ផលិតកម្មក្នុងស្រុកគ្រោងថតភាពយន្តខ្នាតធំរឿង «ល្បុក្កតោ អ្នកចម្បាំងអង្គរ» ដោយមាន ដាវ លីឌុច ជាតួឯក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផលិតកម្មក្នុងស្រុកគ្រោងថតភាពយន្តខ្នាតធំរឿង «ល្បុក្កតោ អ្នកចម្បាំងអង្គរ» ដោយមាន ដាវ លីឌុច ជាតួឯក

ផលិតកម្មក្នុងស្រុកគ្រោងថតភាពយន្តខ្នាតធំរឿង «ល្បុក្កតោ អ្នកចម្បាំងអង្គរ» ដោយមាន ដាវ លីឌុច ជាតួឯក

គម្រោងផលិតខ្សែភាពយន្តខ្នាតធំរឿង «ល្បុក្កតោ អ្នកចម្បាំងអង្គរ» របស់ផលិតកម្ម ប្រាយ ហ្វីម បានទទួលការគាំទ្រពេញទំហឹងពីក្រសួង ស្ថាប័ន ពាក់ព័ន្ធ។ ខ្សែភាពយន្តនេះគ្រោងចំណាយថវិកាផលិតរាប់ម៉ឺនដុល្លារ ហើយគ្រោងចាប់ផ្តើមថតនៅខែមករា ឆ្នាំ២០២៧។

ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបណ្ឌិតសភាល្បុក្កតោកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះផលិតកម្មក្នុងស្រុកឈ្មោះ ប្រាយ ហ្វីម ដែលគ្រោងផលិតខ្សែភាពយន្តខ្នាតធំរឿង «ល្បុក្កតោ អ្នកចម្បាំងអង្គរ»។ ភាពយន្តនេះ គ្រោងចំណាយថវិការផលិតរាប់ម៉ឺនដុល្លារ ហើយថតនៅលើទឹកដីអង្គរ និងតំបន់អច្ឆរិយៈមួយចំនួនទៀតរបស់កម្ពុជា ដោយមានការចូលរួមសម្តែងពីតារាល្បីៗទាំងជាតិ និងអន្តរជាតិ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍គាំទ្រយ៉ាងមុតមាំចំពោះគំនិតផ្តួចផ្តើមរបស់ផលិតករកម្ពុជា ដែលនឹងផលិតខ្សែភាពយន្តខ្នាតធំអំពីគុនល្បុក្កតោ ជាកេរដំណែលនៃក្បាច់គុនបុរាណរបស់បុព្វបុរសខ្មែរជំនាន់មុន។

ឯកឧត្តម បានគូសបញ្ជាក់ថា ភាពយន្តគឺជាឧបករណ៍សិល្បៈដ៏មានសារៈសំខាន់ និងមានប្រសិទ្ធភាព ក្នុងការបង្ហាញរូបភាពពិតអំពីប្រវត្តិសាស្រ្ត វប្បធម៌ អត្តសញ្ញាណជាតិ និងទេសភាពដ៏ស្រស់ស្អាតរបស់កម្ពុជា ទៅកាន់ពិភពលោក។ សម្រាប់ឯកឧត្តម ភាពយន្តអាចជួយប៧ង្កើនការយល់ដឹង ការចាប់អារម្មណ៍ និងការចង់មកស្វែងយល់ពីកម្ពុជាដោយផ្ទាល់កាន់តែច្រើន។

ឯកឧត្តម មានសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីភាពយន្តខ្នាតធំនេះត្រូវបានផលិតរួចរាល់ និងដាក់បញ្ចាំងនៅក្នុងស្រុក និងក្រៅស្រុក កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍កាន់តែច្រើន ដើម្បីមកស្វែងយល់ និងទស្សនាទីតាំងពិតដែលភាពយន្តបានថត។

ស្រដៀងគ្នានេះដែរ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរំលឹកថា ក្បាច់គុនល្បុក្កតោ គឺជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ហើយភាពយន្តខ្នាតធំនេះ គឺជារូបភាពមួយនៃសាច់រឿងដែលអាចនាំទៅបង្ហាញឱ្យពិភពលោកបានស្គាល់សិល្បៈក្បាច់គុនខ្មែរ។

ក្រសួងវប្បធម៌ជឿជាក់ថា ភាពយន្តខ្នាតធំនេះនឹងរួមចំណែករំលេចអំពីវប្បធម៌អរិយធម៌ខ្មែរ ពិសេសក្បាច់គុនល្បុក្កតោ ព្រមទាំងជួយទាក់ទាញប្រជាជននៅលើពិភពលោកឲ្យចង់ដឹងចង់ឃើញពីក្បាច់គុនដ៏រស់រវើករបស់ខ្មែរ ហើយចុះមកសិក្សាស្រាវជា្រវមកដល់ទីកន្លែងផងដែរ។

ខ្សែភាពយន្តខ្នាតធំរឿង «ល្បុក្កតោ អ្នកចម្បាំងអង្គរ» គ្រោងចាប់ផ្តើមថតនៅខែមករា ឆ្នាំ២០២៧។ តួឯកក្នុងភាពយន្តនេះ នឹងសម្តែងដោយលោក ដាវ លីឌុច អតីតអ្នកប្រដាល់កាណាដា សញ្ជាតិមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នរស់នៅក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។

ជាមួយនឹងការទទួលបានតួនាទីជាតួឯកជាលើកដំបូងក្នុងខ្សែភាពយន្តខ្នាតធំនេះ លោក ដាវ លីឌុច បានបង្ហាញអារម្មណ៍រីករាយ ព្រោះលោកអាចរួមចំណែកក្នុងការផ្សព្វផ្សាយគុនល្បុក្កតោ វប្បធម៌ និងអរិយធម៌ខ្មែរ ទៅកាន់ពិភពលោក៕


រូបភាព៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា