កម្ពុជាប្រាប់ថៃឲ្យឈប់មូលបង្កាច់ការពិត ដើម្បីក្រឡាស់ពីអ្នកឈ្លានពានទៅជាជនរងគ្រោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្រាប់ថៃឲ្យឈប់មូលបង្កាច់ការពិត ដើម្បីក្រឡាស់ពីអ្នកឈ្លានពានទៅជាជនរងគ្រោះ

កម្ពុជាប្រាប់ថៃឲ្យឈប់មូលបង្កាច់ការពិត ដើម្បីក្រឡាស់ពីអ្នកឈ្លានពានទៅជាជនរងគ្រោះ

ក្រសួងការពារជាតិកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន។
 
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឆ្លើយតបទៅភាគីថៃ ក្រសួងការពាជាតិកម្ពុជាបានសង្ងត់ធ្ងន់ថា ភាគីថៃទៅវិញទេ ដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន ដោយបន្តថា ភាគីថៃមិនអាចមកដើរតួជាជនរងគ្រោះ ឬយកលេសការពារខ្លួនមកធ្វើជាមូលហេតុបិទបាំងសកម្មភាពយោធាខុសច្បាប់របស់ខ្លួន ដែលជាអ្នកវាយប្រហារមុនមកលើកម្ពុជាបានឡើយ។
 
ក្រសួងការពារជាតិក៏បានលាតត្រដាងការប៉ុនប៉ងឈ្លានពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យកម្ពុជាផងដែរ ដោយលើកឡើង​ថា ប៉ុន្មានថ្ងៃមុនពេលបើកការវាយប្រហារប្រដាប់អាវុធដោយគ្មានការញុះញង់មកលើកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រកាសអំពីផែនការត្រៀមលក្ខណៈសង្គ្រាម «ចក្រពង្ស ភូវនាថ»។
 
ចំពោះកម្ពុជា ការដាក់ចេញផែនការនេះបង្ហាញយ៉ាងច្បាស់ថា សកម្មភាពយោធារបស់ថៃមានការរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ និងប្រព្រឹត្តឡើងដោយចេតនាពិតប្រាកដ ផ្ទុយពីការលើកឡើងរបស់ភាគីថៃ ដែលថាការប្រើប្រាស់កម្លាំងរបស់ខ្លួន គ្រាន់តែជាការឆ្លើយតបក្នុងលក្ខណៈការពារខ្លួនប៉ុណ្ណោះ។
 
ក្នុងន័យនេះ ការប៉ុនប៉ងរបស់ភាគីថៃក្នុងការលើកយកការចោទប្រកាន់អំពីការញុះញង់ ការព្រួយបារម្ភផ្នែកសន្តិសុខ និងបញ្ហាគ្រាប់មីន មកធ្វើជាមូលហេតុសម្រាប់បង្អាក់ ឬពន្យារពេលការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន គឺមិនស្របទៅនឹងស្មារតី និងការប្តេជ្ញាចិត្តដែលមានចែងក្នុងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះទេ។
 
កម្ពុជា បានអំពាវនាវឱ្យភាគីថៃ អនុវត្តសេចក្តីថ្លែងការណ៍រួមនេះឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ជាពិសេសតាមរយៈការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនចម្រុះ (JBC) ឱ្យបានឆាប់រហ័ស ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
 
កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការស្វែងរកដំណោះស្រាយដោយយុត្តិធម៌ សន្តិវិធី និងជាអចិន្ត្រៃយ៍ចំពោះបញ្ហាព្រំដែន ដោយផ្អែកលើច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។ ជាមួយគ្នានេះ កម្ពុជា នឹងមិនទទួលយកការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង ជាមធ្យោបាយសម្រាប់កំណត់ ឬផ្លាស់ប្តូរព្រំដែនរវាងប្រទេសទាំងពីរជាដាច់ខាត៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា