ឯកឧត្តម ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេ្ទសក៍ ដ៏ពូកែដើម្បី​បង្ហាញ​សមិទ្ធផល​របស់រាជរដ្ឋាភិបាលឱ្យដិតក្នុង​អារម្មណ៍​ប្រជាពលរដ្ឋ​ជានិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេ្ទសក៍ ដ៏ពូកែដើម្បី​បង្ហាញ​សមិទ្ធផល​របស់រាជរដ្ឋាភិបាលឱ្យដិតក្នុង​អារម្មណ៍​ប្រជាពលរដ្ឋ​ជានិច្ច

ឯកឧត្តម ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេ្ទសក៍ ដ៏ពូកែដើម្បី​បង្ហាញ​សមិទ្ធផល​របស់រាជរដ្ឋាភិបាលឱ្យដិតក្នុង​អារម្មណ៍​ប្រជាពលរដ្ឋ​ជានិច្ច

កែប៖ «កែបគឺជាខេត្តទេសចរណ៍ដ៏ច្រឡឹង និងដ៏មានសក្តានុពល ជាខេត្តមួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំងបួនរបស់​កម្ពុជា ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងជារបៀងសេដ្ឋកិច្ចប្រទាក់​ក្រឡាគ្នាដ៏សំខាន់។ ដូច្នេះ យើងមិនត្រូវបណ្តោយ​ឱ្យសក្តានុពលនិង​ភាពល្បីល្បាញនេះត្រូវបានគេមើលរំលងឬត្រូវគេបំភ្លៃ វាយប្រហារ ដោយសាររឿងរ៉ាវបន្តិចបន្តួចដែលកើត​ឡើងនោះឡើយ»។ នេះជា​ការគូស​បញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី និងជាប្រធានអង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាស​អញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាព​ការងារ​នាំពាក្យនិង​ព័ត៌មាន» នៅសាលាខេត្តកែប កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ដើម្បីឱ្យ សក្តានុពលនិងសមិទ្ធផល​ទាំងឡាយដែលកើតឡើងក្រោមម្លប់សុខសន្តិភាព ដក់ជាប់ក្នុង​អារម្មណ៍​របស់ប្រជាពលរដ្ឋ យើងត្រូវដើរតួនាទីជាមគ្គុទេ្ទសក៍(Guide) ប្រកបដោយទេពកោសល្យក្នុង​ការផ្សព្វផ្សាយ​ផលិតផលរបស់យើង​ឱ្យប្រជាពលរដ្ឋបានជ្រាបផង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគផង។

បើតាមឯកឧត្តម ប៉ែន បូណា ក្រុមការងារព័ត៌មាន និងនាំពាក្យរបស់​រដ្ឋបាល​ខេត្ត និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការងារនេះឱ្យបានសកម្ម និងឥតឈប់ឈរ និងដោយមធ្យោបាយវៃឆ្លាតក្នុងស្មារតីបុរេសកម្ម​ជានិច្ច។

ឯកឧត្តមបន្តថា ទន្ទឹមនឹងបុរេសកម្ម ក្រុមការងារព័ត៌មាននិងនាំពាក្យ​ទាំងអស់ក៏ត្រូវតែរហ័សរហួន ក្នុងការឆ្លើយតបឱ្យទាន់ពេល​វេលា​នូវ​ព័ត៌មានក្លែងក្លាយ ព័ត៌មានបំផ្លើសបំភ្លៃនានាឱ្យទាន់ពេលវេលា ដើម្បីកុំ​ឱ្យ​ព័ត៌មានទាំងនោះមកបំផ្លាញសមិទ្ធផល​នានាដែលអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលបានខិតខំកសាងឡើងយ៉ាងលំបាកនោះបានឡើយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល សង្កត់ធ្ងន់ថា នៅក្នុងយុគសម័យឌីជីថល ព័ត៌មានក្លែងក្លាយមានឥទ្ធិពលអាចធ្វើឱ្យមហាជនមានការភាន់ច្រឡំយ៉ាងងាយ ពោលគឺ «គេអាចប្រែក្លាយសឱ្យទៅជាខ្មៅ» ត្រឹមមួយ​ប៉ប្រិចភ្នែក ហើយអាចទម្លាក់កំហុស និងបំផ្លាញស្នាដៃរបស់មន្ត្រី​អាជ្ញាធរ ដែលខិតខំធ្វើការ​បម្រើជាតិជាយូរឆ្នាំ ឱ្យទៅជាមនុស្ស​អាក្រក់ក្នុងភ្នែកមហាជនលើបណ្តាញសង្គមបានយ៉ាងងាយ។ នេះជាអ្វីដែល​ពួកយើងត្រូវយកចិត្តទុកដាក់ដើម្បីការពារសមិទ្ធផល​ដ៏ធំធេងរបស់រាជរដ្ឋាភិបាលឱ្យបាន និងខិតខំធ្វើការបម្រើប្រជាពលរដ្ឋ​កាន់តែទ្វេឡើងថែមទៀត ស្របតាមការចង់បានរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃយើង។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី​ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងការថ្លែងសុន្ទរកថា​ស្វាគមន៍ពីឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ​អភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពីលោក លោកស្រីជា​មន្ត្រី​រាជការ​នៃអង្គភាពចំណុះរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង​ប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធនឹង​ការងារព័ត៌មាន និងសាធារណមតិ សរុបចំនួន ២៥៥នាក់៕
ដោយ៖ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា