ចិន រកឃើញកំណប់រ៉ែមាស និងទង់ដែង ១ លាន ២០០ តោន មានតម្លៃជាង ៤៥ ពាន់លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន រកឃើញកំណប់រ៉ែមាស និងទង់ដែង ១ លាន ២០០ តោន មានតម្លៃជាង ៤៥ ពាន់លានដុល្លារ

ចិន រកឃើញកំណប់រ៉ែមាស និងទង់ដែង ១ លាន ២០០ តោន មានតម្លៃជាង ៤៥ ពាន់លានដុល្លារ

ប៉េកាំង ៖ ប្រទេសចិនកាលពីថ្ងៃអង្គារបានប្រកាសពីការរកឃើញកំណប់រ៉ែទង់ដែងជាង ១ លានតោន និងមាសចំនួន ២០០ តោន ដោយគិតជាទឹកប្រាក់មានតម្លៃជាង ៤៥ ពាន់លានដុល្លារ ។ នេះបើតាមការបញ្ជាក់ពីក្រសួងធនធានធម្មជាតិចិន ។

ប្រភពដដែលបញ្ជាក់ថា តំបន់រ៉ែកម្រមួយនេះមានឈ្មោះថា Chating ស្ថិតនៅក្នុងខេត្ត Anhui ភាគកណ្តាលនៃប្រទេសចិន ។ វាមានបណ្តោយប្រហែល ១.២ គីឡូម៉ែត្រ និង ទទឹង ១.១ គីឡូម៉ែត្រ ។

សមិទ្ធផលដ៏សំខាន់នេះត្រូវបានសម្រេច ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ហើយវាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថា ប្រទេសចិនមានតម្រូវការទង់ដែងខ្ពស់ និងនៅតែពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ពីខាងក្រៅ ប៉ុន្តែការរកឃើញប្រភពរ៉ែ Chating នៅក្នុងខេត្ត Anhui លើកនេះ បង្ហាញថា ប្រទេសចិននៅតែមានសក្តានុពលយ៉ាងខ្លាំងក្នុងការរុករករ៉ែក្នុងស្រុក។

បើតាម South China morning post, ទង់ដែង គឺជាវត្ថុធាតុមិនអាចខ្វះបាន សម្រាប់បណ្តាញចែកចាយអគ្គិសនី, យានយន្តអគ្គិសនី, ថាមពលកកើតឡើងវិញ និង មជ្ឈមណ្ឌលទិន្នន័យសម្រាប់បច្ចេកវិទ្យា AI ។

ចំណែកមាសត្រូវបានប្រើប្រាស់ នៅក្នុងឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ និង អាកាសចរណ៍ ខណៈដែលតួនាទីរបស់មាសក្នុងនាមជាទ្រព្យសកម្មសម្រាប់ទុនបម្រុង និងសុវត្ថិភាពក្នុងការវិនិយោគ បានទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីធនាគារកណ្តាលរបស់ប្រទេសនានា ចំពេលដែលមានភាពមិនច្បាស់លាស់ ផ្នែកសេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយ ។

បើតាម Seoul Economic Daily, កំណប់រ៉ែមាស និងទង់ដែងដែលចិនរកឃើញទាំង ១ លាន ២០០តោននេះ អាចមានតម្លៃសរុប ប្រមាណ ៤៥ ពាន់ ៧៣0 លានដុល្លារ ។

ក្នុងនោះ រ៉ែទង់ដែង ១ លានតោន ស្មើនឹងតម្លៃសរុប ១២ ពាន់ ២៩០ លានដុល្លារ ខណៈ ១ តោន មានតម្លៃ ប្រហែល ១ ម៉ឺន ៤ ពាន់ ២៩៤ ដុល្លារ ។

រីឯ មាសទម្ងន់ ២០០ តោន ស្មើនឹងជាង ៧ លានអោន ដែលមានតម្លៃសរុប ៣១ ពាន់ ៤៤០ លានដុល្លារ បើធៀបនឹងតម្លៃ ៤ ពាន់ ៤៣០ ដុល្លារ នៅក្នុង ១ អោន ៕

ប្រភព ៖ South China morning post_Seoul Economic Daily ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា