កូនត្រីរាប់លានក្បាលត្រូវបានសង្គ្រោះពីបទល្មើស «លូស្បៃមុង» ក្នុងរដូវបិទនេសាទឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូនត្រីរាប់លានក្បាលត្រូវបានសង្គ្រោះពីបទល្មើស «លូស្បៃមុង» ក្នុងរដូវបិទនេសាទឆ្នាំ២០២៦

កូនត្រីរាប់លានក្បាលត្រូវបានសង្គ្រោះពីបទល្មើស «លូស្បៃមុង» ក្នុងរដូវបិទនេសាទឆ្នាំ២០២៦

កូនត្រីចម្រុះទើបញាស់រាប់លានក្បាល ត្រូវបានអាជ្ញាធរជំនាញ និងអង្គការដៃគូ សង្គ្រោះចេញពីឧបករណ៍នេសាទ​ខុសច្បាប់ក្នុងរដូវបិទនេសាទឆ្នាំ២០២៦ ដើម្បីការពារ និងពង្រឹងពូជត្រីក្នុងទន្លេមេគង្គ។ នេះបើតាមការឱ្យដឹងពីអង្គការ «អច្ឆរិយៈនៃទន្លេមេគង្គ» (Wonders of the Mekong)។

អង្គការអច្ឆរិយៈនៃទន្លេមេគង្គ បានបញ្ជាក់ថា កូនត្រីតូចៗដែលត្រូវគេប្រមូលទាញចេញពីឧបករណ៍​ខុសច្បាប់ទាំង​នោះ មិនមែនជាប្រភេទ «ត្រីល្អិត» ឡើយ ប៉ុន្តែជាកូនត្រីទើបញាស់នៃប្រភេទត្រីធំៗ ដែលខ្លះអាចលូតលាស់រហូត​ដល់​ទម្ងន់ ៣០០ គីឡូក្រាម ។ការប្រព្រឹត្តបទល្មើសតាមរយៈឧបករណ៍ «លូស្បៃមុង» ក្នុងរដូវបិទនេសាទ ជាការបំផ្លាញ​ធនធាន​មច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់ផលត្រីរាប់ម៉ឺនតោនក្នុងមួយឆ្នាំៗ។

ពាក់ព័ន្ធនឹងកិច្ចការពារនេះ ក្រុមការងារនៃគម្រោង «ការការពារ និងស្តារឡើងវិញនូវច្រកផ្លូវរបៀងជម្រកត្រីនៅក្នុង​ទន្លេ​មេគង្គ» បានចុះបេសកកម្មត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលជាច្រើនខេត្ត។ នាដើមខែកញ្ញានេះ ប្រតិបត្តិការ​ដឹកនាំ​ដោយ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីខេត្តក្រចេះ រហូតដល់​ភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម បានរឹបអូសឧបករណ៍លូស្បៃមុង និងសង្គ្រោះកូនត្រីចម្រុះមិនតិចជាង ២៥ ប្រភេទរួមទាំងប្រភេទរងគ្រោះថ្នាក់ ដែលមានអាយុកាលទើបតែ ១ សប្តាហ៍ឡើង។

ឯកឧត្តម ប៉ែន ផល្លីកា មានប្រសាសន៍ថា ក្រុមជនល្មើសបានប្រៀបចំឧបសគ្គគ្រប់រូបភាព រួមទាំងការដាក់កំប្លោក​បិទ​ផ្លូវទឹក ដើម្បីរារាំងកម្លាំងសមត្ថកិច្ចមិនឱ្យចូលទៅដល់ទីតាំងបទល្មើស។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ស្បៃមុង​គឺ​​ជាបញ្ហាធំមួយនៃរដូវបិទនេសាទដែលយើងត្រូវតែបង្ក្រាប។ ពេលឃើញរបាំងស្បៃមុង និងរបាំងខ្លះល្អិតជាង​ស្បៃមុង​ទៅទៀតនោះ លោកមានក្តីសង្វេគក្នុងចិត្តណាស់។ កូនត្រីដែលយើងចាក់លែងចូលទឹក​ធម្មជាតិវិញចំនួន ១៧៥ គីឡូក្រាម មានកូនត្រីរាប់លានក្បាល ដែលក្នុងរយៈពេល ៣ ទៅ ៤ ខែខាងមុខ ពួកវានឹងធំធាត់ក្លាយជាផលត្រីរាប់តោន»។

ជាមួយគ្នានេះគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គក៏បានអំពាវនាវផងដែរ ដល់ប្រជានេសាទទាំងអស់ សូមបញ្ឈប់ការការ​ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់លូស្បៃមុងនេះទៅ ព្រោះវាបានបំផ្លាញធនធានមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ។ ត្រីតូចៗ ដែលឧបករណ៍ប្រភេទនេះចាប់បាន មិនមែនជាត្រីល្អិតទេ តែវាកូនត្រីដែលទើបនឹងញាស់ ហើយត្រីខ្លះអាចមានទម្ងន់ដល់ ៣០០គីឡូក្រាមឯណោះ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា