ជំនួបរវាងលោកពូទីននិងប្រសិតអាមេរិក មានលក្ខណៈស្ថាបនា និងស៊ីជម្រៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជំនួបរវាងលោកពូទីននិងប្រសិតអាមេរិក មានលក្ខណៈស្ថាបនា និងស៊ីជម្រៅ

ជំនួបរវាងលោកពូទីននិងប្រសិតអាមេរិក មានលក្ខណៈស្ថាបនា និងស៊ីជម្រៅ

មូស្គូ ៖ ជំនួបរបស់លោក ប្រធានាធិបតីរុស្ស៊ី Vladimir Putin ជាមួយតំណាងពិសេសរបស់សហរដ្ឋអាមេរិក នៅទីក្រុងមូស្គូ កាលពីថ្ងៃសៅរ៍ មានលក្ខណៈស្ថាបនា និងស៊ីជម្រៅ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំង។

លោក Yury Ushakov មន្ត្រីជាន់ខ្ពស់នៃវិមានក្រឹមឡាំង បានថ្លែងថា ជំនួបរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាមួយតំណាងពិសេសរបស់សហរដ្ឋអាមេរិក គឺលោក Steve Witkoff និងលោក Jared Kushner មានលក្ខណៈ «ស៊ីជម្រៅ ស្ថាបនា និងត្រង់ទៅត្រង់មកបំផុត»។

ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ដោយដកស្រង់សម្តីរបស់លោក Ushakov ដែលបានបញ្ជាក់ថា ជំនួបដែលបានធ្វើឡើងនៅទីក្រុងមូស្គូ កាលពីថ្ងៃសៅរ៍នោះ មានរយៈពេល ៣ ម៉ោង និង ១០ នាទី ដោយមិនត្រឹមតែពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពិភាក្សាអំពីគម្រោងធំៗដែលអាចកើតមានរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកទៀតផង។

លោក Ushakov បានឱ្យដឹងថា លោក ពូទីន បានបញ្ជាក់ជាថ្មីអំពីឆន្ទៈរបស់រុស្ស៊ី ក្នុងការបន្តធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយផ្នែកនយោបាយ និងការទូតចំពោះជម្លោះនៅអ៊ុយក្រែន។

យោងតាមមន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងរូបនេះ, ប្រធានាធិបតីរុស្ស៊ីក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយ «ឫសគល់» នៃសង្គ្រាម ហើយបានលើកឡើងអំពីវឌ្ឍនភាពនៅលើសមរភូមិរបស់កងកម្លាំងរុស្ស៊ី ព្រមទាំងបង្ហាញទំនុកចិត្តថា ទីក្រុងមូស្គូនឹងសម្រេចបាននូវគោលដៅរបស់ខ្លួន។

លោក Ushakov បាននិយាយថា តំណាងពិសេសរបស់សហរដ្ឋអាមេរិកបានលើកឡើងនូវគំនិតមួយចំនួនអំពីវិធីដែលអាចធ្វើទៅបានដើម្បីដោះស្រាយសង្គ្រាម ហើយពួកគេបានសន្យាថា នឹងយកការវាយតម្លៃរបស់លោក ពូទីន ទៅពិចារណាក្នុងអំឡុងពេលទំនាក់ទំនងរបស់ពួកគេ នៅទីក្រុងកៀវ។

លោក Ushakov បានបញ្ជាក់ថា លោក ពូទីន និង លោក Trump នឹងបន្តរក្សាទំនាក់ទំនងផ្ទាល់ខ្លួន ខណៈដែលការចរចាតាមរយៈក្រុមការងារចរចារបស់សហរដ្ឋអាមេរិកក៏នឹងបន្តដំណើរការផងដែរ។

បើតាម anadolu, លោក Witkoff និង លោក Kushner បានចាកចេញពីទីក្រុងមូស្គូ ក្រោយបញ្ចប់ជំនួប ហើយមានគម្រោងនឹងទៅបំពេញទស្សនកិច្ច នៅទីក្រុងកៀវ នៅថ្ងៃអាទិត្យនេះ៕

ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា