ថៃប្រើយុទ្ធសាស្ត្របំភាន់ភ្នែកអន្តរជាតិ ដោយនាំក្រុមអ្នកសង្កេតការណ៍អាស៊ានទៅពិនិត្យស្ថានភាពតំបន់អូរស្មាច់-ច្រកជាំ ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃប្រើយុទ្ធសាស្ត្របំភាន់ភ្នែកអន្តរជាតិ ដោយនាំក្រុមអ្នកសង្កេតការណ៍អាស៊ានទៅពិនិត្យស្ថានភាពតំបន់អូរស្មាច់-ច្រកជាំ ​

ថៃប្រើយុទ្ធសាស្ត្របំភាន់ភ្នែកអន្តរជាតិ ដោយនាំក្រុមអ្នកសង្កេតការណ៍អាស៊ានទៅពិនិត្យស្ថានភាពតំបន់អូរស្មាច់-ច្រកជាំ ​

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រតិកម្មចំពោះសកម្មភាពរបស់ភាគីថៃ ដែលបានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន និងអ្នកសារព័ត៌មានអន្តរជាតិ ចុះទៅកាន់តំបន់អូរស្មាច់-ច្រកជាំ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមលេស «ផ្ទៀងផ្ទាត់ការពិត» ពាក់ព័ន្ធនឹងរឿង Online Scams។ ឯកឧត្តមបានលើកឡើងថា សកម្មភាពរបស់ថៃនេះគ្រាន់តែជាឧបាយកលបិទបាំងការរំលោភបំពានដែនដីកម្ពុជាប៉ុណ្ណោះ។​
 
​រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថា បទល្មើសអនឡាញមិនអាចយកមកធ្វើជាលេសក្រោយហេតុការណ៍ ដើម្បីរំលោភអធិបតេយ្យភាពរដ្ឋមួយទៀត និងប៉ុនប៉ងបង្កើតភាពស្របច្បាប់ដល់ការវត្តមានកងកម្លាំងរបស់ខ្លួនលើទឹកដីកម្ពុជាឡើយ។​
 
ឯកឧត្តមបានចោទសួរចំៗទៅភាគីថៃថា មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិនថា «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? តើកងកម្លាំងថៃបានចូលទៅគ្រប់គ្រងទីតាំងទាំងនោះនៅពេលណា និងដោយរបៀបណា? នេះជាសំណួរស្នូលដែលមិនអាចបង្វែរបានដោយការរៀបចំដំណើរទស្សនកិច្ចសារព័ត៌មាន ឬការបង្ហាញសម្ភារៈណាមួយឡើយ។
 
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ការផ្ទៀងផ្ទាត់ការពិត ដែលមានវិជ្ជាជីវៈ និងត្រឹមត្រូវ គឺមិនគួរចាប់ផ្តើមត្រឹមតែពីអ្វីដែលមាននៅក្នុងអគារនោះទេ។ ប៉ុន្តែត្រូវពិនិត្យមើលដល់ទីតាំងភូមិសាស្ត្រ កូអរដោនេ ផែនទី សន្ធិសញ្ញា ឯកសារព្រំដែន ស្ថានភាពមុនពេលមានការប្រយុទ្ធ និងមូលដ្ឋានផ្លូវច្បាប់នៃវត្តមានកងកម្លាំងថៃនៅទីនោះ។ ឯកឧត្តម បានរំលឹកថា ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងបញ្ហាអធិបតេយ្យភាពរបស់រដ្ឋ គឺជាបញ្ហាពីរដាច់ដោយឡែកពីគ្នា។​
 
ប្រសិនបើមានបទល្មើសកើតឡើង ការដោះស្រាយត្រូវធ្វើតាមរយៈយន្តការច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលមានស្រាប់ ដូចជា កិច្ចសហប្រតិបត្តិការប៉ូលិស ការផ្លាស់ប្តូរព័ត៌មាន និងការធ្វើបត្យាប័នជនសង្ស័យ ដោយមិនអាចយកការសង្ស័យក្នុងទឹកដីរដ្ឋមួយ មិនផ្តល់សិទ្ធិឱ្យកងកម្លាំងរបស់រដ្ឋមួយទៀតចូលទៅកាន់កាប់ ឬអនុវត្តអំណាចលើទឹកដីនោះដោយឯកតោភាគីឡើយ។
 
តំបន់អូរស្មាច់ គឺស្ថិតនៅក្នុងទឹកដីកម្ពុជា​ ដែលត្រូវបានកងកម្លាំងថៃដណ្តើមទៅគ្រប់គ្រងដោយខុសច្បាប់។ កម្ពុជាក៏បានតវ៉ាជាផ្លូវការចំពោះការនាំមន្ត្រីយោធា អនុព័ន្ធយោធាបរទេស និងអ្នកសារព័ត៌មានចូលទៅតំបន់ទាំងនេះដោយគ្មានការយល់ព្រមពីអាជ្ញាធរកម្ពុជា៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា