ពលរដ្ឋម្នាក់មកប្តឹងដល់ក្រសួងយុត្តិធម៌ ដោយចោទនគរបាល និងមន្រ្តីតុលាការខេត្តស្ទឹងត្រែងថាចាប់គាត់ទៅឃុំឃាំង១ឆ្នាំដោយភាន់ច្រឡំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋម្នាក់មកប្តឹងដល់ក្រសួងយុត្តិធម៌ ដោយចោទនគរបាល និងមន្រ្តីតុលាការខេត្តស្ទឹងត្រែងថាចាប់គាត់ទៅឃុំឃាំង១ឆ្នាំដោយភាន់ច្រឡំ​

ពលរដ្ឋម្នាក់មកប្តឹងដល់ក្រសួងយុត្តិធម៌ ដោយចោទនគរបាល និងមន្រ្តីតុលាការខេត្តស្ទឹងត្រែងថាចាប់គាត់ទៅឃុំឃាំង១ឆ្នាំដោយភាន់ច្រឡំ​

ប្រជាពលរដ្ឋខ្មែរ-ឥស្លាមនៅខេត្តស្ទឹងត្រែងម្នាក់បានដាក់ពាក្យបណ្ដឹងនៅក្រសួងយុតិ្តធម៌ដើម្បីសុំ​កិច្ចអន្តរាគមន៍ស្វែងរកយុត្តិធម៌ឡើងវិញ ដោយអះអាងថា រូបគេត្រូវមន្រ្តីនគរបាលយុត្តិធម៌ និងមន្រ្តីតុលាការខេត្តស្ទឹងត្រែង ចាប់និងឃុំខ្លួនច្រឡំរយៈពេល ១ឆ្នាំ។
 
ឯកឧត្តម ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុតិ្តធម៌ បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦នេះថា ក្រសួងបានទទួលជ្រាប និងកំពុងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ចំពោះករណីដែលកើតឡើងនៅសាលាដំបូងខេត្តស្ទឹងត្រែងនេះ។
 
អ្នកនាំពាក្យក្រសួងយុតិ្តធម៌បញ្ជាក់ថា បានឃើញសេចក្តីប្រកាសព័ត៌មានបំភ្លឺរបស់លោកអ្នកនាំពាក្យសា​លាដំបូងខេត្តស្ទឹងត្រែង និងបានឃើញនូវពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋដែលបានដាក់ចូលមកកាន់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមរួចហើយ។
 
ករណីនេះ ឯកឧត្តម ឯម ច័ន្ទមករា គូសបញ្ជាក់ថា ក្រសួងកំពុងធ្វើចំណាត់ការផ្ទៃក្នុងតាមនីតិវិធី និងសមត្ថកិច្ច ដើម្បីធានាភាពយុត្តិធម៌ពិតប្រាកដ ហើយករណីនេះចាំបាច់ត្រូវឆ្លងកាត់ការអង្កេតស្រាវជ្រាវយ៉ាងល្អិតល្អន់ និងឯករាជ្យ ដោយយន្តការមានសមត្ថកិច្ច ជាពិសេសក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលជាស្ថាប័នមានសមត្ថកិច្ចផ្ទាល់ក្នុងការពិនិត្យមើលភាពត្រឹមត្រូវ ឬភាពមិនប្រក្រតីនៃការអនុវត្តនីតិវិធីរបស់ចៅក្រម និងព្រះរាជអាជ្ញា។
 
ជាមួយគ្នានេះ ឯកឧត្តមបញ្ជាក់ថា ក្រសួងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិតវ៉ាតាមផ្លូវច្បាប់ដូចករណីខាងលើនេះផងដែរ។
 
សូមបញ្ជាក់ថា ពលរដ្ឋខ្មែរ-ឥស្លាមដែលបានដាក់ពាក្យបណ្ដឹងនេះ មានឈ្មោះថា​ ស្លេះ​ ហ្វឺត​ រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ក្នុងពាក្យបណ្ដឹងនោះ លោក ​ស្លេះ​ ហ្វឺត បានបញ្ជាក់ថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានចាប់ខ្លួនលោក ដោយចោទថាបានកាប់រុករានដីព្រៃដោយខុសច្បាប់ធ្វើជាកម្មសិទ្ធិនៅឧទ្យាណជាតិវ៉ើនសៃ-សៀមប៉ាង។
 
ប៉ុន្តែការចាប់ខ្លួននៅពេលនោះ ត្រូវបានលោក និងក្រុមគ្រួសាបដិសេធថាមិនមែនជាឈ្មោះរបស់លោកនៅក្នុងដីកាចាប់ខ្លួនទេ។ នៅក្នុងដីកា​ គឺសរសេរឈ្មោះ ស្លេះ វ៉ើត មិនមែន ស្លេះ ហ្វឺត ឡើយ ប៉ុន្តែការបដិសេធនេះ មិនត្រូវបាននគរបាល និងមន្រ្តីតុលាការខេត្តស្ទឹងត្រែងស្ដាប់ឡើយ បែរជាឲ្យបញ្ជូនទៅឃុំខ្លួនទៅវិញ។
 
ពលរដ្ឋខ្មែរ-ឥស្លាមខាងលើនេះបានសំណូមពរឲ្យក្រសួងយុត្តិធម៌ពិនិត្យ និងធ្វើអធិការកិច្ចលើសំណុំរឿងនេះ ដើម្បីផ្តល់យុត្តិធម៌ឲ្យពួកលោកឡើងវិញ។ កាលពីថ្ងៃទី១កញ្ញា អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង​បានចេញមកបដិសេធការចោទប្រកាន់ទាំងនេះរួចហើយ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា