ឯកឧត្តម សាយ សំអាល់ ៖ កម្ពុជា ជាសង្គមពហុវប្បធម៌ និងសាសនា ត្រូវរស់នៅជាមួយគ្នាដោយសុខដុមរមនា និងបើកចិត្តទូលាយទទួលយកបច្ចេកវិទ្យាទំនើប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សាយ សំអាល់ ៖ កម្ពុជា ជាសង្គមពហុវប្បធម៌ និងសាសនា ត្រូវរស់នៅជាមួយគ្នាដោយសុខដុមរមនា និងបើកចិត្តទូលាយទទួលយកបច្ចេកវិទ្យាទំនើប

ឯកឧត្តម សាយ សំអាល់ ៖ កម្ពុជា ជាសង្គមពហុវប្បធម៌ និងសាសនា ត្រូវរស់នៅជាមួយគ្នាដោយសុខដុមរមនា និងបើកចិត្តទូលាយទទួលយកបច្ចេកវិទ្យាទំនើប

ក្នុងពេលជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់ថ្នាក់ដឹកនាំអន្តរសាសនានៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា ថ្វីបើរាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែកម្ពុជាក៏ជាសង្គមសេរី និងពហុវប្បធម៌ ដែលមិនមានការរើសអើងជំនឿសាសនា ពណ៌សម្បុរ និងពូជសាសន៍ឡើយ។ ឯកឧត្តមបញ្ជាក់ថា នេះគឺជាគោលការណ៍គ្រឹះនៃសង្គមជាតិកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជន ហើយការកសាង និងអភិវឌ្ឍជាតិឱ្យរីកចម្រើនបាន គឺត្រូវពឹងផ្អែកលើ «ផ្នត់គំនិតដែលមិនរើសអើង» ។

ជាមួយនេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកពីបញ្ហាសង្គម ដូចជា៖ គ្រឿងញៀន ជំងឺធាត់ជ្រុល ជំងឺបេះដូង ជំងឺសម្ពាធឈាម និងបញ្ហាចរិយាមាយាទ ដែលបញ្ហាទាំងនេះ ស្ថាប័នសាសនា អាចចូលរួមចំណែកបានយ៉ាងច្រើន តាមរយៈការអប់រំ ទូន្មាន ប្រៀនប្រដៅ និងណែនាំប្រជាពលរដ្ឋឱ្យដើរតាមផ្លូវល្អ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់លើការបរិភោគអាហារដែលមានជីវជាតិខ្ពស់ និងធានាសន្តិសុខស្បៀង ដើម្បីលើកកម្ពស់សុខភាពសាធារណៈ ពីព្រោះសុខភាព និងកាយសម្បទារឹងមាំគឺជាមូលដ្ឋានគ្រឹះនៃបញ្ញាញាណ ។

ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការរៀបចំខេត្តព្រះសីហនុ ដែលជាទីតាំងដ៏ស័ក្តិសមសម្រាប់ការបង្កើតសាលាសាសនា និងបានបង្ហាញក្តីរំពឹងទុកយ៉ាងមុតមាំថា ថ្នាក់ដឹកនាំព្រមទាំងសាសនិកជននៃគ្រប់និន្នាការសាសនាទាំងអស់ នឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចខេត្តព្រះសីហនុ ក៏ដូចជាប្រទេសជាតិទាំងមូល។

ដោយឡែក ក្នុងវិស័យអប់រំ ឯកឧត្តម សាយ សំអាល់ បានណែនាំកុំឱ្យមានការប្រកាន់ខ្ជាប់នូវគម្ពីរនិយម ឬការរៀនសូត្រត្រឹមតែតាមសៀវភៅពេក រហូតដល់បាត់បង់ទស្សនវិស័យទូលំទូលាយនោះ។ មនុស្សជំនាន់ថ្មីត្រូវចេះបើកចិត្តឱ្យទូលាយ រៀនសូត្រពីចំណេះដឹងថ្មីៗ បច្ចេកវិទ្យាទំនើប អ៊ីនធឺណិត និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីចាប់យកឱកាស និងអភិវឌ្ឍជីវិតខ្លួនឯងឱ្យទាន់សម័យកាលឌីជីថល ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា