ឯកឧត្តម ខៀវ កាញារីទ្ធិ ចែករំលែកបទពិសោធន៍ការងារ និងទស្សននយោបាយ​ដល់យុវជនជំនាន់ក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ខៀវ កាញារីទ្ធិ ចែករំលែកបទពិសោធន៍ការងារ និងទស្សននយោបាយ​ដល់យុវជនជំនាន់ក្រោយ

ឯកឧត្តម ខៀវ កាញារីទ្ធិ ចែករំលែកបទពិសោធន៍ការងារ និងទស្សននយោបាយ​ដល់យុវជនជំនាន់ក្រោយ

នៅវិមាន ៧ មករា កាលពីថ្ងៃអាទិត្យទី៦ ខែកញ្ញា ឯកឧត្តម ខៀវ កាញារីទ្ធិ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា​អតីត​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន បានអញ្ជើញធ្វើបាឋកថាស៊េរីក្រោមប្រធានបទ «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ដើម្បីចែក​រំលែក​បទ​ពិសោធន៍ការងារ វិជ្ជាជីវៈសារព័ត៌មាន និងទស្សនៈនយោបាយ ជូនដល់យុវជនជំនាន់ក្រោយ។

មានប្រសាសន៍ទៅកាន់អ្នកចូលរួមជាច្រើនពាន់នាក់ដែល​ភាគ​ច្រើន​ជាយុវជន ឯកឧត្តម ខៀវ កាញារីទ្ធិ បានជំរុញ​ដល់អ្នកជំនាន់​ក្រោយ ឱ្យខិតខំសិក្សារៀនសូត្រ យកចិត្តទុកដាក់លើការអាន និង​ការស្រាវជ្រាវ ដើម្បីត្រៀមខ្លួនជាស្រេចក្នុង​ការ​ទទួលយកកិច្ចការដឹកនាំ​បន្តនាពេលអនាគត ប្រកបដោយភាពស្វាហាប់ ប្រាកដនិយម និងចេះ​បត់បែនតាមកាលៈទេសៈ។

ឯកឧត្តមបានលើកទឹកចិត្តឱ្យយុវជនរៀនសូត្រពីប្រវត្តិសាស្ត្រឱ្យបានច្រើន ទើបអាចយល់ដឹង និងឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រ​នយោបាយ ដំណើរវិវត្តន៍របស់ប្រទេសជាតិ និងសាកលលោក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យើងមិនអាចយកសម័យ​កាល​ណាមួយ ទៅវិនិច្ឆ័យសម័យកាលមួយផ្សេងទៀតបានឡើយ ហើយការលះបង់​ដ៏ធំធេងរបស់អ្នកជំនាន់មុន គឺជាសសរគ្រឹះនៃ​ការអភិវឌ្ឍ​សម្រាប់​បច្ចុប្បន្ន និងអនាគតរបស់អ្នកជំនាន់ក្រោយ។

ក្នុងបាឋកថាដដែលឯកឧត្តម ខៀវ កាញារីទ្ធ បានគូសរំលេច​ពីគុណូបការៈដ៏ធំធេងរបស់ស្ថាបនិកសន្តិភាពមាន សម្តេចតេជោ ហ៊ុន សែន, សម្តេច ហេង សំរិន, សម្តេច ជា ស៊ីម ដែលគិតគូរប្រយោជន៍​ជាតិជាធំ។ជាក់ស្តែងការសង្គ្រោះជីវិត និងរស់ឡើងវិញ នៅថ្ងៃ ៧ មករា ១៩៧៩។ ជ័យជម្នះ៧មករា គឺជាមូលដ្ឋានគ្រឹះក្នុងការស្ដារសង្គមជាតិ​ឡើងវិញពីបាតដៃទទេ រហូតឈានទៅ​រកការបង្រួបបង្រួមជាតិ កិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា និងនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព​ពេញលេញ។

ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បាន​លើកឧទាហរណ៍ជាច្រើនពីការតស៊ូ​ផ្នែក​នយោបាយរបស់សម្តេចតេជោ ហ៊ុន សែន និងព័ត៌មាន​នា​ប្រវត្តិសាស្ត្រកន្លងមក ដោយធ្វើការឆ្លុះបញ្ចាំងតថភាពសង្គម និងបានអំពាវនាវឱ្យសាធារណជនស្វែងយល់​ប្រវត្តិសាស្ត្រ​ពិត​ជាក់ស្តែង ដោយកុំឆាប់ជឿលើការឃោសនាអកុសល ឬការបំភ្លៃ​ប្រវត្តិសាស្ត្រពីសំណាក់ក្រុមបំផ្លាញជាតិទាំងក្នុង និងក្រៅប្រទេស។

សូមជម្រាបថា បាឋកថានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងស៊ីជម្រៅដល់យុវជនអំពីប្រវត្តិសាស្ត្រ​ពិត ស្មារតីស្នេហាជាតិ ព្រមទាំងផ្តល់ទស្សនទានថ្មីៗក្នុងការគិតគូរ​ជា​យុទ្ធសាស្ត្រ ស្របតាមបរិបទនៃបច្ចេកវិទ្យាព័ត៌មាន និងការ​អភិវឌ្ឍសង្គម ដើម្បីឱ្យយុវជនមានភាពក្លាហាន និងទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមកសាងនិងអភិវឌ្ឍន៍ជាតិ។មានឥស្សរជន​ជាន់​ខ្ពស់​ចំនួន២រូបរួចមកហើយដែលបានអញ្ជើញចូលរួមធ្វើបាឋកថាជាសេរី ក្នុងនេះដំបូងគេគឺ សម្ដេចសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីក្រសួងអធិការកិច្ច។ ឥស្សរជន​បន្ទាប់​គឺឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីក្រសួង​ព័ត៌មាន៕


អត្ថបទ៖ វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា