អាមេរិកបដិសេធថា ខ្លួនមិនបានលួចយកប្រេងវេណេស៊ុយអេឡាដូចការចោទ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកបដិសេធថា ខ្លួនមិនបានលួចយកប្រេងវេណេស៊ុយអេឡាដូចការចោទ

អាមេរិកបដិសេធថា ខ្លួនមិនបានលួចយកប្រេងវេណេស៊ុយអេឡាដូចការចោទ

ការ៉ាកាស ៖ សហរដ្ឋអាមេរិកបានថ្លែងបដិសេធការចោទប្រកាន់ដែលថា ខ្លួនលួចប្រេងរបស់ប្រទេសវេណេស៊ុយអេឡា ខណៈរដ្ឋមន្ត្រីថាមពល ទីក្រុងវ៉ាស៊ីនតោន អះអាងពីផលប្រយោជន៍រួម។

លោក Chris Wright រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានច្រានចោលការអះអាងដែលថា ទីក្រុងវ៉ាស៊ីនតោនកំពុង “លួចប្រេងកាតរបស់ប្រទេសវេណេស៊ុយអេឡា” បន្ទាប់ពីប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានយល់ព្រមផ្តល់សិទ្ធិចូលប្រមូលផលប្រយោជន៍លើធនធានធម្មជាតិដ៏មហាសាលរបស់ខ្លួនទៅឱ្យសហរដ្ឋអាមេរិក។

នៅក្នុងការថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន AFP និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង ការ៉ាកាស, លោក Wright ដែលបានធ្វើដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡា ដើម្បីមើលការខុសត្រូវលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពលជាច្រើនដែលមានតម្លៃរាប់ពាន់លានដុល្លារ បានព្យាយាមបន្ធូរបន្ថយការរិះគន់ជុំវិញបញ្ហានេះ។

តាមរយៈកិច្ចព្រមព្រៀងនេះ, សហរដ្ឋអាមេរិកនឹងគ្រប់គ្រងភាគច្រើនលើប្រេងកាតជាង ៦៥ ប៊ីលានបារ៉ែល ឬ ប្រហែលជិត ២០ ភាគរយ នៃប្រេងកាតសរុបរបស់វេណេស៊ុយអេឡា ជាប្រទេសដែលគេអះអាងថា មានទុនបម្រុងប្រេងធំបំផុត នៅលើពិភពលោក។

ជាការឆ្លើយតប រដ្ឋាភិបាលទីក្រុងការ៉ាកាស បានព្យាករណ៍ថា នឹងទទួលបានប្រាក់ចំណូលប្រមាណ ២០៩ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ ពីកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយនេះ។
លោក Wright បានមានប្រសាសន៍ថា «ខ្ញុំបានឃើញចំណងជើងព័ត៌មានទាំងនោះ ដែលចោទថា យើងកំពុងលួចប្រេងកាតវេណេស៊ុយអេឡា។ ពិតណាស់ រឿងនោះមិនមែនជាការពិតទាល់តែសោះ»។

លោកបានបន្ថែមថា ប្រេងកាតនៅតែជាកម្មសិទ្ធិស្របច្បាប់របស់ប្រជាជនវេណេស៊ុយអេឡាដដែល។

លោកបានពន្យល់បន្ថែមថា«ក្រុមហ៊ុនឯកជនគឺជាអ្នកនាំយកថវិកាមកវិនិយោគដើម្បីផលិតប្រេង ប៉ុន្តែផលប្រយោជន៍ ថ្លៃ សិទ្ធិ និងពន្ធដារទាំងអស់ គឺត្រូវបានផ្ទេរទៅឱ្យរដ្ឋាភិបាល និងប្រជាជនវេណេស៊ុយអេឡា។ អ្វីដែលយើងកំពុងធ្វើ គឺគ្រាន់តែទាញយកទ្រព្យសម្បត្តិក្រោមដីដែលទុកចោល អត់បានការ មកអភិវឌ្ឍដោយប្រើប្រាស់ដើមទុន និងបច្ចេកវិទ្យាប៉ុណ្ណោះ»។

គួររម្លឹកថា កងកម្លាំងសហរដ្ឋអាមេរិកបានបង្ខំបណ្តេញប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduro កាលពីខែមករា ហើយអតីតអនុប្រធានាធិបតីរបស់លោក Maduro គឺលោកស្រី Delcy Rodriguez បានគ្រប់គ្រងលើមូលដ្ឋានបណ្តោះអាសន្ន ចាប់តាំងពីពេលនោះមក៕

ប្រភព ៖ AFP, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា