រដ្ឋ គ្រោង​ឧបត្ថម្ភធនដល់​ការ​បំប្លែង​រ៉ឺម៉កកង់បីពីការប្រើ​ប្រេងឥន្ធនៈ ​និងឧស្ម័ន​ទៅ​អគ្គិសនី​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋ គ្រោង​ឧបត្ថម្ភធនដល់​ការ​បំប្លែង​រ៉ឺម៉កកង់បីពីការប្រើ​ប្រេងឥន្ធនៈ ​និងឧស្ម័ន​ទៅ​អគ្គិសនី​

រដ្ឋ គ្រោង​ឧបត្ថម្ភធនដល់​ការ​បំប្លែង​រ៉ឺម៉កកង់បីពីការប្រើ​ប្រេងឥន្ធនៈ ​និងឧស្ម័ន​ទៅ​អគ្គិសនី​

រាជរដ្ឋាភិបាលកម្ពុជា ​កំពុង​សិក្សា​រៀប​ចំ​យន្តការ ​និងគ្រោងដាក់ឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភធន និងផ្តល់​ឥណទាន​សម្បទាន​សម្រាប់​ការ​បំប្លែង​រ៉ឺម៉កកង់បី ពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈទៅជាអគ្គិសនី ​ដើម្បី​ពង្រឹងសន្តិសុខថាមពល​ កាត់បន្ថយហានិភ័យពីការ​រំខាន​នៃ​ការ​ផ្គត់ផ្គង់ និងធានាលទ្ធភាពឆ្លើយតបក្នុងគ្រាអាសន្ន ឬវិបត្តិថាមពល។
 
គម្រោងនេះ គ្រោងចាប់ផ្តើមសាកល្បងលើរ៉ឺម៉កកង់បីជាង ៦ម៉ឺនគ្រឿង នៅរាជធានីភ្នំពេញ នាពេលខាងមុខ ដើម្បីពង្រឹងសន្តិសុខថាមពល កាត់បន្ថយហានិភ័យពីការរំខាននៃការផ្គត់ផ្គង់ និងធានាលទ្ធភាពឆ្លើយតបក្នុងគ្រាអាសន្ន ឬវិបត្តិថាមពល។ អ្នកជំនាញសេដ្ឋកិច្ច បានសាទរចំពោះគម្រោងនេះ ដែលជាការធ្វើកំណែទម្រង់មួយ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ផលប៉ះពាល់ពីការឡើងថ្លៃប្រេងឥន្ធនៈ។
 
បណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ សង្កេតឃើញថា យន្តការងាកមកប្រើប្រាស់ថាមពលអគ្គិសនីជំនួសប្រេងឥន្ធនៈ គឺជាកត្តាវិជ្ជមាន ដែលទាន់ពេលវេលា និងសមស្របទៅនឹងបរិបទរបស់ពិភពលោកនាពេលបច្ចុប្បន្ន។ អ្នកជំនាញរូបនេះយល់ឃើញ​ថា យន្តការនេះមិនត្រឹមអាចកាត់បន្ថយផលប៉ះពាល់បរិស្ថានប៉ុណ្ណោះទេ ក៏ជួយកាត់បន្ថយថ្លៃដើម និងជួយបង្កើនប្រាក់ចំណេញដល់ក្រុមហ៊ុនអាជីវកម្ម ថែមទៀតផង។
 
 
បើតាមបណ្ឌិត ញិល រដ្ឋា អត្ថប្រយោជន៍នានា ដែលរដ្ឋាភិបាលបាន និងកំពុងដាក់ចេញ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាការឆ្លើយតបនឹងវិបត្តិ។ លោករំពឹងថា រាជរដ្ឋាភិបាលអាចគៀរគរអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធកាន់តែច្រើន ឲ្យពួកគាត់ចុះឈ្មោះចូលទៅក្នុងប្រព័ន្ធ។ ​បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មាន ៦,២លាននាក់ គឺជាអ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
 
សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនាពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សារៀបចំយន្តការ និងគ្រោងដាក់ឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទានសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈទៅអគ្គិសនី៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា