អ៊ីស្រាអែលកោតសរសើរដំណើរការជ្រើសរើសពលករកសិកម្មកម្ពុជា ដែលក្រសួងការងាររៀបចំប្រកបដោយយុត្តិធម៌ តម្លាភាព និងវិជ្ជាជីវៈខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែលកោតសរសើរដំណើរការជ្រើសរើសពលករកសិកម្មកម្ពុជា ដែលក្រសួងការងាររៀបចំប្រកបដោយយុត្តិធម៌ តម្លាភាព និងវិជ្ជាជីវៈខ្ពស់

អ៊ីស្រាអែលកោតសរសើរដំណើរការជ្រើសរើសពលករកសិកម្មកម្ពុជា ដែលក្រសួងការងាររៀបចំប្រកបដោយយុត្តិធម៌ តម្លាភាព និងវិជ្ជាជីវៈខ្ពស់

(ភ្នំពេញ)៖ គណៈប្រតិភូរដ្ឋអ៊ីស្រាអែលបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដំណើរការជ្រើសរើសពលករកសិកម្មកម្ពុជា ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងវិជ្ជាជីវៈខ្ពស់ ព្រមទាំងបង្ហាញទំនុកចិត្តលើគុណភាពពលករកម្ពុជា និងអនាគតនៃកិច្ចសហប្រតិបត្តិការការងារទ្វេភាគីរវាងប្រទេសទាំងពីរ។

ការលើកឡើងរបស់លោកស្រី Shirly Raisin Sasson ប្រធានផ្នែកកិច្ចព្រមព្រៀងទ្វេភាគី នៃរដ្ឋបាលពលករបរទេសរបស់រដ្ឋអ៊ីស្រាអែល ក្នុងអំឡុងពេលដែលគណៈប្រតិភូអ៊ីស្រាអែលបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យ និងតាមដានដោយផ្ទាល់នូវដំណើរការជ្រើសរើស និងសម្ភាសបេក្ខជនកម្ពុជា ដែលដាក់ពាក្យទៅធ្វើការក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែល នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។

លោកស្រី Sasson បានបញ្ជាក់ថា តម្រូវការកម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែលបានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តានេះបានបង្កើតឱកាសសម្រាប់អ៊ីស្រាអែលពង្រីកការជ្រើសរើសពលករពីបណ្ដាប្រទេសនានា ក្នុងនោះក៏មានកម្ពុជាផងដែរ។

លោកស្រីបានលើកឡើងថា៖ «យើងមើលឃើញសក្តានុពលក្នុងការជ្រើសរើសពលករ និងពលករជំនាញផ្នែកកសិកម្មកម្ពុជាទៅធ្វើការនៅអ៊ីស្រាអែល»។

គណៈប្រតិភូអ៊ីស្រាអែលក៏បានកោតសរសើរចំពោះភាពជាដៃគូល្អ និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការរៀបចំ និងអនុវត្តដំណើរការជ្រើសរើសបេក្ខជន។

លោកស្រី Sasson បានសង្កត់ធ្ងន់ថា ភាគីកម្ពុជា និងអ៊ីស្រាអែលបានធ្វើការរួមគ្នាជាក្រុម ដើម្បីធានាថា ដំណើរការជ្រើសរើសត្រូវបានអនុវត្តដោយតម្លាភាព និងស្របតាមលក្ខណៈវិនិច្ឆ័យដែលភាគីទាំងពីរបានឯកភាពគ្នា។

លោកស្រីបានបន្ថែមថា៖ «យើងមានការប្តេជ្ញាចិត្តខ្ពស់ និងធ្វើការរួមគ្នាជាក្រុម ដើម្បីធានាថា ដំណើរការជ្រើសរើសនេះប្រព្រឹត្តទៅដោយតម្លាភាព និងស្របតាមលក្ខណៈវិនិច្ឆ័យដែលបានព្រមព្រៀងគ្នា។ ការរៀបចំសម្រាប់គណៈប្រតិភូមានលក្ខណៈវិជ្ជាជីវៈ ហើយយើងអាចមើលឃើញលទ្ធផលយ៉ាងច្បាស់»។

លោកស្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចូលរួមរៀបចំការប្រឡង និងសម្ភាសបេក្ខជន ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយគណៈប្រតិភូអ៊ីស្រាអែលក្នុងដំណើរការទាំងមូល។

លោកស្រីបានបញ្ជាក់ថា៖ «ខ្ញុំមានទំនុកចិត្តថា ពលករដែលនឹងចេញទៅធ្វើការនៅអ៊ីស្រាអែល គឺជាពលករដែលមានជំនាញ និងវិជ្ជាជីវៈ។ ដោយសារការងាររបស់ក្រសួងការងារនៅទីនេះ ពលករកម្ពុជាដែលទៅធ្វើការនៅអ៊ីស្រាអែលនឹងកសាងបានកេរ្តិ៍ឈ្មោះល្អ ហើយកិច្ចព្រមព្រៀងទ្វេភាគីនេះនឹងទទួលបានជោគជ័យ»។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការចូលរួមពិនិត្យ និងតាមដានដោយផ្ទាល់ពីគណៈប្រតិភូអ៊ីស្រាអែល បានបង្ហាញពីការទទួលខុសត្រូវរួមរបស់ប្រទេសទាំងពីរក្នុងការធានាភាពជឿជាក់នៃដំណើរការជ្រើសរើស។

លោក ស៊ុន មេសា បានលើកឡើងថា៖ «គោលដៅរបស់ក្រសួង មិនមែនគ្រាន់តែបញ្ជូនពលករឱ្យបានច្រើនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថា បេក្ខជនគ្រប់រូបត្រូវបានវាយតម្លៃតាមសមត្ថភាព និងលក្ខណៈវិនិច្ឆ័យដែលបានកំណត់ដូចគ្នា។ ការចូលរួមតាមដានដោយផ្ទាល់ពីភាគីអ៊ីស្រាអែល គឺជាការបញ្ជាក់បន្ថែមថា ដំណើរការនេះត្រូវបានអនុវត្តដោយតម្លាភាព យុត្តិធម៌ និងវិជ្ជាជីវៈ ដើម្បីការពារផលប្រយោជន៍បេក្ខជន និងកសាងកេរ្តិ៍ឈ្មោះពលករកម្ពុជានៅលើទីផ្សារការងារអន្តរជាតិ»។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «ចំពោះបេក្ខជនដែលនៅមានចម្ងល់ ក្រសួងនៅតែបើកចំហឱ្យស្នើសុំពិនិត្យលទ្ធផល និងភស្តុតាងជាក់ស្តែងឡើងវិញ។ យើងចង់ឱ្យបេក្ខជនទទួលបានការបំភ្លឺច្បាស់លាស់ និងអស់ចិត្តចំពោះលទ្ធផលរបស់ខ្លួន»។

លោក ស៊ុន មេសា ក៏បានបញ្ជាក់ថា ការជាប់តេស្តដំណាក់កាលទី១ មិនទាន់មានន័យថា បេក្ខជនត្រូវបានជ្រើសរើសជាស្ថាពរទៅធ្វើការនៅអ៊ីស្រាអែលនោះទេ។ បេក្ខជននៅត្រូវឆ្លងកាត់ការសម្ភាសផ្ទាល់មាត់ ការជ្រើសរើសដោយភាគីអ៊ីស្រាអែលតាមរយៈអង្គភាព PIBA ការជ្រើសរើស និងផ្គូផ្គងដោយនិយោជក ការពិនិត្យសុខភាព និងឯកសារ ព្រមទាំងការចុះកិច្ចសន្យា ការណែនាំតម្រង់ទិស និងការត្រៀមចេញដំណើរ។

ការវាយតម្លៃជាវិជ្ជមានពីគណៈប្រតិភូអ៊ីស្រាអែលនេះ កើតឡើងស្របពេលដែលប្រទេសទាំងពីរកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើការងារនៅក្រៅប្រទេស ជាពិសេសក្នុងវិស័យកសិកម្ម ដែលនិយោជកអ៊ីស្រាអែលកំពុងមានតម្រូវការកម្លាំងពលកម្ម។

សម្រាប់កម្ពុជា ការពង្រីកទីផ្សារការងារទៅកាន់អ៊ីស្រាអែល មិនត្រឹមតែជួយបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យពលករទទួលបានបទពិសោធន៍អន្តរជាតិ ចំណេះដឹង និងជំនាញបច្ចេកវិទ្យាកសិកម្មទំនើបផងដែរ។

កិច្ចសហប្រតិបត្តិការកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាលនេះ ផ្តោតលើការជ្រើសរើសពលករដោយមានសុវត្ថិភាព របៀបរៀបរយ និងស្របច្បាប់ ដោយធានាថា បេក្ខជនត្រូវបានជ្រើសរើសតាមនីតិវិធីត្រឹមត្រូវ និងទទួលបានការណែនាំត្រៀមខ្លួនមុនពេលចេញដំណើរ។

ការកោតសរសើររបស់គណៈប្រតិភូអ៊ីស្រាអែលចំពោះដំណើរការជ្រើសរើសពលកររបស់កម្ពុជា គឺជាសញ្ញាវិជ្ជមានសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការការងារ និងបង្កើនឱកាសឱ្យពលករកសិកម្មកម្ពុជាកាន់តែច្រើន អាចទទួលបានការងារស្របច្បាប់នៅអ៊ីស្រាអែលនាពេលខាងមុខ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា