ចិន សរសើរកម្ពុជា ដែលយកចិត្តទុកដាក់ និងដោះស្រាយទាន់ពេលវេលារាល់បញ្ហាប្រឈមចំពោះអ្នកវិនិយោគចិននៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន សរសើរកម្ពុជា ដែលយកចិត្តទុកដាក់ និងដោះស្រាយទាន់ពេលវេលារាល់បញ្ហាប្រឈមចំពោះអ្នកវិនិយោគចិននៅកម្ពុជា

ចិន សរសើរកម្ពុជា ដែលយកចិត្តទុកដាក់ និងដោះស្រាយទាន់ពេលវេលារាល់បញ្ហាប្រឈមចំពោះអ្នកវិនិយោគចិននៅកម្ពុជា

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះការយកចិត្តទុកដាក់ក្នុងការដោះស្រាយបានទាន់ពេលវេលាចំពោះបញ្ហាប្រឈមនានា ដែលអ្នកវិនិយោគចិននៅកម្ពុជា បានចួបប្រទះ។
 
លោក Wang Wenbin បានកត់សម្គាល់ឃើញថា រាល់សំណូមពរ និងបញ្ហាប្រឈមមួយចំនួនធំ ដែលវិស័យឯកជនចិនបានលើកឡើង ត្រូវបានយកចិត្តទុកដាក់ដោះស្រាយបានទាន់ពេលវេលា ដោយភាពសមស្រប និងមានប្រសិទ្ធភាពខ្ពស់។ លោកយល់ថា កាយវិការនេះឆ្លុះបង្ហាញឱ្យឃើញពីតម្លៃយ៉ាងធំធេង នៃការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំគាំទ្រការវិនិយោគពីវិស័យឯកជន។
 
លោកឯកអគ្គរាជទូតបានលើកឡើងដូច្នេះ នៅចំពោះមុខលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំឡុងកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។
 
កិច្ចសន្ទនានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច កសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចចិន សំដៅជំរុញឱ្យមានការពង្រីកវិសាលភាពវិនិយោគបន្ថែម និងទាក់ទាញការវិនិយោគថ្មីៗ ទៀតមកកម្ពុជា។
 
ក្នុងកិច្ចសន្ទនាខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ជាថ្មីអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដើម្បីធានាបាននូវបរិយាកាសធុរកិច្ចប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។
 
លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីលទ្ធផលវិជ្ជមានដែលទទួលបានពីបេសកកម្មគោះទ្វារ​    វិនិយោគនៅតាមបណ្តាប្រទេសនានាកន្លងមក ព្រមទាំងបានគូសបញ្ជាក់អំពីផែនការក្នុងការដឹកនាំគណៈប្រតិភូ ទៅបំពេញបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញការវិនិយោគនៅសាធារណរដ្ឋប្រជាមានិត ក្នុងពេលឆាប់ៗ ខាងមុខ ដើម្បីបន្តកៀរគរទុនវិនិយោគបន្ថែម និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។
 
កម្ពុជា-ចិន បានចាត់ទុក «កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន» មិនត្រឹមតែជាយន្តការពិគ្រោះយោបល់ និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែ គឺជាស្ពានចម្លងយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាពដែកថែប និងពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិន ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ។
 
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា។ ជាក់ស្ដែង នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបានជាង ១៣,៦ពាន់លានដុល្លារ កើនឡើងជិត ២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា