ព្រឹទ្ធសភាកម្ពុជា លាតត្រដាងល្បិចកលភាគីថៃ និងទាមទារឱ្យគោរពច្បាប់អន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រឹទ្ធសភាកម្ពុជា លាតត្រដាងល្បិចកលភាគីថៃ និងទាមទារឱ្យគោរពច្បាប់អន្តរជាតិ

ព្រឹទ្ធសភាកម្ពុជា លាតត្រដាងល្បិចកលភាគីថៃ និងទាមទារឱ្យគោរពច្បាប់អន្តរជាតិ

ព្រឹទ្ធសភាកម្ពុជា បានទាត់ចោលទាំងស្រុងនូវការចោទប្រកាន់គ្មានមូលដ្ឋានរបស់ភាគីថៃ ព្រមទាំងបានលាតត្រដាងពីល្បិចកលបកស្រាយភូតភរ និងការរំលោភបំពានដែនដីពីសំណាក់ប្រទេសមួយនេះ។ កម្ពុជាបានទាមទារឱ្យថៃបញ្ឈប់សកម្មភាពឈ្លានពានទាំងអស់ ហើយងាកមកគោរពច្បាប់អន្តរជាតិ និងសន្ធិសញ្ញាប្រវត្តិសាស្ត្រជាធរមាន ដើម្បីរក្សាសន្តិភាពទ្វេភាគី។
 
គណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់គណៈកម្មាធិការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ។ កម្ពុជាបានបញ្ជាក់ជាថ្មីថា អធិបតេយ្យភាព និងដែនដីរបស់ខ្លួនមិនអាចរំលោភបំពានបានឡើយ ហើយត្រូវបានការពារយ៉ាងរឹងមាំតាមច្បាប់ និងសន្ធិសញ្ញាអន្តរជាតិជាប្រវត្តិសាស្ត្រ។
 
យោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ៥ កញ្ញា ឯកឧត្តម ឈីវ យីស៊ាង ប្រធានគណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភាកម្ពុជា បានទាត់ចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់លោក Nophadol In-na ប្រធានគណៈកម្មាធិការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។ កម្ពុជាបានចាត់ទុកការបន្តពង្រាយកងទ័ព និងការឈ្លានពានតាមផ្លូវអាកាសជាបន្តបន្ទាប់ពីសំណាក់ប្រទេសថៃ ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាទ្វេភាគីដែលមានស្រាប់។
 
គណៈកម្មាធិការព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថា បទឈប់បាញ់មិនផ្តល់អធិបតេយ្យភាពដីធ្លីនោះទេ។ ការដែលភាគីថៃដកស្រង់សេចក្តីថ្លែងការណ៍នៃសម័យប្រជុំវិសាមញ្ញលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ មកធ្វើជាលេសនោះ គឺជាការបកស្រាយខុសពីអង្គហេតុ ព្រោះក្របខ័ណ្ឌបទឈប់បាញ់ជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ។ ភាគីថៃមិនអាចយកលេសនេះមកកេងចំណេញដើម្បីកែប្រែស្ថានភាពជាក់ស្តែងនៅលើដី ឬបង្កើតសិទ្ធិអធិបតេយ្យភាពថ្មីបានឡើយ។ រាល់ការដោះស្រាយទំនាស់ដីធ្លី ឬតំបន់មិនទាន់ខ័ណ្ឌសីមា ត្រូវតែធ្វើឡើងតាមរយៈសន្ធិសញ្ញាទ្វេភាគី និងយន្តការទ្វេភាគីដោយសន្តិវិធី។
 
ជាមួយគ្នានេះ កម្ពុជាក៏បានច្រានចោលការចោទប្រកាន់ដែលថាខ្លួនជាអ្នកផ្តើមជម្លោះ។ ផ្ទុយទៅវិញ ភាគីថៃបានប្រើប្រាស់បញ្ហាបទល្មើសឆ្លងដែន ពិសេសការចោទប្រកាន់អំពីការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត មកធ្វើជាលេស ដើម្បីបិទបាំងការឈ្លានពាន និងការរំលោភលើដែនអធិបតេយ្យភាពកម្ពុជា។ កម្ពុជាបានអំពាវនាវឱ្យមានការវាយតម្លៃដោយឯករាជ្យ និងជាអន្តរជាតិ ដើម្បីបញ្ជាក់ឱ្យឃើញច្បាស់ថា ភាគីថៃជាអ្នកបើកការវាយប្រហារមុន និងបានតម្រង់ទិសដៅវាយប្រហារលើសហគមន៍ស៊ីវិល។
 
ដោយឡែក ការដែលភាគីថៃលាបពណ៌ប្រជាជនស៊ីវិលកម្ពុជាជាង ២ម៉ឺននាក់ ដែលផ្លាស់ប្តូរទីលំនៅក្នុងស្រុកថាជាអ្នកចូលទន្ទ្រាន គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើការពិតប្រវត្តិសាស្ត្រ។ យោងតាមច្បាប់អន្តរជាតិ ប្រជាជនស៊ីវិលទាំងនោះគឺជាជនរងគ្រោះនៃការជម្លៀសចេញដោយសារអសន្តិសុខ និងសកម្មភាពយោធារបស់ថៃ ហើយពួកគេមានសិទ្ធិពេញលេញក្នុងការវិលត្រឡប់ទៅកាន់ដីធ្លី និងផ្ទះសម្បែងរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
 
កម្ពុជាបានបញ្ជាក់ថា សន្តិភាពយូរអង្វែងអាចសម្រេចទៅបាន លុះត្រាតែភាគីថៃគោរពកាតព្វកិច្ចការពារព្រំដែន ផ្អែកលើច្បាប់អន្តរជាតិ និងសន្ធិសញ្ញាប្រវត្តិសាស្ត្របារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។ កម្ពុជាបន្តប្តេជ្ញាចិត្តដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើទំនុកចិត្តគ្នាទៅវិញទៅមក តម្លាភាព និងការគោរពដាច់ខាតចំពោះសន្ធិសញ្ញាដែលមានស្រាប់ ដើម្បីការពារកុំឱ្យព័ត៌មានមិនពិតមកបិទបាំងផ្លូវឆ្ពោះទៅរកដំណោះស្រាយទ្វេភាគី និងសន្តិភាពប្រកបដោយយុត្តិធម៌ និងយូរអង្វែង៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា