កម្ពុជានៅតែលើកបញ្ហាជម្លោះព្រំដែនប្រាប់សហគមន៍អន្តរជាតិបើថៃនៅតែផ្គើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជានៅតែលើកបញ្ហាជម្លោះព្រំដែនប្រាប់សហគមន៍អន្តរជាតិបើថៃនៅតែផ្គើន

កម្ពុជានៅតែលើកបញ្ហាជម្លោះព្រំដែនប្រាប់សហគមន៍អន្តរជាតិបើថៃនៅតែផ្គើន

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃពុធទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះថា កម្ពុជានៅតែរក្សាជំហរលើកបញ្ហាជម្លោះព្រំដែនប្រាប់សហគមន៍អន្តរជាតិឲ្យដឹងលឺ និងជួយធ្វើសាក្សី បើថៃនៅតែផ្គើនបន្តធ្វើសកម្មភាពឈ្លានពានមកលើទឹកដីកម្ពុជា។
 
អ្នកនាំពាក្យបញ្ជាក់បែបនេះបន្ទាប់ពីឯកឧត្តម​ លុយ ដេវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានបង្ហើបថា មានឯកអគ្គរដ្ឋទូតនៃប្រទេសទីបី​បានទទួលការពឹងពាក់ពីឯកអគ្គរាជទូតផ្ទះលេខ២ មកបញ្ចុះបញ្ចូលលោក ដើម្បីកុំឱ្យកម្ពុជា​លើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកានៃប្រទេសប្រើប្រាស់ភាសាបារាំង ឬហ្វ្រង់កូហ្វូនី។
 
ពាក់ព័ន្ធបញ្ហានេះ ឯកអគ្គរាជទូតកម្ពុជា បញ្ជាក់ច្បាស់ៗថា ប្រទេសថៃជាអ្នកឈ្លាន​ពានប្រទេសកម្ពុជា ហើយថែមទាំងព្យាយាមបំភ្លៃការពិត ដោយប្រែក្លាយខ្មៅទៅជាស និងសទៅជាខ្មៅ។ ដូច្នេះ ក្នុងនាមជាអ្នកការទូតកម្ពុជា ឯកឧត្តមមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ការពារការពិត និងប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងច្បាស់ថា តើភាគីណាជាអ្នកឈ្លានពាន និងភាគីណាជាជនរងគ្រោះ។
 
ឯកឧត្តម ចាន់ រតនា បានបញ្ជាក់ថា បើចង់ឲ្យកម្ពុជាឈប់លើកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិការអន្តរជាតិ ទាល់តែភាគីថៃខ្លួនឯងឈប់បំពានមកលើទឹកដីកម្ពុជា។
 

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ ដោយមានការអញ្ជើញចូលរួមពីប្រ​មុ​ខ​រដ្ឋ ​ប្រមុខរដ្ឋា​ភិបាល និងតំណាងប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី។ បច្ចុប្បន្ន អង្គការនេះមានប្រទេសជាសមាជិកចំនួន ៨០ ស្មើនឹងប្រជាជនសរុប ៨៩០លាននាក់។

សូមរំលឹកថា នៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី២៦​ដល់ថ្ងៃទី២៨ ខែសីហា កន្លង​ទៅ​ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានប្រាប់ប្រតិភូអន្តរជាតិថា កងទ័ពថៃបានឈ្លានពានកម្ពុជា ហើយកំពុងកាន់កាប់តំបន់ខ្លះនៃទឹកដីកម្ពុជាដោយខុសច្បាប់៕

សេង បារាំង AMS

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា