អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ឧទ្ធម្ភាគចក្ររបស់យោធាថៃរំលោភបំពានចូលក្នុងដែនអាកាសកម្ពុជាគឺរំលោភលើមាត្រា១ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ឧទ្ធម្ភាគចក្ររបស់យោធាថៃរំលោភបំពានចូលក្នុងដែនអាកាសកម្ពុជាគឺរំលោភលើមាត្រា១ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ឧទ្ធម្ភាគចក្ររបស់យោធាថៃរំលោភបំពានចូលក្នុងដែនអាកាសកម្ពុជាគឺរំលោភលើមាត្រា១ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល​កម្ពុជាបានបញ្ជាក់នូវការវិវត្តថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែន ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីបម្រើប្រជាពលរដ្ឋ ពោលគឺរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងខ្លាំងក្លា និងជាផ្លូវការជាថ្មីទៀត​ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់យោធាថៃមួយគ្រឿង បានរំលោភបំពានចូលក្នុងដែនអាកាសកម្ពុជាចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៦។ សកម្មភាពនេះរំលោភលើមាត្រា១ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ទីក្រុងឈីកាហ្គោ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤៤) ដែលបញ្ជាក់ថា រដ្ឋនីមួយៗមានអធិបតេយ្យពេញលេញ និងផ្តាច់មុខលើដែនអាកាសពីលើដែនដីរបស់ខ្លួន និងមាត្រា៣(គ)ដែលហាមឃាត់យន្តហោះរបស់រដ្ឋនីមួយៗមិនឱ្យហោះហើរលើដែនដីរដ្ឋដទៃដោយគ្មានការអនុញ្ញាត។ សកម្មភាពនេះក៏រំលោភលើចំណុចទី៦នៃវិធានការបន្ថយភាពតានតឹងដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះ ហើយគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ ក៏ដូចជាជំរុញការទុកចិត្តគ្នាទៅវិញទៅមក សំដៅសម្របសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ការស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។  កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងការរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសជិតខាង។ ការតវ៉ានេះសបញ្ជាក់ជាថ្មីទៀតថា កម្ពុជាការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួន ទាំង​ដែនគោក ដែនទឹក និងដែនអាកាស ​ដោយមធ្យោបាយសន្តិវិធី ដោយផ្អែកលច្បាប់អន្តរជាតិ។​

ឯកឧត្តម ប៉ែន បូណា បានបន្តថា សំឡេងការពិតពីព្រំដែនកម្ពុជា-ថៃ ដែលបង្ហាញពីការ​ឈ្លានពានលើបូរណភាពទឹកដីកម្ពុជាដោយបំពានច្បាប់អន្តរជាតិ បានលាន់លឺ​ជាបន្ត​បន្ទាប់ឥតដាច់តាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិល្បីៗ ពីអ្នក​ស្រឡាញ់​សន្តិភាព អ្នកការពារប្រជាជាតិដែលរងការរំលោភបំពាន និងអ្នកដែលផ្តល់តម្លៃដល់ច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោក។ នេះសបញ្ជាក់ថា ពិភពលោកមិននៅស្ងៀម​ឡើយចំពោះការឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ និងការបំពានសិទ្ធិជនភៀសសឹកកម្ពុជា ខណៈដែល​ការងារការទូតបាននិងកំពុងបន្តធ្វើយ៉ាងសកម្ម ខ្លាំងក្លា​ និងរស់រវើករបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹកកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាល​សូមបញ្ជាក់ជាថ្មីជូនជនរួមជាតិជ្រាបថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តចេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកការការពារ​អធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ជាអាទិភាពខ្ពស់បំផុត។ ក្នុងន័យនេះ នយោបាយការទូត បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មនិងព្រមៗគ្នា ទាំងការរទូតក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ទាំងការទូតសភា ដើម្បីជំរុញឱ្យមានដំណោះស្រាយ​បញ្ហាព្រំដែនជាមួយប្រទេសថៃឱ្យបានឆាប់តាមមធ្យោបាយសន្តិវិធីដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ តាមរយៈយន្តការនិងកិច្ចព្រមព្រៀងនានា​ដែលមានស្រាប់។ ជាក់ស្តែង យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ​ដែលផ្តួចផ្តើម​ដោយកម្ពុជាដើម្បីដោះស្រាយដែនសមុទ្រត្រួតគ្នារវាងកម្ពុជាថៃ កំពុងដំណើរការ​ទៅមុខតាមនីតិវិធី ខណៈដែលដំណើរការវាស់វែង​ខណ្ឌសីមាព្រំដែនគោក​តាមរយៈយន្តការ JBC ​និងការវិលត្រឡប់របស់ជនភៀសសឹកទៅកាន់លំនៅដ្ឋានវិញ កំពុងត្រូវបានជំរុញយ៉ាងខ្លាំងដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា