ប្រេងឡើងថ្លៃខ្លាំង ក្រោយ ហូធី វាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល អារ៉ាប៊ី សាអូឌីត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រេងឡើងថ្លៃខ្លាំង ក្រោយ ហូធី វាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល អារ៉ាប៊ី សាអូឌីត

ប្រេងឡើងថ្លៃខ្លាំង ក្រោយ ហូធី វាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល អារ៉ាប៊ី សាអូឌីត

តម្លៃប្រេង នៅថ្ងៃអង្គារនេះ បានឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនសប្តាហ៍ ពោលគឺបន្ទាប់ពីក្រុមប្រដាប់អាវុធ ហ៊ូធី បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់អារ៉ាប៊ី សាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេបំផុត របស់ពិភពលោក។

តម្លៃប្រេងឆៅ Brent បានឡើងដល់ ៩៩,២២ ដុល្លារ ក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ២៤ ខែកក្កដាមក។ ចំណែកប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកវិញ បានឡើងដល់ ៩៤,៦០ ដុល្លារ ក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ៨ ខែមិថុនា។

បើតាម CNA, ការឡើងថ្លៃប្រេងយ៉ាងគំហុកនេះ បានកើតឡើង បន្ទាប់ពីប្រតិបត្តិការនៅហេដ្ឋារចនាសម្ព័ន្ធថាមពលមួយចំនួន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានផ្អាក នៅថ្ងៃទី៨ ខែកញ្ញានេះ ក្រោយពីមានការវាយប្រហារ ដោយក្រុមហ៊ូធី នៅយេម៉ែន ជាក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។

ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្ស ៧៣ នាក់រងរបួស ហើយត្រូវបានអាជ្ញាធរអារ៉ាប៊ី សាអូឌីត ចាត់ទុកថា ជាការកើនឡើងនៃភាពតានតឹងដ៏គ្រោះថ្នាក់។

ទន្ទឹមនឹងនេះ, អ៊ីរ៉ង់បានគំរាមសហរដ្ឋអាមេរិកអំពី «សង្គ្រាមសេដ្ឋកិច្ច» និងបានអះអាងថា ខ្លួនបានបាញ់មីស៊ីលទំនើប ទៅលើនាវាចម្បាំងអាមេរិក។ សកម្មភាពនេះបានបង្ហាញឱ្យឃើញពីហានិភ័យនៃការកើនឡើងភាពតានតឹងបន្ថែមទៀតនៅក្នុងសង្គ្រាម ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភាគីទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមកម្តងទៀត។

លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារ នៅក្រុមហ៊ុន KCM Trade បានមានប្រសាសន៍ថា «ការប្រែប្រួលតម្លៃនេះឆ្លុះបញ្ចាំង ទាំងភាពខ្វះខាតនៃការផ្គត់ផ្គង់ជាក់ស្តែងព្រោះលំហូរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz នៅតែមានកម្រិតទាបជាងធម្មតា និង ហានិភ័យភូមិសាស្ត្រនយោបាយដ៏ច្បាស់លាស់»។

លោកបន្តថា «នៅឆ្នាំនេះ តម្លៃប្រេងទំនងជានឹងនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ ដរាបណាច្រកសមុទ្រ នៅតែជាតំបន់ដែលមានជម្លោះ ហើយវឌ្ឍនភាពផ្នែកការទូតនៅតែមានភាពផុយស្រួយ»។

អ្នកវិភាគនៅធនាគារ ANZ និង ធនាគារ Goldman Sachs សុទ្ធតែបានព្រមានថា បរិមាណផលិតកម្ម និង ការដឹកជញ្ជូនប្រេង នៅតំបន់មជ្ឈិមបូព៌ា នឹងមិនអាចត្រឡប់ទៅរកកម្រិតដូចមុនពេលមានសង្គ្រាមវិញនោះទេ ពោលគឺអាចអូសបន្លាយរហូតដល់ឆ្នាំ ២០២៧។

នៅក្នុងទីផ្សារផលិតផលប្រេងវិញ, ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងវិស័យនេះបានលើកឡើង នៅថ្ងៃអង្គារនេះថា ការផ្គត់ផ្គង់ប្រេងម៉ាស៊ូតទូទាំងពិភពលោកនឹងនៅតែមានកម្រិតទាប ឬតឹងតែង ដោយសារកង្វះសមត្ថភាពចម្រាញ់ប្រេងបន្ថែម, ការហាមឃាត់ការនាំចេញរបស់រុស្ស៊ី និង តម្រូវការប្រើប្រាស់ខ្ពស់បំផុតក្នុងរដូវរងា ដែលជិតមកដល់៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា