មន្ត្រីរាជការទទួលការបណ្តុះបណ្តាលអំពីផលិតភាព ដើម្បីពង្រឹងសមត្ថភាពការងារក្នុងវិស័យសាធារណៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីរាជការទទួលការបណ្តុះបណ្តាលអំពីផលិតភាព ដើម្បីពង្រឹងសមត្ថភាពការងារក្នុងវិស័យសាធារណៈ

មន្ត្រីរាជការទទួលការបណ្តុះបណ្តាលអំពីផលិតភាព ដើម្បីពង្រឹងសមត្ថភាពការងារក្នុងវិស័យសាធារណៈ

សិក្ខាសាលាបណ្តុះណ្តាលអំពីផលិតភាព និងការគ្រប់គ្រងអនុវត្តការងារក្នុងវិស័យសាធារណៈ ត្រូវបានរៀបចំឡើងរយៈពេល៥ថ្ងៃនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយចាប់ផ្តើមនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។ សិក្ខាកាមជាមន្ត្រីរាជការជាង២០រូប មកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានចូលរួមវគ្គបណ្តុះបណ្តាលនេះ។

យោងតាមឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម សិក្ខាសាលានេះមានគោលបំណង ពង្រឹងសមត្ថភាពមន្រ្តីរាជការ និងធ្វើឱ្យប្រសើរឡើងនូវផលិតភាពរបស់អង្គភាព ស័ក្តិសិទ្ធភាព អភិបាលកិច្ចល្អក្នុងការផ្តល់សេវាក្នុងវិស័យសាធារណៈ។ ការផ្តល់សេវាទាំងនេះត្រូវត្រូវធ្វើឡើងប្រកបដោយប្រសិទ្ធភាព តម្លាភាព ភាពងាយស្រួល និងផ្តល់ភាពជឿជាក់ដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគ ដែលជាអ្នកទទួលសេវា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកស្ទួយសុខមាលភាពរបស់ប្រជាពលរដ្ឋ។

ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ដែលមានតួនាទីរួមចំណែកគាំទ្រដល់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម បានសម្រួលនីតិវិធី បែបបទផ្តល់សេវាបច្ចេកទេស និងបង្កើតកម្មវិធីផ្សព្វផ្សាយ បណ្តុះបណ្តាល ដើម្បីលើកកម្ពស់សមត្ថភាព និងគុណភាពអាជីវកម្ម ស្របតាមបរិបទថ្មី ប្រកបដោយចីរភាព។

កាលពីចុងឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ វីង ដើម្បីបង្កើតកញ្ចប់ឥណទានទំហំ ២០០ លានដុល្លារអាមេរិក ដើម្បីពង្រីកសេវាហិរញ្ញវត្ថុ ជំរុញនវានុវត្តន៍ និងលើកកម្ពស់ការអភិវឌ្ឍអាជីវកម្មសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមទូទាំងប្រទេសកម្ពុជា៕

រូបភាព៖ វ៉េង លឹមហួត
អត្ថបទ៖ វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា