UN ព្រមានថា ពិភពលោកប្រឈមនឹងឡើងកម្តៅលើស ១.៥ អង្សាសេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN ព្រមានថា ពិភពលោកប្រឈមនឹងឡើងកម្តៅលើស ១.៥ អង្សាសេ

UN ព្រមានថា ពិភពលោកប្រឈមនឹងឡើងកម្តៅលើស ១.៥ អង្សាសេ

អ.ស.ប ៖ អង្គការសហប្រជាជាតិ ហៅកាត់ UN បានព្រមាននៅថ្ងៃ ពុធ នេះថា ពិភពលោកត្រូវប្រឈមមុខនឹងការពិត ដែលថា សីតុណ្ហភាពសកលកំពុងឈានឆ្ពោះទៅរកការកើនឡើងកម្ដៅលើស ១.៥ អង្សាសេ ហើយសហគមន៍អន្តរជាតិត្រូវតែត្រៀមខ្លួនសម្រាប់ការគ្រប់គ្រងស្ថានការណ៍នេះបន្ទាន់។

បើតាម CNA, របាយការណ៍ថ្មីរបស់កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ ហៅកាត់ UNEP បានព្រមានថា ការឆ្លងកាត់ការកើនឡើងកម្តៅលើស ១.៥ អង្សាសេ អាចកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ដូច្នេះ បញ្ហាប្រឈមមិនមែនមានត្រឹមការព្យាយាមជៀសវាងការកើនឡើងកម្តៅលើសកម្រិតនេះទៀតទេ ប៉ុន្តែត្រូវរៀនពីរបៀបកាត់បន្ថយរយៈពេល និងផលប៉ះពាល់នៃការកើនឡើងកម្តៅលើស ១.៥ អង្សាសេ។

ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្រក៏បានទទួលស្គាល់ដែរថា ការកើនឡើងកម្ដៅផែនដីលើស ១.៥ អង្សាសេ នឹងបង្កើនហានិភ័យផ្នែកអាកាសធាតុធ្ងន់ធ្ងរ ។

ក្នុងនោះរួមមាន រលកកម្ដៅ ទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងអាចរុញច្រានប្រព័ន្ធធម្មជាតិមួយចំនួនឱ្យឈានដល់ “ចំណុចវិលត្រឡប់មិនបាន” រួមមានការរលាយផ្ទាំងទឹកកក និងការកើនឡើងកម្ពស់ទឹកសមុទ្រ។

លោក Richard Betts អ្នកវិទ្យាសាស្ត្រ និងជាសហអ្នកនិពន្ធរបាយការណ៍ថ្មីនេះ បានចាត់ទុកការវាយតម្លៃនេះថា ជាការដាស់តឿនឱ្យមើលឃើញការពិត ប៉ុន្តែបានសង្កត់ធ្ងន់ថា មនុស្សជាតិនៅតែអាចធ្វើអ្វីៗជាច្រើន ដើម្បីកាត់បន្ថយការកើនឡើងកម្ដៅលើស ១.៥ អង្សាសេ។

យ៉ាងណា ក្រុមសកម្មជនអាកាសធាតុមួយចំនួនព្រួយបារម្ភថា ការទទួលស្គាល់ថា ពិភពលោកកំពុងប្រឈមមុខនឹងការឆ្លងកាត់ការកើនឡើងកម្តៅលើស ១.៥ អង្សាសេ អាចធ្វើឱ្យប្រទេសនានាបាត់បង់ការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការបំភាយឧស្ម័ន។

ដោយឡែក លោកស្រី Inger Andersen នាយិកាប្រតិបត្តិនៃកម្មវិធី UNEP បញ្ជាក់ថា មិនមានលទ្ធផលល្អឡើយ ប្រសិនបើយើងនៅតែរក្សាការកើនឡើងកម្តៅលើស ១.៥ អង្សាសេ ហើយគោលដៅកាត់បន្ថយកម្រិតនេះ នៅតែមានសារៈសំខាន់។

ចំណែកលោក António Guterres អគ្គលេខាធិការ UN អះអាងថា ការកើនឡើងកម្តៅភពផែនដី អាចត្រូវបានទាញទម្លាក់នៅក្រោម ១.៥ អង្សាសេវិញនៅចុងសតវត្សរ៍នេះ ប្រសិនបើពិភពលោកអនុវត្តវិធានការទប់ស្កាត់ឱ្យកាន់តែខ្លាំងក្លាជាងមុន។

រីឯកម្មវិធី UNEP បានសង្កត់ធ្ងន់ថា ការសម្រេចគោលដៅនេះ តម្រូវឱ្យមានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងឆាប់រហ័ស ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាចាប់យក និងដកឧស្ម័នកាបូនឌីអុកស៊ីតចេញពីបរិយាកាស។

យោងតាម Economic Times, ពិភពលោកធ្លាប់បានឆ្លងកាត់ការកើនឡើងកម្ដៅប្រហែល ១.៤ អង្សាសេរួចហើយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៨៥០ ដល់ ១៩០០ ភាគច្រើនបណ្តាលមកពីការដុតឥន្ធនៈហ្វូស៊ីល ហើយ៣ឆ្នាំចុងក្រោយនេះ គឺជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រា៕

ប្រភព ៖ CNA និង Economic Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា