ភ្លើងឆេះព្រៃឥណ្ឌូណេស៊ីបង្កជាផ្សែងពុលគ្រោះថ្នាក់ រាលដាល៣ប្រទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភ្លើងឆេះព្រៃឥណ្ឌូណេស៊ីបង្កជាផ្សែងពុលគ្រោះថ្នាក់ រាលដាល៣ប្រទេស

ភ្លើងឆេះព្រៃឥណ្ឌូណេស៊ីបង្កជាផ្សែងពុលគ្រោះថ្នាក់ រាលដាល៣ប្រទេស

ហ្សាកាតា ៖ អាជ្ញាធរប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹង កាលពីថ្ងៃសុក្រថា ផ្សែងដែលបណ្តាលមកពីភ្លើងឆេះព្រៃបានធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់ នៅក្នុងតំបន់មួយចំនួននៃកោះ Borneo (បូណេអូ) រាលដាលដល់ ៣ប្រទេស ខណៈដែលកម្លាំងមនុស្សរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយ ដើម្បីទប់ទល់នឹងអគ្គិភ័យទាំងនេះ។

បើតាម Arab News, ប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលមានកោះជាច្រើនមួយនេះ បាននិងកំពុងតស៊ូ អស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ និងផ្សែងដ៏ក្រាស់ដែលបានហោះហើរទៅកាន់ប្រទេសម៉ាឡេស៊ី សិង្ហបុរី និង ហ្វីលីពីន ផងដែរ។

អ្នកនាំពាក្យទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា នៅក្នុងខេត្ត កាលីម៉ាន់តាន់ខាងលិច ដែលជាតំបន់មួយរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ, ផ្សែងមានប្រភពពីអគ្គិភ័យបានធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់ ដោយមានចម្ងាយមើលឃើញ តិចជាងមួយគីឡូម៉ែត្រ។

យ៉ាងណា អ្នកពន្លត់អគ្គិភ័យជាង ១ម៉ឺន៤ពាន់នាក់ត្រូវបានដាក់ពង្រាយ នៅក្នុងខេត្តមួយនេះ ហើយបានគ្រប់គ្រងពន្លត់ភ្លើងដោយជោគជ័យ លើផ្ទៃដីទំហំជិត ៤៣០ហិកតា កាលពីថ្ងៃព្រហស្បតិ៍។

ប្រទេស ឥណ្ឌូណេស៊ី មានផ្ទៃដីវាលភក់ ស្រទាប់សរីរាង្គដ៏ធំទូលាយ ដែលជាប្រព័ន្ធអេកូឡូស៊ីមួយមានស្រទាប់នៃសារធាតុសរីរាង្គដែលរលួយមិនទាន់អស់។

ដីប្រភេទនេះគឺជាកន្លែងស្តុកកាបូនដ៏សំខាន់ នៅពេលវាមានសំណើម ប៉ុន្តែ ងាយឆេះខ្លាំងនៅពេលដែលវាស្ងួត ហើយភ្លើងអាចឆេះយឺតៗ នៅក្រោមដី និង អាចឆេះឡើងវិញ យ៉ាងឆាប់រហ័ស៕

ប្រភព ៖ Arab News, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា