ក្រសួងចំនួន២ ជំរុញឲ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធងាកមកចុះបញ្ជីក្នុងប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ និងឱកាសថ្មីៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងចំនួន២ ជំរុញឲ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធងាកមកចុះបញ្ជីក្នុងប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ និងឱកាសថ្មីៗ

ក្រសួងចំនួន២ ជំរុញឲ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធងាកមកចុះបញ្ជីក្នុងប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ និងឱកាសថ្មីៗ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងទេសចរណ៍ បានជំរុញ និងលើកទឹកចិត្តដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យងាកមកចុះឈ្មោះនៅក្នុងប្រព័ន្ធវិញ ដើម្បីទទួលបានការលើកទឹកចិត្ត និងការថែបំប៉នផ្សេងៗពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។
 
អត្ថប្រយោជន៍ដែលអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបាននាពេលបច្ចុប្បន្ន រួមមាន៖ ការស្នើចូលជាសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍, បណ្ណជំនាញតម្លៃ ១៥០ដុល្លារ, បណ្ណជំនួយសម្រាប់ដំណោះស្រាយឌីជីថលតម្លៃ ១លានរៀល, កញ្ចប់ធានារ៉ាប់រង, សេវាឌីជីថលសម្រាប់ការលក់ និងគ្រប់គ្រងអាជីវកម្ម, ការបណ្តុះបណ្តាលជំនាញគ្រប់គ្រងហិរញ្ញវត្ថុ សហគ្រិនភាព និងជំនាញឌីជីថល។
 
យោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សំណើចុះឈ្មោះចំនួនជាង ៤៦ម៉ឺន ៥ពាន់លើថ្នាលឌីជីថល ត្រូវបានអនុម័តដោយផ្តល់វិញ្ញាបនបត្រឌីជីថលជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្រាប់ប្រើប្រាស់ដើម្បីស្នើសុំអត្ថប្រយោជន៍នានា។
 
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានគូសបញ្ជាក់ថា ការចុះឈ្មោះមិនមែនគ្រាន់តែដើម្បីទទួលបានវិញ្ញាបនបត្រប៉ុណ្ណោះទេ ប៉ុន្តែជាការបើកច្រកទៅរកអត្ថប្រយោជន៍ និងឱកាសថ្មីៗ សម្រាប់ការរីកចម្រើន។ ទោះបីយ៉ាងណា ឯកឧត្តមបានសង្កត់ធ្ងន់ថា ការចុះឈ្មោះបានសម្រេចមិនមានន័យថានឹងទទួលបានអត្ថប្រយោជន៍ដោយស្វ័យប្រវត្តិទេ តែអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវស្នើសុំអត្ថប្រយោជន៍នីមួយៗទៅតាមលក្ខខណ្ឌកំណត់។
 
រាជរដ្ឋាភិបាលបានដាក់ចេញ និងជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដោយបង្កលក្ខណៈឱ្យអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពចូលរួម និងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ព្រមទាំងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១លាន ៥សែននាក់នៅទូទាំងប្រទេស។
 
គិតត្រឹមខែសីហា ឆ្នាំ២០២៦ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាមានសរុបចំនួន ៦​លាន ២សែននាក់ ក្នុងនោះនៅក្នុងវិស័យទេសចរណ៍មានចំនួន ៣លាន ៤សែននាក់៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា