រាជរដ្ឋាភិបាលសម្រេចផ្អាកល្បែងភ្នាល់អនឡាញនៅគ្រប់កាស៊ីណូទូទាំងប្រទេស ចាប់ពីខែតុលាតទៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាលសម្រេចផ្អាកល្បែងភ្នាល់អនឡាញនៅគ្រប់កាស៊ីណូទូទាំងប្រទេស ចាប់ពីខែតុលាតទៅ

រាជរដ្ឋាភិបាលសម្រេចផ្អាកល្បែងភ្នាល់អនឡាញនៅគ្រប់កាស៊ីណូទូទាំងប្រទេស ចាប់ពីខែតុលាតទៅ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​​ផ្អាក​ហ្គេមភ្នាល់​អនឡាញនៅគ្រប់កាស៊ីណូទូទាំងប្រទេស ចាប់ពីខែតុលា ឆ្នាំ២០២៦នេះតទៅ។ នេះបើតាម ឯកឧត្តម  ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ដែលបញ្ជាក់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងចំនួន១ខ្សែ នៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
 
នៅកម្ពុជា មានកាស៊ីណូ​ស្របច្បាប់សរុបចំនួន​១៩៥ទីតាំង។ ឯកឧត្តមរដ្ឋមន្ត្រីបានព្រមានថា កាស៊ីណូណាដែលហ៊ានល្មើសនឹងវិធានការនេះ នឹងត្រូវដកអាជ្ញាបណ្ណ និងប្រឈមមុខច្បាប់ផ្សេងទៀត។ ឯកឧត្តម​ ស សុខា បានលើកឡើងថា ការសម្រេចបិទល្បែងភ្នាល់​អនឡាញនេះ គឺដើម្បីពង្រឹងបន្ថែមទៀតនូវវិធានការបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចរាចរណ៍សាច់ប្រាក់គ្មានប្រភពច្បាស់លាស់។​
 
ឯកឧត្តម ស សុខា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា​បានណែនាំឱ្យ​ក្រសួងស្ថាប័នជំនាញ ត្រូវពង្រឹងវិធានការគ្រប់គ្រងល្បែងប្រភេទនេះឱ្យបានច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាពិសេសមូលធនមនុស្សមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ មុននឹងពិចារណាសម្រេចអនុញ្ញាតឡើងវិញ។
 
​ការផ្អាកហេ្គមភ្នាល់អនឡាញ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាទើបតែបានប្រកាសប្រាប់អង្គទូត និងសហគមន៍អន្តរជាតិថា នៅកម្ពុជា លែងមានទៀតឡើយនូវសំបុកពួកឆបោកខ្នាតធំ ប៉ុន្តែទោះបីយ៉ាងណាកម្ពុជានៅតែបន្តបង្រ្កាបជនសង្ស័យ​ដែលរត់ទៅសំងំលួចលាក់ប្រព្រឹត្តជាទ្រង់ទ្រាយតូចៗបន្តទៀត។ 
 
ក្នុងរយៈពេលជាង ៦ខែចុងក្រោយនេះ អាជ្ញាធរកម្ពុជាសម្រេចបានលទ្ធផលធំៗក្នុងការបង្រ្កាបបទល្មើស​ឆបោកតាមបច្ចេកវិទ្យា ក្នុងនោះ សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងចំនួន ៤០៨ករណីទៅតុលាការ ពាក់ព័ន្ធនឹងជនត្រូវចោទជិត ៣ ៥០០នាក់ រួមមាន មេខ្លោង និងគូកនមកពី២៩សញ្ជាតិ។ ជាមួយគ្នានេះ មន្ត្រីជាប់ពាក់ព័ន្ធចំនួន១៥នាក់ ក៏ត្រូវបានកសាងសំណុំរឿង​ចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។ 
 
ក្រៅពីនេះ ជនបរទេសជាង៤សែននាក់ត្រូវបានបញ្តេញចេញ និងស្ម័គ្រចិត្តចាកចេញពីកម្ពុជា។ អាជ្ញាធរក៏បានជួយសង្គ្រោះជនបរទេសជាង២ម៉ឺន២ពាន់នាក់​ឱ្យត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។
 
សមិទ្ធផលទាំងនេះទទួលបានការវាយតម្លៃ និងកោតសរសើរខ្ពស់ពីសំណាក់ស្ថានទូតនានាដូចជា អាម៉េរិក ចិន ជប៉ុន កូរ៉េ និងអង្គការសហប្រជាជាតិ ដោយភាគីអន្តរជាតិទាំងនោះបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីធានាថា ពួកឧក្រិដ្ឋជននឹងមិនអាចមានលទ្ធភាពវិលមកកាច់សំបុកនៅកម្ពុជាឡើងវិញបានឡើយ៕

សៅ សុខអេង​

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា