កម្ពុជានឹងបញ្ជូនពលករ ២ពាន់នាក់ ទៅធ្វើការផ្នែកកសិកម្មនៅអ៊ីស្រាអែល ជាលើកដំបូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជានឹងបញ្ជូនពលករ ២ពាន់នាក់ ទៅធ្វើការផ្នែកកសិកម្មនៅអ៊ីស្រាអែល ជាលើកដំបូង

កម្ពុជានឹងបញ្ជូនពលករ ២ពាន់នាក់ ទៅធ្វើការផ្នែកកសិកម្មនៅអ៊ីស្រាអែល ជាលើកដំបូង

កម្ពុជា នឹងបញ្ជូនពលករប្រមាណ ២ពាន់នាក់ ដើម្បីទៅបម្រើការងារផ្នែកកសិកម្មនៅប្រទេសអ៊ីស្រាអែល ជាលើកដំបូង បន្ទាប់ពីកម្ពុជា និងអ៊ីស្រាអែល បានចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយគ្នាកាលពីចុងឆ្នាំ២០២៥ កន្លងទៅ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាប់ផ្ដើមបញ្ជូនពលករកម្ពុជាទៅធ្វើការនៅអ៊ីស្រាអែលឆាប់ៗក្នុងពេលខាងមុខ បន្ទាប់ពីបញ្ចប់ការធ្វើតេស្តសាកល្បងដោយបញ្ញាសិប្បនិម្មិត(AI) និងតេស្តកាយសម្បទា។

លោក សុ ផានិត ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនជាង ៣ពាន់នាក់ បានបញ្ជាក់ពីគោលបំណងទៅធ្វើការនៅប្រទេសអ៊ីស្រាអែល ដែលជាប្រទេសជឿនលឿនផ្នែកកសិកម្ម។​

ស្រដៀងនឹងបេក្ខជនខាងលើដែល កញ្ញា ដា លីន ជាបេក្ខជនម្នាក់ទៀត ក៏មានក្ដីសង្ឃឹមថា អាចយកបទពិសោធន៍ ត្រឡប់មកប្រកបអាជីវកម្ម និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ​។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា គោលដៅរបស់ក្រសួង មិនមែនគ្រាន់តែបញ្ជូនពលករឱ្យបានច្រើនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថា បេក្ខជនគ្រប់រូបត្រូវបានវាយតម្លៃតាមសមត្ថភាព និងលក្ខណៈវិនិច្ឆ័យដែលបានកំណត់។

លោកស្រី ហ្សឺលី រៃស៊ីន សេសុន ប្រធាននាយកដ្ឋានកិច្ចព្រមព្រៀងទ្វេភាគីនៃអាជ្ញាធរប្រជាជនអន្តោប្រវេសន៍(PIBA) នៃរដ្ឋអ៊ីស្រាអែល បានបញ្ជាក់ថា តម្រូវការកម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែលបានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលជំរុញឲ្យអ៊ីស្រាអែលពង្រីកការជ្រើសរើសពលករពីបណ្ដាប្រទេសនានា រួមទាំងកម្ពុជាផងដែរ។

លោកស្រីជឿជាក់ថា ពលករដែលនឹងចេញទៅធ្វើការនៅអ៊ីស្រាអែល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ របស់កម្ពុជា គឺជាពលករដែលមានជំនាញ និងវិជ្ជាជីវៈ។

ការវាយតម្លៃជាវិជ្ជមានពីគណៈប្រតិភូអ៊ីស្រាអែលនេះ កើតឡើងស្របពេលដែលប្រទេសទាំងពីរកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើការងារនៅក្រៅប្រទេស ជាពិសេសក្នុងវិស័យកសិកម្ម ដែលនិយោជកអ៊ីស្រាអែលកំពុងមានតម្រូវការកម្លាំងពលកម្ម។

សម្រាប់កម្ពុជា ការពង្រីកទីផ្សារការងារទៅកាន់អ៊ីស្រាអែល មិនត្រឹមតែជួយបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្តល់ឱកាសឱ្យពលករទទួលបានបទពិសោធន៍អន្តរជាតិ ចំណេះដឹង និងជំនាញបច្ចេកវិទ្យាកសិកម្មទំនើបផងដែរ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា