ដរាបណាការរំលោភបំពាននៅតែបន្ត កម្ពុជានឹងមិននៅស្ងៀមឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដរាបណាការរំលោភបំពាននៅតែបន្ត កម្ពុជានឹងមិននៅស្ងៀមឡើយ

ដរាបណាការរំលោភបំពាននៅតែបន្ត កម្ពុជានឹងមិននៅស្ងៀមឡើយ

ការព្យាយាមរបស់ថៃ ស្នើឱ្យកម្ពុជាកុំលើកឡើងអំពីជម្លោះព្រំដែនកម្ពុជា-ថៃនៅលើវេទិកាអន្តរជាតិ មិនអាចដោះស្រាយបញ្ហាដែលកំពុងកើតមាននៅលើដីបានទេ។ ប្រសិនបើចង់ឱ្យកម្ពុជាឈប់និយាយអំពីបញ្ហានៃការរំលោភឈ្លានពានលើទឹកដីកម្ពុជានេះ មធ្យោបាយដែលមានប្រសិទ្ធភាពបំផុតមិនមែនជាការស្នើឱ្យកម្ពុជាស្ងៀមទេ ប៉ុន្តែគឺថៃត្រូវបញ្ឈប់សកម្មភាពដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជាមិនអាចត្រូវបានស្នើឱ្យស្ងៀម ខណៈបញ្ហានៅលើដីមិនទាន់ត្រូវបានដោះស្រាយឡើយ។

ដរាបណាកងកម្លាំងថៃនៅតែមានវត្តមាននៅលើទឹកដីកម្ពុជា ដរាបណានៅតែមានលួសបន្លា ទូកុងតឺន័រ លេណដ្ឋាន ផ្លូវ ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលកម្ពុជាប្រឆាំងថាត្រូវបានដាក់ ឬសាងសង់ដោយឯកតោភាគីនិងខុសច្បាប់ និងដរាបណាប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះ និងដីធ្លីរបស់ខ្លួនដោយសុវត្ថិភាព នោះកម្ពុជាមានហេតុផលពេញលេញក្នុងការបន្តលើកបញ្ហាទាំងនេះទៅកាន់សហគមន៍អន្តរជាតិ។

នេះមិនមែនជាការស្វែងរកជម្លោះទេ។ នេះគឺជាការការពារផលប្រយោជន៍ជាតិ និងការប្រើប្រាស់មធ្យោបាយការទូតដោយសន្តិវិធី។
កម្ពុជាជារដ្ឋអធិបតេយ្យ។ កម្ពុជាមានសិទ្ធិការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រជាពលរដ្ឋ និងជំហរផ្លូវច្បាប់របស់ខ្លួន។ ហើយអ្នកការទូតកម្ពុជាមានកាតព្វកិច្ចពន្យល់ជំហររបស់ប្រទេសខ្លួន និងបង្ហាញអង្គហេតុទៅកាន់សហគមន៍អន្តរជាតិ នៅគ្រប់វេទិកាដែលពាក់ព័ន្ធ។
ការស្នើឱ្យកម្ពុជាកុំលើកបញ្ហា មិនធ្វើឱ្យបញ្ហាបាត់ទៅទេ។ បញ្ហានឹងបញ្ចប់នៅពេលមូលហេតុនៃបញ្ហាត្រូវបានដោះស្រាយ។

ប្រសិនបើភាគីថៃពិតជាចង់កាត់បន្ថយភាពតានតឹង វិធីសាស្ត្រមិនមែនជាការបញ្ចុះបញ្ចូលប្រទេសទីបីឱ្យមកស្នើកម្ពុជាកុំឱ្យនិយាយនោះទេ។ អ្វីដែលត្រូវធ្វើ គឺបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលអាចធ្វើឱ្យស្ថានភាពនៅព្រំដែនប្រែប្រួល គោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងដែលមានស្រាប់ និងប្រើប្រាស់យន្តការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។

កម្ពុជាមិនទាមទារអ្វីដែលជារបស់អ្នកដទៃទេ។ ប៉ុន្តែកម្ពុជាក៏មិនអាចទទួលយកការប្រើប្រាស់កម្លាំង ឬសកម្មភាពឯកតោភាគីណាមួយ ដើម្បីបង្កើតស្ថានភាពថ្មីនៅលើដី ហើយបន្ទាប់មកទាមទារឱ្យកម្ពុជានៅស្ងៀមបានដែរ។ ភាពស្ងៀមស្ងាត់របស់ជនរងផលប៉ះពាល់ មិនអាចក្លាយជាលក្ខខណ្ឌសម្រាប់សន្តិភាពបានទេ។
សន្តិភាពដែលមានចីរភាពត្រូវឈរលើការគោរពច្បាប់ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី និងការដោះស្រាយវិវាទដោយសន្តិវិធី មិនមែនលើការបង្ខំឱ្យភាគីម្ខាងឈប់និយាយពីអ្វីដែលខ្លួនចាត់ទុកថាជាការរំលោភសិទ្ធិរបស់ខ្លួនឡើយ។

កម្ពុជាចង់បានសន្តិភាព។ កម្ពុជាគាំទ្រការចរចា។ កម្ពុជាគាំទ្រយន្តការទ្វេភាគី និងយន្តការសន្តិវិធីផ្សេងៗដែលស្របតាមច្បាប់អន្តរជាតិ។ ប៉ុន្តែ ការចរចាមិនមានន័យថាកម្ពុជាត្រូវបោះបង់សិទ្ធិក្នុងការនិយាយការពិត ឬបោះបង់សិទ្ធិក្នុងការការពារជំហររបស់ខ្លួនឡើយ។ វេទិកាអន្តរជាតិ រួមទាំងវេទិកាហ្វ្រង់កូហ្វូនី គឺជាកន្លែងសម្រាប់រដ្ឋសមាជិកបង្ហាញកង្វល់ បកស្រាយជំហរ និងស្វែងរកការយល់ដឹងតាមរយៈការទូត។ ការប្រើប្រាស់វេទិកាទាំងនេះដោយសន្តិវិធី គឺផ្ទុយស្រឡះពីការប្រើកម្លាំង។ ការទូតគឺជាផ្លូវជំនួសអាវុធ ហើយការនិយាយគឺប្រសើរជាងការបាញ់។

ដរាបណាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជានៅតែបន្ត កម្ពុជានឹងបន្តនិយាយ។ ដរាបណាប្រជាពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេដោយសុវត្ថិភាព កម្ពុជានឹងបន្តនិយាយ។ ដរាបណាមានការប៉ុនប៉ងបង្កើតស្ថានភាពថ្មីនៅលើដីដោយឯកតោភាគី កម្ពុជានឹងបន្តនិយាយ។ ហើយដរាបណាមានការបំភ្លៃអង្គហេតុ កម្ពុជានឹងបន្តបង្ហាញអង្គហេតុ។ យើងនឹងនិយាយនៅភ្នំពេញ។ យើងនឹងនិយាយនៅអាស៊ាន។ យើងនឹងនិយាយនៅហ្វ្រង់កូហ្វូនី។ យើងនឹងនិយាយនៅអង្គការសហប្រជាជាតិ និងនៅគ្រប់វេទិកាអន្តរជាតិដែលពាក់ព័ន្ធ។
មិនមែនដើម្បីបង្កជម្លោះទេ ប៉ុន្តែដើម្បីការពារសន្តិភាពដោយផ្អែកលើច្បាប់។ មិនមែនដើម្បីបង្កើតសត្រូវទេ ប៉ុន្តែដើម្បីការពារអធិបតេយ្យភាព។ មិនមែនដើម្បីប្រឆាំងប្រជាជនថៃទេ ប៉ុន្តែដើម្បីប្រឆាំងនឹងសកម្មភាពណាដែលរំលោភសិទ្ធិ និងបូរណភាពទឹកដីកម្ពុជា។

បើចង់ឱ្យកម្ពុជាឈប់និយាយអំពីការរំលោភ កុំស្នើឱ្យកម្ពុជាស្ងៀម-ត្រូវធ្វើឱ្យមូលហេតុដែលបង្ខំឱ្យកម្ពុជាត្រូវនិយាយនោះបញ្ចប់។ ព្រោះអធិបតេយ្យភាពមិនមែនជាប្រធានបទដែលអាចស្នើឱ្យប្រទេសមួយ «កុំនិយាយ» បានទេ។ បូរណភាពទឹកដីមិនមែនជាបញ្ហាដែលអាចដោះស្រាយដោយការបិទមាត់អ្នកការទូតបានទេ។ ហើយការពិតក៏មិនបាត់បង់អត្ថិភាព ដោយសារតែមានអ្នកណាម្នាក់ចង់ឱ្យយើងឈប់និយាយអំពីវានោះដែរ។ កម្ពុជានឹងស្ងៀម នៅពេលគ្មានការរំលោភដែលត្រូវនិយាយ។ កម្ពុជានឹងឈប់តវ៉ា នៅពេលគ្មានអ្វីដែលត្រូវតវ៉ា។ រហូតដល់ពេលនោះ កម្ពុជានឹងបន្តនិយាយ-ដោយអង្គហេតុ ដោយច្បាប់ និងដោយសេចក្តីថ្លៃថ្នូរ៕
អត្ថបទ៖ ឯកឧត្តម នេត្រ ភក្ត្រា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា