រុស្ស៊ី សម្រុកដឹកមាសទៅទុកនៅ ហុងកុង គេចពីទណ្ឌកម្ម, ត្រឹម ៧ ខែ រុស្ស៊ី ដឹកចូលជិត ១០០ តោន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី សម្រុកដឹកមាសទៅទុកនៅ ហុងកុង គេចពីទណ្ឌកម្ម, ត្រឹម ៧ ខែ រុស្ស៊ី ដឹកចូលជិត ១០០ តោន

រុស្ស៊ី សម្រុកដឹកមាសទៅទុកនៅ ហុងកុង គេចពីទណ្ឌកម្ម, ត្រឹម ៧ ខែ រុស្ស៊ី ដឹកចូលជិត ១០០ តោន

មូស្គូ ៖ ប្រទេសរុស្ស៊ីបានសម្រុកនាំចេញដុំមាសរបស់ខ្លួនយ៉ាងគំហុកទៅទុកនៅទីក្រុងហុងកុង ដោយសារតែទីក្រុងមួយនេះបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយ សម្រាប់ដុំមាសដែលរងការដាក់ទណ្ឌកម្មពីបស្ចិមប្រទេស ។

បើតាម financial times, ការផ្លាស់ប្តូរនេះកើតឡើង នៅពេលដែលមជ្ឈមណ្ឌលនានាក្នុងតំបន់អាស៊ីកំពុងប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយកចំណែកកាន់តែច្រើននៃពាណិជ្ជកម្មមាសសកល ដែលពីមុនមក ផ្តោតសំខាន់លើទីក្រុងឡុងដ៍របស់អង់គ្លេស, ក្រុងញូវយ៉ករបស់អាមេរិក និង ក្រុង ឌូបៃ របស់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ។

ទិន្នន័យពាណិជ្ជកម្មរបស់ហុងកុងបង្ហាញថា ត្រឹមរយៈពេល ៧ ខែនៃឆ្នាំ ២០២៦ នេះ មាសរុស្ស៊ីជិត ១០០ តោន បានហូរចូលទីក្រុងហុងកុង ។ នេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ហើយកើនឡើងជិត ៣ ដងនៃបរិមាណ ដែលបាននាំចូលក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន ។

លោក Debajit Saha អ្នកវិភាគនៅក្រុមហ៊ុនទីផ្សារហិរញ្ញវត្ថុសកល London Stock Exchange Group និយាយថា «ចាប់តាំងពីទីក្រុងឡុងដ៍បិទទ្វារមិនទទួលយកមាសរបស់រុស្ស៊ី បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះនៅអ៊ុយក្រែន ក្រុមហ៊ុនផលិតមាសរបស់រុស្ស៊ីបានងាកមកនាំចេញទៅកាន់ទីផ្សារនៅតំបន់អាស៊ីកាន់តែច្រើនឡើង» ។

ជាក់ស្តែង ការនាំចេញមាសរបស់រុស្ស៊ីមកកាន់ហុងកុងបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ២០២២មក នៅពេលដែលទីក្រុងមូស្គូបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំទៅលើអ៊ុយក្រែន ហើយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មលើមាសដុំរបស់ទីក្រុងមូស្គូ។

យ៉ាងណាមិញ ហុងកុង ក៏ដូចជា ប្រទេសចិនមិនមានការរឹតបន្តឹងយ៉ាងដូច្នេះនោះទេ។
ទន្ទឹមនឹងគ្នានេះដែរ, ចំពេលដែលមានភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ ធនាគារកណ្តាលរបស់ប្រទេសជាច្រើននៅជុំវិញពិភពលោកក៏កំពុងចាប់ផ្តើមនាំយកមាសដែលបានរក្សាទុក នៅទីក្រុងឡុងដ៍ និង ទីក្រុងញូវយ៉កត្រឡប់មកប្រទេសខ្លួនឡើងវិញ រួមទាំង ប្រទេសបារាំង និងហូឡង់ជាដើម៕

ប្រភព ៖ financial times ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា