អ៊ុយក្រែន ប្រកាសព្រមានបាញ់មីស៊ីលប៉ះចំយន្តហោះដឹកអ្នកដំណើរទាំងអស់ ដែលបើកឆ្លងកាត់ផ្ទៃមេឃ រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ប្រកាសព្រមានបាញ់មីស៊ីលប៉ះចំយន្តហោះដឹកអ្នកដំណើរទាំងអស់ ដែលបើកឆ្លងកាត់ផ្ទៃមេឃ រុស្ស៊ី

អ៊ុយក្រែន ប្រកាសព្រមានបាញ់មីស៊ីលប៉ះចំយន្តហោះដឹកអ្នកដំណើរទាំងអស់ ដែលបើកឆ្លងកាត់ផ្ទៃមេឃ រុស្ស៊ី

កៀវ ៖ លោកប្រធានាធិបតី Volodymyr Zelensky បានចេញការព្រមានកាលពីថ្ងៃអង្គារថា រាល់យន្តហោះដឹកអ្នកដំណើរទាំងអស់ អាចនឹងត្រូវគ្រាប់មីស៊ីល និង រងការវាយប្រហារពីយន្តហោះដ្រូន អ៊ុយក្រែន នៅពេលហោះដល់ដែនអាកាសរុស្ស៊ី ព្រោះផ្ទៃមេឃទាំងមូលរបស់ប្រទេសមួយនេះបានក្លាយជាតំបន់ដែលមានគ្រោះថ្នាក់បំផុតនាពេលបច្ចុប្បន្ន ។

បើតាម anadolu, លោក Zelensky បានបញ្ជាក់តាមរយៈវីដេអូដែលបង្ហោះលើបណ្តាញសង្គម Telegram ថា ទោះបីជាអាជ្ញាធររុស្ស៊ីមិនបានជូនដំណឹងត្រឹមត្រូវដល់ប្រជាជនរបស់ខ្លួនអំពីរឿងនេះក៏ដោយ ប៉ុន្តែលំហអាកាសរុស្ស៊ីនឹងត្រូវបិទជាស្វ័យប្រវត្តិ ព្រោះថាសង្គ្រាមដែលបង្កឡើងដោយរុស្ស៊ី គឺ កំពុងបិទផ្ទៃមេឃរបស់ខ្លួនឯង ។

យ៉ាងណា លោក Zelensky បញ្ជាក់ថា ទីក្រុងកៀវ មិនដែលតម្រង់ទិសដៅ វាយប្រហារលើអាកាសចរណ៍ស៊ីវិល ឬ យន្តហោះដឹកអ្នកដំណើរធម្មតានោះទេ ។ ប៉ុន្តែលោកបានព្រមានថា វត្តមានដ្រូន និងមីស៊ីលរបស់អ៊ុយក្រែនដែលត្រូវបានបាញ់ជាប្រចាំនៅលំហអាកាសរុស្ស៊ី ក្នុងគោលបំណងការពារខ្លួននោះ កំពុងបង្កើនហានិភ័យកាន់តែខ្លាំង ។

លោកបន្ថែមថា កន្លងមក អ៊ុយក្រែន ធ្លាប់បានយល់ព្រមផ្អាកការវាយប្រហារដោយដ្រូនជាបណ្តោះអាសន្ន តាមការស្នើសុំពីដៃគូអន្តរជាតិ ដើម្បីបង្ហាញពីការគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ប៉ុនប៉ងបញ្ចប់សង្គ្រាម។

ជាក់ស្តែង នៅពេលដែលអាមេរិកបានស្នើឲ្យផ្អាកការវាយប្រហារលើក្រុងម៉ូស្គូ និង ទីក្រុង St. Petersburg កាលពីថ្ងៃទី ២៥, ២៦ និង ២៧ ខែសីហា, ទីក្រុងកៀវបានគោរពតាមការស្នើសុំនេះដោយមិនមានការវាយប្រហារទៅលើរុស្ស៊ីនោះឡើយ។

លោកបន្តថា សុវត្ថិភាពលើផ្ទៃមេឃរុស្ស៊ី នឹងត្រឡប់មកវិញ លុះត្រាតែចលនាពិតប្រាកដឆ្ពោះទៅរកសន្តិភាពបានចាប់ផ្តើម ប៉ុន្តែ សម្រាប់ពេលនេះ ផ្ទៃមេឃលើប្រទេសរុស្ស៊ី គឺសម្រាប់តែដ្រូន និងមីស៊ីលប៉ុណ្ណោះ មិនមែនសម្រាប់អាកាសចរណ៍ស៊ីវិលនោះឡើយ។

យ៉ាងណា លោក Zelensky ក៏បានបន្ថែមថា អ៊ុយក្រែននឹងបន្តគោរពតាមការស្នើសុំពីមហាអំណាចសកល ក្នុងការផ្អាកការវាយប្រហារ ដោយលោកបានសង្កត់ធ្ងន់ថា «យើងតែងតែគាំទ្ររាល់ជំហានឆ្ពោះទៅរកសន្តិភាព ដើម្បីរារាំងមិនឲ្យរុស្ស៊ី រុញដោលសង្គ្រាមមួយនេះក្លាយជាជម្លោះគ្មានទីបញ្ចប់នោះឡើយ»៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា