ក្រសួងទេសចរណ៍គ្រោងរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្តក្នុងព្រៃតំបន់អង្គរ នាបាតុភូតសមរាត្រី​នារដូវកាលបៃតង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងទេសចរណ៍គ្រោងរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្តក្នុងព្រៃតំបន់អង្គរ នាបាតុភូតសមរាត្រី​នារដូវកាលបៃតង

ក្រសួងទេសចរណ៍គ្រោងរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្តក្នុងព្រៃតំបន់អង្គរ នាបាតុភូតសមរាត្រី​នារដូវកាលបៃតង

ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ-​អង្គភាពពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ក្នុងព្រៃ​តំបន់អង្គរ​ចម្ងាយ ១២គីឡូម៉ែត្រ ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់​ទេសចរណ៍ ទស្សនាសមរាត្រីក្នុងតំបន់អង្គរនារដូវ​កាល​បៃតង» នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ដោយគ្រោងទទួលអ្នក​ចូលរួមចំនួន ១ពាន់នាក់ ដោយឥតគិតថ្លៃ។

ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួង​ទេសចរណ៍​បានប្រាប់បណ្តាញព័ត៌មាន AMS កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោម​គំនិតផ្តួចផ្តើម​របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ក្នុងគោលបំណង​ផ្សព្វផ្សាយអច្ឆរិយភាពអង្គរដោយ ផ្សារភ្ជាប់សកម្មភាពកីឡាជាមួយ​តំបន់បេតិកភណ្ឌ​វប្បធម៌ និងធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ឱ្យមកទស្សនាបាតុភូតធម្មជាតិដ៏អស្ចារ្យ «សមរាត្រី» ឬ ព្រះអាទិត្យ​រះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ដែលនឹងកើតឡើងពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា។

បើតាមឯកឧត្តមរដ្ឋលេខាធិការ ការបង្កឱកាសដល់អ្នកចូលរួមបាន​ជិះកង់ផ្សងព្រេងកាត់ព្រៃធម្មជាតិ ឆ្លងកាត់កំពែងប្រាសាទ​បុរាណ ទស្សនាប្រាសាទលាក់ខ្លួន និងគយគន់សម្រស់ធម្មជាតិដ៏ស្រស់​បំព្រង​នារដូវកាលបៃតង និង ជួយជំរុញចរន្តសេដ្ឋកិច្ច​ក្នុងខេត្តសៀមរាប និងលើកកម្ពស់រូបភាពទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកក៏ស្ថិតនៅក្នុងគោលបំណងរៀប​ចំ​ព្រឹត្តការណ៍នេះដែរ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា បន្ថែមពីលើព្រឹត្តិការណ៍ជិះកង់នាថ្ងៃ​ទី២០ ខែកញ្ញា នៅថ្ងៃទី២១ ខែកញ្ញា ក៏មានព្រឹត្តិការណ៍រត់​ប្រណាំង​មួយទៀត ដែលចេញដំណើរពីមុខសាលាខេត្តសៀមរាប ឆ្ពោះទៅ​កាន់ប្រាសាទអង្គរវត្ត ដើម្បីទស្សនាសមរាត្រីផងដែរ។

ជាមួយគ្នានេះក្រសួងទេសចរណ៍បានអំពាវនាវដល់សាធារណជន និងភ្ញៀវទេសចរទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់នេះឱ្យ​បានច្រើនកុះករ ដោយពុំមានការបង់ប្រាក់ឡើយ។

សូមជម្រាបថា បាតុភូតសមរាត្រី (Equinox) នៅប្រាសាទអង្គរវត្ត កើតឡើងតែ ២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ គឺលើកទី១ នៅចន្លោះ​ថ្ងៃទី២០-២២ ខែមីនា និងលើកទី២ នៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា៕


អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា