អនុប្រធានាធិបតីអាមេរិកថា ជម្លោះជាមួយអ៊ីរ៉ង់មិនមែនជា «សង្គ្រាម» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អនុប្រធានាធិបតីអាមេរិកថា ជម្លោះជាមួយអ៊ីរ៉ង់មិនមែនជា «សង្គ្រាម»

អនុប្រធានាធិបតីអាមេរិកថា ជម្លោះជាមួយអ៊ីរ៉ង់មិនមែនជា «សង្គ្រាម»

វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនចាត់ទុកជម្លោះជាមួយប្រទេសអ៊ីរ៉ង់ថាជា «សង្គ្រាម» នោះទេ បើទោះបីជាការប៉ះទង្គិចគ្នារវាងភាគីទាំងពីរនៅតែបន្តកើតមាន បន្ទាប់ពីជម្លោះនេះបានអូសបន្លាយអស់រយៈពេល ៦ ខែមកហើយក៏ដោយ។

ការលើកឡើងរបស់លោក Vance បានធ្វើឡើងចំពេលដែលមានសញ្ញាកាន់តែច្បាស់ថា ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងព្យាយាមបញ្ចប់ជម្លោះ ដែលជាបន្ទុកដល់រដ្ឋបាលរបស់លោក។

លោក Vance បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន នៅពេលត្រូវបានសួរថា តើសង្គ្រាមនេះនឹងត្រូវបញ្ចប់មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅអាមេរិកនាខែវិច្ឆិកាដែរឬទេថា «ខ្ញុំមិនហៅវាថាសង្គ្រាមនោះទេ។ នៅពេលនេះ មិនមានការបាញ់ប្រហារសកម្មឡើយ»។

លោក Vance បានបន្ថែមថា លោកទទួលស្គាល់ថា មានតំបន់មួយចំនួនដែលជម្លោះនេះបានផ្ទុះឡើង ប៉ុន្តែប្រតិបត្តិការប្រយុទ្ធធំៗមានរយៈពេលត្រឹមតែ ៦ សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានចាប់ផ្តើម នៅថ្ងៃទី ២៨ ខែកុម្ភៈ។

លោកបានបញ្ជាក់ទៀតថា «ប៉ុន្តែនៅពេលអ្នកសួរថា តើរឿងនេះនឹងបញ្ចប់នៅពេលណា អ្នកត្រូវសួរសំណួរមកខ្ញុំ ដូចជា តើនៅពេលណាដែលអ៊ីរ៉ង់នឹងឈប់បាញ់ប្រហារលើនាវា? ខ្ញុំគិតថា ការពិតគឺខ្ញុំមិនដឹងចម្លើយចំពោះសំណួរនោះទេ។ អ្នកត្រូវតែទៅសួរអ៊ីរ៉ង់»។

បន្ទាប់ពីភាពស្ងប់ស្ងាត់អស់រយៈពេលប៉ុន្មានសប្តាហ៍ ការប៉ះទង្គិចគ្នាសារជាថ្មីបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់អាមេរិកកាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យស្ថានការណ៍ជម្លោះកាន់តែទ័លច្រក ខណៈដែលអ៊ីរ៉ង់នៅតែបន្តគ្រប់គ្រង និងបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវពាណិជ្ជកម្មយុទ្ធសាស្ត្រដ៏សំខាន់។

លោក Vance បានបញ្ជាក់យ៉ាងមុតមាំថា សហរដ្ឋអាមេរិកនឹងមិនបើកការចរចាឡើងវិញជាមួយអ៊ីរ៉ង់នោះឡើយ រហូតទាល់តែប្រទេសនេះបញ្ឈប់ការវាយប្រហារលើនាវាពាណិជ្ជកម្ម។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើងកំពុងគំរាមកំហែងដល់អាសនៈរបស់គណបក្សសាធារណរដ្ឋនៅក្នុងសភាសម្រាប់ការបោះឆ្នោតខាងមុខ រដ្ឋបាលរបស់លោក ត្រាំ បានចាប់ផ្តើមរញ៉េរញ៉ៃក្នុងការបញ្ជូនសារថា លំហូរប្រេងតាមច្រកសមុទ្រនេះកំពុងចាប់ផ្តើមត្រឡប់ទៅរកកម្រិតដើមដូចមុនពេលកើតសង្គ្រាមវិញហើយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា