កម្ពុជាស្នើគោលការណ៍គ្រឹះ៣ចំណុចសម្រាប់បង្កើតបរិយាកាសវិនិយោគប្រកបដោយចីរភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាស្នើគោលការណ៍គ្រឹះ៣ចំណុចសម្រាប់បង្កើតបរិយាកាសវិនិយោគប្រកបដោយចីរភាព

កម្ពុជាស្នើគោលការណ៍គ្រឹះ៣ចំណុចសម្រាប់បង្កើតបរិយាកាសវិនិយោគប្រកបដោយចីរភាព

ក្នុងពិធីបើក «វេទិកាកូលាំងយូ ២០២៦» ស្ដីពីកិច្ចពិភាក្សាតុមូលរបស់ថ្នាក់ដឹកនាំធុរកិច្ចពិភពលោកសម្រាប់ការវិនិយោគសកល កាលពីថ្ងៃទី៧កញ្ញា នៅខេត្តហ្វូជៀន ប្រទេសចិន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីប្រធានបទដ៏មានសារៈសំខាន់សម្រាប់ពិភពធុរកិច្ចបច្ចុប្បន្ន គឺ «ការបង្ការ និងការគ្រប់គ្រងហានិភ័យមិនមែនពាណិជ្ជកម្ម» ក្នុងបរិបទដែលសហគ្រាសនានាកំពុងពង្រីកប្រតិបត្តិការលើឆាកអន្តរជាតិ។
 
ឯកឧត្តមបញ្ជាក់ថា នៅពេលការវិនិយោគ ឬអាជីវកម្មដើរចូលទៅកាន់ទីផ្សារសកល វិនិយោគិន ធុរជន ឬអាជីវករមិនត្រឹមតែប្រឈមមុខនឹងហានិភ័យហិរញ្ញវត្ថុនៅលើតារាងតុល្យការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវប្រឈមនឹងបញ្ហាខាងក្រៅជាច្រើនដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូរបទប្បញ្ញត្តិប្លែកៗ ប្រព័ន្ធច្បាប់ចម្រុះ ការរអាក់រអួលខ្សែច្រវាក់ផ្គត់ផ្គង់ និងគម្លាតនៃការយល់ដឹងរវាងវិនិយោគិន រដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន។
 
ចេញពីបទពិសោធន៍ជាក់ស្តែងរបស់កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឡើងនូវគោលការណ៍គ្រឹះចំនួន ៣ សម្រាប់បង្កើតបរិយាកាសវិនិយោគប្រកបដោយចីរភាព។ ទី១ គឺការព្យាករណ៍បាន៖ ដោយវិនិយោគិនត្រូវការច្បាប់ទម្លាប់ដែលច្បាស់លាស់ រាជរដ្ឋាភិបាលមានភារកិច្ចផ្តល់ជូននូវច្បាប់ប្រកបដោយតម្លាភាព គោលនយោបាយមានស្ថិរភាព និងគ្រឹះស្ថានស្ថាប័នដែលអាចពឹងផ្អែកបាន។
 
ចំណុចទី២ គឺភាពជាដៃគូ៖ ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា ការវិនិយោគនៅបរទេសដែលជោគជ័យមិនអាចពឹងផ្អែកលើតែដើមទុននោះទេ ប៉ុន្តែទាមទារនូវ «ទំនុកចិត្ត» ហើយទី៣ គឺការធ្វើពិពិធកម្ម និងការតភ្ជាប់៖ នៅក្នុងពិភពលោកដែលមានភាពមិនប្រាកដប្រជា ភាពធន់កើតចេញពីការមានជម្រើសច្រើន។ ចំពោះឯកឧត្តម ការធ្វើពិពិធកម្មទីផ្សារ អ្នកផ្គត់ផ្គង់ ទីតាំងផលិតកម្ម ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម គឺជាកត្តាចាំបាច់។
 
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា កម្ពុជា បន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយចិន អាស៊ាន និងដៃគូទូទាំងពិភពលោក ដោយមិនតម្រូវឱ្យមានការជ្រើសរើសរវាងដៃគូណាមួយឡើយ ព្រោះការតភ្ជាប់កាន់តែច្រើន នាំមកនូវឱកាសកាន់តែច្រើន និងកាត់បន្ថយហានិភ័យ។
 
ឯកឧត្តមបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការស្ដាប់ ក៏ដូចជាជួយគ្រប់គ្រងហានិភ័យ និងធ្វើការជាមួយគ្នាជាដៃគូរយៈពេលវែង ពីព្រោះនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ ការការពារដ៏ល្អបំផុតទល់នឹងភាពមិនប្រាកដប្រជា គឺ «ទំនុកចិត្ត» ដែលត្រូវបានកសាងឡើងតាមរយៈការសន្ទនា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូពិតប្រាកដ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា