ហូឡង់ដកមាសបម្រុងជិត ១០០តោន ចេញពីអាមេរិក ទុកបម្រុងក្រែងមានវិបត្តិភូមិសាស្រ្តនយោបាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហូឡង់ដកមាសបម្រុងជិត ១០០តោន ចេញពីអាមេរិក ទុកបម្រុងក្រែងមានវិបត្តិភូមិសាស្រ្តនយោបាយ

ហូឡង់ដកមាសបម្រុងជិត ១០០តោន ចេញពីអាមេរិក ទុកបម្រុងក្រែងមានវិបត្តិភូមិសាស្រ្តនយោបាយ

អាំស្ទែដាំ ៖ ធនាគារកណ្តាលប្រទេសហូឡង់បានសម្រុកផ្ទេរមាសបម្រុងមួយផ្នែកធំរបស់ខ្លួន ចេញពីទឹកដីសហរដ្ឋអាមេរិក ពោលគឺក្នុងចំនួនជិត ១០០តោន ដោយលើកឡើងពីហេតុផលថា មកពីការកើនឡើងនៃវិបត្តិភូមិសាស្ត្រនយោបាយ និងតម្រូវការក្នុងការត្រៀមលក្ខណៈបម្រុងទុកសម្រាប់ឆ្លើយតបនឹងវិបត្តិផ្សេងៗ។ ប៉ុន្តែ ការសម្រេចចិត្តរបស់ប្រទេសនៅអឺរ៉ុបមួយនេះ បានធ្វើឡើង ចំពេលដែល ទំនាក់ទំនងរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និង បណ្តាប្រទេសនៃប្លុកមួយនេះ កាន់តែមានភាពតានតឹង នេះបើតាមការចេញផ្សាយរបស់ The New York Times កាលពីថ្ងៃព្រហស្បតិ៍។

នៅក្នុងសេចក្តីថ្លែងការណ៍, ធនាគារកណ្តាលហូឡង់ប្រកាសថា ខ្លួនបានដឹកជញ្ជូនមាសជាងមួយភាគបួននៃមាសបម្រុងសរុបចំនួន ៣៤៥ តោន ដែលធ្លាប់បានរក្សាទុក នៅតំបន់ភាគខាងជើង របស់អាមេរិក ទៅកាន់ទីក្រុងឡុងដ៍ ចាប់ពីចន្លោះខែមីនា ដល់ ខែសីហា ឆ្នាំ២០២៦។

ប្រភពបញ្ជាក់ថា មាសទាំងនោះត្រូវបានយកទៅតម្កល់ទុក នៅធនាគារកណ្តាលអង់គ្លេស Bank of England ជាកន្លែងសនិធិមាស ដែលត្រូវបានគេចាត់ទុកថា មានភាពងាយស្រួលក្នុងការជួញដូរបំផុត នៅលើពិភពលោក ហើយអាចទាញយកមកប្រើប្រាស់បានភ្លាមៗ ប្រសិនបើមានវិបត្តិកើតឡើង។

ប្រធានធនាគារកណ្តាលហូឡង់ លោក Olaf Sleijpen បានមានប្រសាសន៍ថា «តាមរយៈការផ្លាស់ប្តូរទីតាំងនេះ យើងបានកែលម្អភាពងាយស្រួលក្នុងការជួញដូរមាសបម្រុងរបស់យើង។ យើងសង្ឃឹមថា នឹងមិនចាំបាច់ប្រើប្រាស់មាសទាំងនោះទេ ប៉ុន្តែ យើងត្រូវតែពង្រឹងភាពធន់ និង ការត្រៀមខ្លួនជាស្រេចរបស់យើង»។

យ៉ាងណាមិញ ការផ្លាស់ប្តូររបស់ហូឡង់នេះ អាចស្តែងឱ្យឃើញពីទំនាក់ទំនងកាន់តែតានតឹង រវាងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ និង អឺរ៉ុប ដែលក្នុងនោះ សេដ្ឋវិទូ និងសមាជិកសភាមួយចំនួន នៅអាល្លឺម៉ង់ និងអ៊ីតាលី ក៏បានអំពាវនាវឱ្យមានការនាំយកមាសបម្រុង ត្រឡប់មកពីសហរដ្ឋអាមេរិកវិញផងដែរ។

ទំនាក់ទំនងឆ្លងកាត់មហាសមុទ្រត្លង់ទិករវាងអាមេរិកនិងអឺរ៉ុបបានល្អក់កករ ចាប់តាំងពីលោក ត្រាំ បានវិលចូលមកកាន់កាប់សេតវិមានឡើងវិញ ដោយបានចាប់ផ្តើមនូវ សង្គ្រាមពាក្យសម្តី និងការដំឡើងពន្ធលើទំនិញ ជាមួយបណ្តាសម្ព័ន្ធមិត្តយូរអង្វែង ព្រមទាំង ជម្លោះប្រដាប់អាវុធ នៅមជ្ឈិមបូព៌ា ដែលក្រុមមន្ត្រីអឺរ៉ុបលើកឡើងថា បានប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសរបស់ពួកគេ។

លោក Gian Maria Milesi-Ferretti សេដ្ឋវិទូ និង ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Brookings បានលើកឡើងថា «បរិយាកាសនៃទំនាក់ទំនងដ៏ត្រជាក់ រវាងភាគីអាមេរិក និងអឺរ៉ុប ពិតជាបានដើរតួនាទីយ៉ាងសំខាន់»។

ត្រង់ន័យនេះ លោកគូសបញ្ជាក់បន្ថែមថា ហេតុផលដែលលើកឡើងថា កន្លែងណាមានសុវត្ថិភាពជាងកន្លែងណានោះ មិនមែនជាបញ្ហាចោទនោះទេ ប៉ុន្តែ ការពិចារណាផ្ទៃក្នុងអំពីទស្សនទាននៃការរក្សាទុកទ្រព្យសម្បត្តិ នៅក្នុងសហរដ្ឋអាមេរិក អាចជាកត្តាមួយ ដែលផ្តើមចេញពីគំនិតរបស់មេដឹកនាំអឺរ៉ុប។

បើតាមធនាគារកណ្តាលហូឡង់, មាសសរុបប្រមាណ ៩៥ តោន ដែលភាគច្រើនលើសលប់ត្រូវបានដកចេញពីធនាគារបម្រុងសហព័ន្ធអាមេរិកប្រចាំរដ្ឋញូវយ៉ក ឬ Federal Reserve Bank of New York និងផ្នែកតូចមួយទៀត ចេញពីធនាគារកណ្តាលកាណាដា នៅទីក្រុងអូតាវ៉ា ផងដែរ។

គួរបញ្ជាក់ថា ធនាគារបម្រុងសហព័ន្ធដែលមានទីតាំងនៅតំបន់ Lower Manhattan គឺជាកន្លែងរក្សាទុកមាសធំជាងគេបំផុត នៅលើពិភពលោក ក្នុងនោះ ធនាគារអាមេរិកមួយនេះកំពុងរក្សាទុកកម្មសិទ្ធិមាសរបស់រដ្ឋាភិបាលនៃបណ្តាប្រទេសនានា សរុបជិត ៧ពាន់តោន គិតត្រឹមឆ្នាំ២០២៤៕

ប្រភព ៖ The New York Times ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា