គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជិត ១០ ០០០គម្រោង ត្រូវបានអនុវត្តដោយរដ្ឋបាលឃុំ-សង្កាត់អាណត្តិទី៥ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជិត ១០ ០០០គម្រោង ត្រូវបានអនុវត្តដោយរដ្ឋបាលឃុំ-សង្កាត់អាណត្តិទី៥

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជិត ១០ ០០០គម្រោង ត្រូវបានអនុវត្តដោយរដ្ឋបាលឃុំ-សង្កាត់អាណត្តិទី៥

ក្នុងសន្និបាតបូកសរុបសមិទ្ធិផលការងារក្រុមប្រឹក្សាឃុំ-សង្កាត់  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការងាររបស់រដ្ឋបាលឃុំ-សង្កាត់ ដែលក្នុងអាណត្តិទី៥នេះ បានអនុវត្តគម្រោងសរុបជិត១ម៉ឺនគម្រោង។ ចំណែកការគ្រប់គ្រងថវិកា និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏កាន់តែមានតម្លាភាព និងប្រសិទ្ធភាព។

រយៈពេលជាង ២ទសវត្សរ៍នៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលដាក់ចេញចាប់តាំងពីការបោះឆ្នោតឃុំ-សង្កាត់លើកដំបូងនៅឆ្នាំ២០០២ រដ្ឋបាលមូលដ្ឋានបានផ្លាស់ប្តូរមុខមាត់យ៉ាងពិតប្រាកដ។

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ​ តាមរយៈការផ្ទេរធនធានពីថ្នាក់ជាតិ រដ្ឋបាលឃុំ-សង្កាត់នៅទូទាំងប្រទេសទទួលបានថវិកាជាមធ្យមប្រមាណ ៨១៥លានរៀល (ប្រហែលជាង ២០ម៉ឺនដុល្លារ) ក្នុងមួយឃុំ-សង្កាត់សម្រាប់ឆ្នាំនីមួយៗ ដើម្បីចាត់ចែងលើចំណាយរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន។

តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានកំណត់ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះ មូលនិធិឃុំ-សង្កាត់មានទំហំសរុប ៩៧៥ ប៊ីលានរៀល ឬប្រមាណ ២៤១ លានដុល្លារអាមេរិក ចំណែកមូលនិធិអភិវឌ្ឍឃុំ-សង្កាត់មានចំនួនជាង ២៧៨ ប៊ីលានរៀល ស្មើនឹងជិត ៦៩ លានដុល្លារអាមេរិក។

ក្នុងសន្និបាតបូកសរុបសមិទ្ធការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃចន្ទទី៧កញ្ញានេះ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា រដ្ឋបាលឃុំ-សង្កាត់ទាំង ១ ៦៥២ សម្រេចបាននូវសមិទ្ធផលរូបវន្តជាច្រើនក្នុងអាណត្តិទី៥។

ជាក់ស្តែង គម្រោងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសរុបចំនួនជិត ១ម៉ឺនគម្រោងត្រូវបានអនុវត្ត និងបញ្ចប់ជាស្ថាពរ ក្នុងនោះមានការសាងសង់ និងកែលម្អផ្លូវបេតុង និងផ្លូវគ្រួសក្រហម ព្រមទាំងការកសាងផ្លូវកៅស៊ូ ស្ពានបេតុងខ្នាតតូច និងប្រព័ន្ធធារាសាស្ត្រជាច្រើនទៀត។

ឯកឧត្តម ស សុខា បានលើកឡើងទៀតថា សមិទ្ធផលផ្លូវស្ពានទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់តំបន់មូលដ្ឋានទៅកាន់ទីផ្សារ សាលារៀន និងមណ្ឌលសុខភាព ដែលជួយកាត់បន្ថយពេលវេលានិងចំណាយលើការធ្វើដំណើរ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយផ្ទាល់។

ក្រៅពីការអភិវឌ្ឍរូបវន្ត រដ្ឋបាលឃុំ-សង្កាត់បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវារដ្ឋបាល ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ការគាំទ្រជនងាយរងគ្រោះ ការអប់រំកុមារតូច កិច្ចការពារស្ត្រីនិងកុមារ ការសម្រុះសម្រួលវិវាទ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ទន្ទឹមនឹងនេះ ការធ្វើទំនើបកម្មរដ្ឋបាលតាមរយៈការប្រើប្រាស់ប្រព័ន្ធ FMIS Portal និងឧបករណ៍ឌីជីថលសម្រាប់តាមដានថវិកា បានជួយកាត់បន្ថយការប្រើប្រាស់ក្រដាស ពង្រឹងសុក្រិតភាពនៃទិន្នន័យ និងបង្កើនតម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ។

បើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជោគជ័យក្នុងអាណត្តិទី៥នេះ មិនត្រឹមតែជាមោទនភាពរបស់រដ្ឋបាលមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញយ៉ាងច្បាស់ពីភាពចាស់ទុំ ការរីកចម្រើន និងការពង្រឹងជាលំដាប់នៃប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាននៅកម្ពុជា៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា