គម្រោង និងក្រុមហ៊ុនចំនួន ៣ ពាក់ព័ន្ធនឹងកម្ពុជា ទទួលបានពានរង្វាន់សំណង់អន្តរជាតិរបស់ជប៉ុន លើកទី៩ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោង និងក្រុមហ៊ុនចំនួន ៣ ពាក់ព័ន្ធនឹងកម្ពុជា ទទួលបានពានរង្វាន់សំណង់អន្តរជាតិរបស់ជប៉ុន លើកទី៩

គម្រោង និងក្រុមហ៊ុនចំនួន ៣ ពាក់ព័ន្ធនឹងកម្ពុជា ទទួលបានពានរង្វាន់សំណង់អន្តរជាតិរបស់ជប៉ុន លើកទី៩

គម្រោងអភិវឌ្ឍប្រព័ន្ធលូទឹកកខ្វក់នៅភ្នំពេញ, គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ និងក្រុមហ៊ុន SPEC Company Limited ជាប្រភេទសហគ្រាសធុនតូច និងមធ្យម ទទួលបានពានរង្វាន់ក្នុងកម្មវិធីប្រគល់ពាន់រង្វាន់សំណង់អន្តរជាតិរបស់ជប៉ុន លើកទី៩។ នេះបើតាមឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។
 
កម្មពិធីប្រគល់ពាន់រង្វាន់នេះបានប្រារព្ធឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានផ្តល់ការទទួលស្គាល់ដល់គម្រោងសំណង់ និងក្រុមហ៊ុនឆ្នើម ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
 
សម្រាប់ឯកឧត្តម ជុំ សុន្ទរី ពានរង្វាន់ទាំងនេះ មិនត្រឹមតែជាការទទួលស្គាល់ចំពោះឧត្តមភាពផ្នែកបច្ចេកទេស ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាសមិទ្ធផលជាក់ស្តែងនៃចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន ផងដែរ។
 
ទន្ទឹមនេះ ឯកឧត្តម ជុំ សុន្ទរី បានលើកឡើងពីការរួមចំណែកដ៏សំខាន់របស់គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ក្នុងការពង្រឹងការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ ព្រមទាំងការរួមចំណែករបស់គម្រោងអភិវឌ្ឍប្រព័ន្ធលូទឹកកខ្វក់នៅភ្នំពេញ ដែលជួយឱ្យរាជធានីកាន់តែស្អាត មានសុខុមាលភាព និងមានភាពធន់។
 
បន្ថែមលើនេះ ឯកអគ្គរាជទូតកម្ពុជាក៏បានកត់សម្គាល់ផងដែរថា ការទទួលស្គាល់ក្រុមហ៊ុន SPEC Company Limited បានបង្ហាញពីតួនាទីដ៏សំខាន់របស់វិស័យឯកជន រួមទាំងសហគ្រាសធុនតូច និងមធ្យម ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍រួម។
 
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានបញ្ជាក់ជាថ្មីអំពីការវាយតម្លៃខ្ពស់របស់កម្ពុជា ចំពោះភាពជាដៃគូបន្តរបស់ជប៉ុន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការបណ្តុះបណ្តាលធនធានមនុស្ស ហើយឯកឧត្តមជឿជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងបន្តកាន់តែស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍យូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា