កម្ពុជាសាកល្បងផលិតអំបិលតាមបែបនវានុវត្តន៍ ដើម្បីបង្កើនបរិមាណ និងគុណភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាសាកល្បងផលិតអំបិលតាមបែបនវានុវត្តន៍ ដើម្បីបង្កើនបរិមាណ និងគុណភាព

កម្ពុជាសាកល្បងផលិតអំបិលតាមបែបនវានុវត្តន៍ ដើម្បីបង្កើនបរិមាណ និងគុណភាព

អំបិល គឺជាទំនិញយុទ្ធសាស្ត្រ ដែលដើរតួនាទីសំខាន់ក្នុងការធានាសន្តិសុខស្បៀង។ ដើម្បីផលិតអំបិលប្រកបដោយគុណភាព និងស្របតាមស្តង់ដារ ខេត្តកែបបានចាប់ផ្តើមសាកល្បងគម្រោងផលិតអំបិលបែបនវានុវត្តន៍ ដោយប្រើប្រាស់ផ្ទះសំណាញ់ក្នុងដំណើរការផលិត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដោយមានការអមដំណើរពីឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំក្រុមការងារចុះពិនិត្យគម្រោងផលិតអំបិលបែបនវានុវត្តនេះ នៅសង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។

ដោយប្រើប្រាស់ផ្ទះសំណាញ់ បច្ចេកទេសថ្មីនេះជួយបង្កើនគុណភាពអំបិល និងអាចធានាការផលិតបានពេញមួយឆ្នាំ ដើម្បីជួយបង្កើនសមត្ថភាពផលិតអំបិលក្នុងស្រុក ដែលនៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការ និងរួមចំណែកពង្រឹងសន្តិសុខស្បៀងរបស់កម្ពុជា។

លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានប្រាប់ AMS ថា ផលិតកម្មអំបិលរបស់កម្ពុជានៅឆ្នាំ២០២៦ អាចកើនឡើងពីជាង ៣ម៉ឺនតោន ដល់ប្រមាណ ៨ម៉ឺនតោន។ បរិមាណនេះអាចបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកបានគ្រប់គ្រាន់ ដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលពីបរទេសទៀតទេ។

ចំពោះតម្លៃអំបិលវិញ ក្នុងឆ្នាំ២០២៦ មានភាពល្អប្រសើរជាងឆ្នាំ២០២៥ ដែលពេលនោះ ការផលិតរបស់កម្ពុជាមានបរិមាណតិចតួច មិនអាចផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់។ កង្វះខាតអំបិលកាលពីឆ្នាំមុន បានធ្វើឱ្យតម្លៃអំបិលកើនឡើង និងបន្តរក្សាតម្លៃល្អរហូតមកដល់បច្ចុប្បន្ន។

បើតាមប្រធានសមាគមអ្នកផលិតអំបិលកំពត-កែប អំបិលលេខ១ មានតម្លៃចន្លោះពី ១៨ ០០០ ទៅ ២ម៉ឺនរៀល ក្នុងមួយបាវទម្ងន់ ៥០គីឡូក្រាម។ អំបិលលេខ២ មានតម្លៃចន្លោះពី ១៦ ០០០ ទៅ ១៧ ០០០រៀល ក្នុងមួយបាវ ខណៈអំបិលលេខ៣ មានតម្លៃចន្លោះពី ១៣ ០០០ ទៅ ១៥ ០០០រៀល ក្នុងមួយបាវ។

សូមជម្រាបថា អំបិលកំពត និងកែប ត្រូវបានក្រសួងពាណិជ្ជកម្មប្រកាសជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាផ្លូវការ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ គិតត្រឹមឆ្នាំ២០២៤ ខេត្តកំពតមានផ្ទៃដីផលិតអំបិលចំនួនជិត ៣ ៥០០ហិកតា ហើយខេត្តកែបមានចំនួនជិត ៥០០ហិកតា។

ក្នុងឱកាសបំពេញបេសកកម្មនៅខេត្តកែបនោះដែរ ឯកឧត្តម សាយ សំអាល់ ក៏បានចុះត្រួតពិនិត្យគម្រោងសាងសង់ផ្លូវបេតុងប្រវែង ១ ២០០ម៉ែត្រ នៅជុំវិញភ្នំអង្កោល និងចូលទៅកាន់សហគមន៍នេសាទឆ្នេរអង្កោល។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន គឺជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសហគមន៍។

គម្រោងផ្លូវបេតុងនេះនឹងជួយពង្រឹងការតភ្ជាប់រវាងតំបន់នេសាទ និងតំបន់ទេសចរណ៍ ព្រមទាំងលើកកម្ពស់អេកូទេសចរណ៍ ជីវភាពប្រជាពលរដ្ឋ និងសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន។ បច្ចុប្បន្ន គម្រោងនេះសម្រេចបានប្រមាណ ៧០%។

គម្រោងទាំងនេះ បានបង្ហាញពីការរួមបញ្ចូលគ្នារវាងការពង្រឹងសន្តិសុខស្បៀង ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងការជំរុញសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍នៅមូលដ្ឋាន ស្របតាមទិសដៅអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយចីរភាព៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា