អាមេរិកបញ្ជាក់ថា គ្មានការបង្ខំប្រជាជនប៉ាឡេស្ទីន ចាកចេញពីហ្គាហ្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកបញ្ជាក់ថា គ្មានការបង្ខំប្រជាជនប៉ាឡេស្ទីន ចាកចេញពីហ្គាហ្សា

អាមេរិកបញ្ជាក់ថា គ្មានការបង្ខំប្រជាជនប៉ាឡេស្ទីន ចាកចេញពីហ្គាហ្សា

ហ្គាហ្សា ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ៊ីស្រាអែលបានថ្លែង កាលពីថ្ងៃសៅរ៍ថា មិនមានផែនការបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីតំបន់ហ្គាហ្សា (Gaza) នោះទេ បន្ទាប់ពីរដ្ឋមន្ត្រីអ៊ីស្រាអែលមួយចំនួនបានលើកឡើងពីគំនិតអំពីរបៀបបណ្តេញប្រជាជនចំនួន ២ លាននាក់ចេញពីទឹកដីដែលរងការបំផ្លិចបំផ្លាញ ដោយសង្គ្រាមមួយនេះ។

លោក Mike Huckabee ឯកអគ្គរដ្ឋទូតអាមេរិក បានប្រាប់អ្នកសារព័ត៌មាន ខណៈពេលដែលលោកចុះជួបសំណេះសំណាលជាមួយជនជាតិអាមេរិកដើមកំណើតប៉ាឡេស្ទីននៅក្នុងតំបន់ West Bank ដែលស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែលថា «ខ្ញុំអាចប្រាប់អ្នកបានយ៉ាងច្បាស់ថា មិនមានផែនការណាមួយរបស់អ៊ីស្រាអែលក្នុងការផ្លាស់ទីលំនៅប្រជាជនចេញពីតំបន់ហ្គាហ្សាដោយបង្ខំនោះឡើយ»។

បើតាម arab news, កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben Gvir បានបង្ហាញផែនការមួយដែលមានគោលបំណងឱ្យមានការចាកចេញរបស់ប្រជាជនប៉ាឡេស្ទីនចំនួន ២៥ម៉ឺននាក់ចេញពីតំបន់ហ្គាហ្សាក្នុងឆ្នាំដំបូង បន្ទាប់មក គឺប្រជាជនដែលនៅសល់ប្រហែល ២ លាននាក់ទៀតនឹងចាកចេញ ក្នុងរយៈពេល ៦ ឆ្នាំបន្ទាប់។

ការលើកឡើងរបស់លោកបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បាននិយាយថា អ៊ីស្រាអែលត្រៀមខ្លួនរួចរាល់ហើយ ក្នុងការជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាទាំងតាមផ្លូវសមុទ្រ និងផ្លូវគោក ប៉ុន្តែ ពួកគេកំពុងរង់ចាំសហរដ្ឋអាមេរិក ដែលលោកបានបញ្ជាក់ថា កំពុងពិភាក្សាគ្នាអំពីទីកន្លែងដែលប្រជាជនទាំងនោះនឹងត្រូវទៅរស់នៅ។

លោក Katz បាននិយាយដោយមិនបានបញ្ជាក់ប្រភពព័ត៌មានថា ប្រជាជនចំនួន ៨០ ភាគរយនៅក្នុងតំបន់ហ្គាហ្សាចង់ចាកចេញ ប៉ុន្តែ ក្រុមហាម៉ាស (Hamas) កំពុងរារាំងពួកគេ។

យ៉ាងណា លោក Huckabee បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump ដែលបានកំណត់ការប្រឆាំងនឹងការធ្វើចំណាកស្រុកអន្តរជាតិជាអាទិភាពចម្បងមួយនោះ ចង់ផ្តល់ជម្រើសដល់ប្រជាជនប៉ាឡេស្ទីនក្នុងការចាកចេញដោយស្ម័គ្រចិត្ត។

លោក Huckabee បានមានប្រសាសន៍ថា «មានការបើកចំហចិត្តថា ប្រសិនបើប្រជាជនចង់ចាកចេញ ពួកគេគួរតែមានសិទ្ធិក្នុងការចាកចេញ» ដោយលោកបានហៅការ «ឃុំឃាំង» ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាថាជារឿង «អាម៉ាស់»។

លោកបានបន្ថែមថា «គ្មាននរណាម្នាក់ស្នើឱ្យមានការផ្លាស់ទីលំនៅដោយបង្ខំនោះទេ ទាំងភាគីអ៊ីស្រាអែល និងភាគីអាមេរិក។ ខ្ញុំមិនដឹងថា មាននរណាម្នាក់គាំទ្ររឿងនោះទេ»៕

ប្រភព ៖ arab news ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា