រុស្ស៊ី កែកុនក្បួនប្រយុទ្ធថ្មី គ្រោងផលិតមីស៊ីលធូរថ្លៃ តែកម្លាំងបំផ្លាញខ្ពស់ ទុកវាយ អ៊ុយក្រែន ឆ្នាំក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី កែកុនក្បួនប្រយុទ្ធថ្មី គ្រោងផលិតមីស៊ីលធូរថ្លៃ តែកម្លាំងបំផ្លាញខ្ពស់ ទុកវាយ អ៊ុយក្រែន ឆ្នាំក្រោយ

រុស្ស៊ី កែកុនក្បួនប្រយុទ្ធថ្មី គ្រោងផលិតមីស៊ីលធូរថ្លៃ តែកម្លាំងបំផ្លាញខ្ពស់ ទុកវាយ អ៊ុយក្រែន ឆ្នាំក្រោយ

មូស្គូ ៖ ប្រទេសរុស្ស៊ីមានគម្រោងពង្រីកការផលិតគ្រាប់មីស៊ីលនាំផ្លូវថ្មីជាមួយនឹងតម្លៃធូរថ្លៃ ប៉ុន្តែមានសមត្ថភាពបំផ្លាញខ្ពស់ ដើម្បីបង្កើនសមត្ថភាពវាយប្រហារប្រឆាំងនឹងអ៊ុយក្រែននៅឆ្នាំ ២០២៧ ខាងមុខ ។

បើតាម The New Voice of Ukraine, មីស៊ីលនាំផ្លូវថ្មីនេះមានឈ្មោះ Dan-T ។ វាមានសមត្ថភាពហោះទម្លុះមេឃបុកកម្ទេចគោលដៅក្នុងចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់ទម្ងន់រហូតដល់ ១៣៥ គីឡូក្រាម ។

ប្រភពបញ្ជាក់ថា មីស៊ីលនាំផ្លូវ Dan-T មានទំហំ និងសមត្ថភាពខុសពីមីស៊ីលរយៈចម្ងាយឆ្ងាយ ដូចជាមីស៊ីល Kh-101 ឬមីស៊ីល Kalibr ប៉ុន្តែចំណុចខ្លាំងរបស់វា គឺមានតម្លៃធូរថ្លៃ និងអាចផលិតក្នុងបរិមាណច្រើននៅក្នុងមួយឆ្នាំៗ ។

លោក Dmytro Putyata អ្នកវិភាគយោធាអ៊ុយក្រែននិយាយថា ការរីកសាយនៃមីស៊ីលនាំផ្លូវប្រភេទថ្មីនេះ អាចបង្កជា “បញ្ហាធំ” សម្រាប់ប្រព័ន្ធខែលការពារដែនអាកាសរបស់អ៊ុយក្រែន។

ផ្អែកតាមការវាយតម្លៃរបស់អ្នកវិភាគយោធារូបនេះ, រុស្ស៊ីអាចនឹងមានផែនការផលិតមីស៊ីលនាំផ្លូវ Dan-T ប្រហែល ១ ម៉ឺនគ្រាប់ក្នុងឆ្នាំ ២០២៧ ។ យ៉ាងណា តួលេខនេះមិនទាន់ត្រូវបានស្ថាប័នចារកម្មយោធាអ៊ុយក្រែនបញ្ជាក់ជាផ្លូវការនៅឡើយទេ ។

ជាមួយគ្នានេះ អនុប្រធានចារកម្មយោធាអ៊ុយក្រែន លោក Vadym Skibitskyi ក៏បាននិយាយពីមីស៊ីល Dan-T នេះផងដែរថា ជាអាវុធថ្មីដែលរុស្ស៊ីបានដាក់ពង្រាយក្នុងឆ្នាំ ២០២៦ ។ លោកថា រុស្ស៊ីកំពុងអភិវឌ្ឍសមត្ថភាពឱ្យមីស៊ីលទាំងនេះអាចបាញ់ចេញពីឧទ្ធម្ភាគចក្រប្រយុទ្ធ និងយន្តហោះចម្បាំង។

បើតាមអ្នកជំនាញការពារជាតិអ៊ុយក្រែន, គោលដៅរបស់រុស្ស៊ីនៅឆ្នាំក្រោយ គឺការវាយប្រហារដោយមីស៊ីល ដែលមានតម្លៃធូរថ្លៃ ដើម្បីដាក់សម្ពាធលើសំណាញ់មេឃរបស់អ៊ុយក្រែន ជាពិសេសបង្ខំឱ្យទីក្រុងកៀវប្រើមីស៊ីលស្ទាក់ចាប់ដែលមានតម្លៃខ្ពស់កប់ពពក មកទប់ទល់អាវុធមានតម្លៃថោកជាងឆ្ងាយ ។

មកទល់ពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងក្រោយរុស្ស៊ីបញ្ជូនទ័ពចូលលុកលុយទឹកដីអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅមិនទាន់បង្ហាញសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយទេ បើទោះបីជាចាយពេលជាង ៤ ឆ្នាំហើយក៏ដោយ ៕

ប្រភព ៖ The New Voice of Ukraine ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា