មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ សង្គ្រោះស្រូវវស្សាប្រជាពលរដ្ឋបាន ១៤ ២៨៥ ហិកតា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ សង្គ្រោះស្រូវវស្សាប្រជាពលរដ្ឋបាន ១៤ ២៨៥ ហិកតា

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ សង្គ្រោះស្រូវវស្សាប្រជាពលរដ្ឋបាន ១៤ ២៨៥ ហិកតា

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអន្តរាគមន៍បូមទឹកសង្គ្រោះផ្ទៃដីស្រូវវស្សាប្រជាពលរដ្ឋបានប្រមាណ ១៤ ២៨៥ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកកម្លាំង៦៥សេះ ស្ថានីយបូមទឹកប្រើថាមពលអគ្គិសនី និងការកាយបើកបង្ហូរទឹកតាមប្រឡាយមេ។ បច្ចុប្បន្ន ក្រុមការងារកំពុងបន្តកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ ១១ ៨៩៨ ហិកតា។

នេះបើផ្អែកតាមរបាយការណ៍របស់មន្ទីរធនធានទឹកខេត្ត ដែលបង្ហាញជូនឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅពេលឯកឧត្តមដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យការដ្ឋានសំណង់ស្ទាក់ទឹកស្ទឹងតូច និងតាមដានស្ថានភាពការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ។

សំណង់ស្ទាក់ទឹកស្ទឹងតូច កសាងឡើងក្នុងក្របខ័ណ្ឌនៃគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ស្ថិតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានសក្ដានុពលពង្វាងទឹកប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ហូរធ្លាក់ទៅទន្លេបាទី ក្នុងភូមិសាស្ត្រខេត្តតាកែវ និងបន្តធ្លាក់ទៅទន្លេបាសាក់។

ទន្ទឹមនឹងការពិនិត្យវឌ្ឍនភាពសំណង់រចនាសម្ព័ន្ធរូបវន្ត ឯកឧត្តម ថោ ជេដ្ឋា ក៏បានពិនិត្យមើលសកម្មភាពជាក់ស្តែងនៃការប្រើប្រាស់គ្រឿងចក្រ និងម៉ាស៊ីនបូមទឹកអន្តរាគមន៍ ដែលមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានដាក់ពង្រាយ ដើម្បីបញ្ជូនទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាខ្វះខាតទឹក។

ឯកឧត្តមបានណែនាំដល់មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានឱ្យបន្តយកចិត្តទុកដាក់ខ្ពស់តាមដានស្ថានភាពទឹកឱ្យបានជាប់ជាប្រចាំ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហានានា ដើម្បីធានាថាដំណាំស្រូវរបស់ប្រជាពលរដ្ឋមិនត្រូវខូចខាតឡើយ។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ការកសាង និងថែទាំសំណង់ទាំងនេះ គឺជាកិច្ចការអាទិភាពដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងធានាបាននូវសន្តិសុខស្បៀងជូនដល់ប្រជាកសិករ៕

អត្ថបទ៖វណ្ណា

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា