កម្ពុជាលើកឡើងពីបញ្ហាប្រឈមព្រំដែនប្រាប់ក្រុម AOT ១៨ប្រទេស និងជំរុញឱ្យថៃចូលខ្លួនដោះស្រាយតាមយន្តការ JBC | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាលើកឡើងពីបញ្ហាប្រឈមព្រំដែនប្រាប់ក្រុម AOT ១៨ប្រទេស និងជំរុញឱ្យថៃចូលខ្លួនដោះស្រាយតាមយន្តការ JBC

កម្ពុជាលើកឡើងពីបញ្ហាប្រឈមព្រំដែនប្រាប់ក្រុម AOT ១៨ប្រទេស និងជំរុញឱ្យថៃចូលខ្លួនដោះស្រាយតាមយន្តការ JBC

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦  បានធ្វើបទបង្ហាញជូនដល់ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ចំនួន ២២រូប តំណាងឱ្យ ១៨ប្រទេស  ស្តីពីបច្ចុប្បន្នភាព និងស្ថានការណ៍ចុងក្រោយតាមបណ្តាញព្រំដែនកម្ពុជា និងថៃ។ 
 
ឯកឧត្តមរដ្ឋលេខាធិការបានធ្វើបទបង្ហាញអំពីសារបាននៃការវិវត្តន៍ស្ថានការណ៍មុនពេលប៉ះទង្គិចប្រដាប់អាវុធតាមបណ្តោយព្រំដែន រហូតឈានទៅដល់បទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥ និងការវិវត្តន៍នៃបរិបទសន្តិសុខនៅតាមតំបន់ព្រំដែននាពេលបច្ចុប្បន្ន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានាពេលកន្លងមក ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។
 
ជាមួយគ្នានេះ តំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបង្ហាញពីសមិទ្ធផលនៃការបោះបង្គោលព្រំដែនបណ្តោះអាសន្នមុនមានការប៉ះទង្គិចគ្នាជាលើកទី២​ នៅចន្លោះបង្គោលលេខ៥២ ដល់លេខ៥៩ និងលេខ ៤២ ដល់លេខ៤៧។ តំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានគូសបញ្ជាក់ពីការជំរុញឱ្យភាគីថៃរៀបចំប្រជុំគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ព្រមទាំងបញ្ជូនក្រុមភូមិសាស្ត្រចម្រុះ ចុះអនុវត្តការងារជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងអចិន្ត្រៃយ៍ចំពោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
 
បន្ថែមលើនេះ ក្រុមសម្របសម្រួលនៃប្រទេសកម្ពុជា បានគូសបញ្ជាក់ពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សភាពការណ៍នៅលើដី។ កម្ពុជាបានសម្តែងការកោតសរសើរចំពោះប្រទេសម៉ាឡេស៊ី និងប្រធាន AOT ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
 
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានលើកឡើងថា ទោះបីជាភាគីទាំងពីរបានព្រមព្រៀងគ្នាលើបទឈប់បាញ់ និងមានយន្តការសម្រាប់អនុវត្តដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរយ៉ាងណាក្តី  បច្ចុប្បន្ននៅតែមានបញ្ហាប្រឈមមួយចំនួនកើតឡើងនៅតាមខ្សែបន្ទាត់ព្រំដែន។
 
បញ្ហាទាំងនោះ រួមមាន ការចល័តកងទ័ព ការរាយបន្លាលួស ការដាក់កុងតឺន័រ និងការសាងសង់សំណង់រឹង ដែលបាននិងកំពុងផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី និងរារាំងដល់ការវិលត្រឡប់របស់ប្រជាជនស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ ទាំងនេះនៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ ដើម្បីកសាងសន្តិភាពយូរអង្វែរតាមបណ្តោយព្រំដែន៕

សៅ សុខអេង  

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា