UN ប្រកាសថ្កោលទោសហ៊ូធីដែលវាយប្រហារលើអារ៉ាប់ប៊ី សាអ៊ូឌីត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN ប្រកាសថ្កោលទោសហ៊ូធីដែលវាយប្រហារលើអារ៉ាប់ប៊ី សាអ៊ូឌីត

UN ប្រកាសថ្កោលទោសហ៊ូធីដែលវាយប្រហារលើអារ៉ាប់ប៊ី សាអ៊ូឌីត

អ.ស.ប ៖ អ្នកនាំពាក្យ ប្រមុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានប្រកាសថ្កោលទោសការវាយប្រហាររបស់ក្រុមប្រដាប់អាវុធហ៊ូធីមកលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលបង្កឲ្យតម្លៃប្រេងកាន់តែឡើងថ្លៃខ្លាំង បន្ថែមពីលើសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់។

ការថ្កោលទោសនេះ ធ្វើឡើង បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធីបានវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធប្រេង របស់ប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស។

លោក Stephane Dujarric មានប្រសាសន៍ថា «យើងថ្កោលទោសការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហ៊ូធី ទៅលើទីតាំងជាច្រើននៅភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីត។ ការវាយប្រហារទាំងនេះបានប៉ះពាល់ដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពល ហើយជាការពិតណាស់ យើងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍អំពីការរងរបួសរបស់ជនស៊ីវិល»។

ជាការកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធថាមពលមួយចំនួន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានផ្អាក កាលពីថ្ងៃទី៨ ខែកញ្ញានេះ ក្រោយពីមានការវាយប្រហារ ដោយក្រុមហ៊ូធី នៅយេម៉ែន ជាក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។

ការវាយប្រហារលើប្រទេសនាំចេញប្រេងធំបំផុតលើលោកមួយនេះបានបណ្តាលឱ្យមនុស្ស ៧៣ នាក់រងរបួស ហើយត្រូវបានអាជ្ញាធរអារ៉ាប៊ី សាអូឌីត ចាត់ទុកថា ជាការកើនឡើងនៃភាពតានតឹងដ៏គ្រោះថ្នាក់។

ជាក់ស្តែង តម្លៃប្រេង កាលពីថ្ងៃអង្គារនេះ បានឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនសប្តាហ៍ ពោលគឺបន្ទាប់ពីក្រុមប្រដាប់អាវុធ ហ៊ូធី បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់អារ៉ាប៊ី សាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេបំផុត របស់ពិភពលោក។

ក្នុងនោះ តម្លៃប្រេងឆៅ Brent បានឡើងដល់ ៩៩,២២ ដុល្លារ ក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ២៤ ខែកក្កដាមក។ ចំណែកប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកវិញ បានឡើងដល់ ៩៤,៦០ ដុល្លារ ក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ៨ ខែមិថុនា។

ទន្ទឹមនឹងនេះ, អ៊ីរ៉ង់បានគំរាមសហរដ្ឋអាមេរិកអំពី «សង្គ្រាមសេដ្ឋកិច្ច» និងបានអះអាងថា ខ្លួនបានបាញ់មីស៊ីលទំនើប ទៅលើនាវាចម្បាំងអាមេរិក។ សកម្មភាពនេះបានបង្ហាញឱ្យឃើញពីហានិភ័យនៃការកើនឡើងភាពតានតឹងបន្ថែមទៀតនៅក្នុងសង្គ្រាម ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភាគីទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមកម្តងទៀត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា