ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ហើយសំណុំរឿង ៤៤៦ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ហើយសំណុំរឿង ៤៤៦ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ហើយសំណុំរឿង ៤៤៦ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ក្នុងរយៈពេលមួយ​ឆ្នាំកន្លងទៅនេះ​ សមត្ថកិច្ចកម្ពុជាបានបង្កកថវិកាជាង ៣០០លានដុល្លារអាម៉េរិក នៅក្នុងគណនីធនាគារដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងទ្រព្យសម្បត្តិផ្សេងៗទៀត ដែលកំពុងបន្តនីតិវិធីបង្កក និងវាយតម្លៃតាមផ្លូវច្បាប់។ វិធានការនេះមានគោលដៅកាត់ផ្តាច់លំហូរហិរញ្ញវត្ថុ និងផលប្រយោជន៍ពីសកម្មភាពរបស់បណ្តាញឧក្រិដ្ឋកម្ម។
 
នេះបើយោងតាមរបាយការណ៍ស្តីពីលទ្ធផលប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ចេញផ្សាយនៅថ្ងៃទី២កញ្ញានេះ ដោយលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
 
របាយការណ៍បញ្ជាក់ផងដែរថា សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងសរុប ៤៤៦ករណី ទៅកាន់តុលាការ ពាក់ព័ន្ធនឹងជនត្រូវចោទជិត ៤ពាន់នាក់ រួមមានទាំងមេខ្លោង និងគូកន មកពី ២៩សញ្ជាតិ។ ​
 
ក្រៅពីឧក្រឹដ្ឋជន សមត្ថកិច្ចក៏បានអនុវត្តច្បាប់ចំពោះមន្រ្តីពាក់ព័ន្ធផងដែរ ដោយបានកសាងសំណុំរឿង ៤ករណី ពាក់ព័ន្ធនឹងជនសង្ស័យ ១៥នាក់ ក្នុងនោះមានព្រះរាជអាជ្ញារង អគ្គនាយករងអន្តោប្រវេសន៍ ស្នងការរងនគរបាលរាជធានីភ្នំពេញ អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។
 
យោងតាមរបាយការណ៍ដដែល កម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៨៣២ទីតាំង ដោយបានឈានទៅបើកប្រតិបត្តិការបង្ក្រាបបានចំនួន ៦៦៣ ទីតាំង។ ក្នុងនោះ សមត្ថកិច្ចបានបង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោកទ្រង់ទ្រាយធំចំនួន ៨៦ទីតាំង ហើយកំពុងអនុវត្តនីតិវិធីដើម្បីឈានទៅរឹបអូសតាមច្បាប់។
 
អាជ្ញាធរបញ្ជាក់ថា បច្ចុប្បន្ន មិនមានទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជាទៀតទេ។ ទោះជាយ៉ាងណា សកម្មភាពឆបោកមួយចំនួននៅតែបន្តកើតមាន ប៉ុន្តែបានផ្លាស់ប្តូររូបភាពទៅជាប្រតិបត្តិការខ្នាតតូច និងលាក់លៀម ដោយជនល្មើសធ្វើសកម្មភាពតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ លំនៅឋាន រថយន្ត ឬហាងកាហ្វេជាដើម។
 
ក្នុងប្រតិបត្តិការបោសសម្អាតការឆបោកតាមអនឡាញនេះ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣ម៉ឺននាក់ មកពី ៣៩សញ្ជាតិ។ ទន្ទឹមនេះ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះ និងអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍ជនបរទេសបានចំនួនជាង ២ម៉ឺន ២ពាន់នាក់ មកពី ៣៨ សញ្ជាតិ។
 
ចំពោះវិស័យកាស៊ីណូ សមត្ថកិច្ចបានចាត់វិធានការច្បាប់លើកាស៊ីណូចំនួន ២៧កន្លែង ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានដកហូតអាជ្ញាបណ្ណ ១៨កាស៊ីណូ និងព្យួរអាជ្ញាបណ្ណ ៩កាស៊ីណូ។ អាជ្ញាធរ ក៏កំពុងបន្តត្រួតពិនិត្យ និងចាត់វិធានការតាមច្បាប់ចំពោះទីតាំងពាក់ព័ន្ធនឹងការលេងល្បែងស៊ីសង ឬការភ្នាល់តាមអនឡាញដោយខុសច្បាប់។
 
ទាំងនេះ គឺជាលទ្ធផលនៃប្រតិបត្តិការអនុវត្តច្បាប់នៅលើដីជាក់ស្តែង ដែលសម្រេចបានក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចខិតខំរបស់រាជរដ្ឋាភិបាលនៅតែបន្ត ដើម្បីលុបបំបាត់បទល្មើសនេះឱ្យអស់ពីកម្ពុជា។
 
ជាមួយគ្នានេះ អាជ្ញាធរកម្ពុជាបានអំពាវនាវជាថ្មីដល់សាធារណជន និងភាគីទាំងអស់ឱ្យចូលរួមផ្តល់ព័ត៌មាន ឬតម្រុយអំពីទីតាំងសង្ស័យនានា ដើម្បីឱ្យសមត្ថកិច្ចអាចចាត់វិធានការឆ្លើយតបបានឆាប់រហ័ស និងមានកិច្ចសហការគ្នាល្អ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា