គ.ជ.ប ប្រកាសបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ.ជ.ប ប្រកាសបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

គ.ជ.ប ប្រកាសបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសផ្សព្វផ្សាយដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន។
 
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ មានសុវត្ថិភាព និងមានបច្ចុប្បន្នភាព ព្រមទាំងធានាការសម្ងាត់នៃទិន្នន័យអត្តសញ្ញាណអ្នកបោះឆ្នោត។
 
តាមប្រតិទិនដែល គ.ជ.ប បានប្រកាស ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៦ ត្រូវធ្វើចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៧ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ៥៥ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
 
ដំណើរការនេះផ្តោតលើប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ពោលគឺអ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩  ព្រមទាំងអ្នកដែលបានផ្លាស់ទីលំនៅ ឬទីសំណាក់ទៅឃុំ សង្កាត់ថ្មី។
 
ក្រៅពីនេះ គ.ជ.ប នឹងធ្វើការស្រង់ និងលុបឈ្មោះអ្នកទទួលមរណភាព អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន និងអ្នកផ្លាស់ទីលំនៅទៅឃុំ សង្កាត់ផ្សេង ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។ ម្យ៉ាងទៀត  គ.ជ.ប នឹងកែតម្រូវទិន្នន័យជីវប្រវត្តិរបស់អ្នកបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ដោយថតរូប និងផ្តិតម្រាមដៃផងដែរ។
 
គ.ជ.ប បញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ នឹងអនុវត្តចំពោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និង២០១៧ ប៉ុន្តែមិនទាន់ធ្លាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់ខ្លួន។ ឯកឧត្តម ប្រាជ្ញ ចន្ទ បញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពនេះមានសារៈសំខាន់ ដោយសារភិនភាគរបស់មនុស្សអាចមានការប្រែប្រួលតាមពេលវេលាក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ ដែលអាចបង្កការលំបាកក្នុងការកំណត់អត្តសញ្ញាណអ្នកបោះឆ្នោត។
 
 
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ គឺជាដំណាក់កាលសំខាន់មួយក្នុងការរៀបចំបញ្ជីបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។
 
សូមបញ្ជាក់ថា អ្នកបោះឆ្នោតសរុបជាង ១០លាននាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥៕

ដោយ សេង បារាំង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា