធីបើកកិច្ចប្រជុំ G20 កាលពីថ្ងៃចន្ទ បានប្រែជាតានតឹង នៅពេលដែលរដ្ឋមន្ត្រីជាច្រើនរូបបានសម្តែងការមិនពេញចិត្ត ក្រោយឃើញលោក Anton Siluanov រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី អង្គុយនៅតុប្រជុំ G20 ដោយផ្ទាល់ ។

ជាក់ស្តែង រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ បានគូសបញ្ជាក់ថា ខណៈដែលអឺរ៉ុបកំពុងរៀបចំកញ្ចប់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងរុស្ស៊ី, វត្តមានរបស់លោក Siluanov បានបញ្ជូនសញ្ញាគួរឱ្យព្រួយបារម្ភអំពីកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក។

មន្ត្រីអឺរ៉ុបបានបដិសេធមិនចូលរួមក្នុងការថត រូបជុំគ្នា តាមប្រពៃណី របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាល G20 នោះឡើយ ពោលការថតរូបជុំគ្នានោះអាចទៅរួច លុះត្រាតែគ្មានវត្តមានរបស់លោក Siluanov ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា