កម្ពុជាអំពាវនាវឱ្យថៃគោរពច្បាប់អន្តរជាតិ និងបូរណភាពទឹកដីកម្ពុជា នៅចំពោះមុខ UN | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាអំពាវនាវឱ្យថៃគោរពច្បាប់អន្តរជាតិ និងបូរណភាពទឹកដីកម្ពុជា នៅចំពោះមុខ UN

កម្ពុជាអំពាវនាវឱ្យថៃគោរពច្បាប់អន្តរជាតិ និងបូរណភាពទឹកដីកម្ពុជា នៅចំពោះមុខ UN

ក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ​សហ​ប្រជាជាតិ(អ.ស.ប, UN )កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាបានប្រាប់កិច្ចប្រជុំដោយ​សម្តែងក្តីកង្វល់​យ៉ាង​ធ្ងន់ធ្ងរ​ជុំវិញការ​បន្តកាន់កាប់ និង​ស្ថាបនា​រចនាសម្ព័ន្ធខុស​ច្បាប់របស់​កងកម្លាំងថៃនៅតំបន់ព្រំដែន ដែលកំពុងបង្កផលប៉ះពាល់ដល់​ប្រជាពលរដ្ឋ​​ភៀសខ្លួន​កម្ពុជាជាង ២ម៉ឺននាក់។ទន្ទឹមនេះក៏ទាមទារឱ្យភាគីថៃគោរព​ច្បាប់អន្តរជាតិ និងបញ្ឈប់រាល់​សកម្មភាព​ខុសច្បាប់នៅ​លើដែន​ដីកម្ពុជា។

ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ក្នុងសម័យប្រជុំ​លើក​ទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ​លើរបាយការណ៍ប្រចាំឆ្នាំរបស់ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដោយ​បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន​ ។

តំណាងអចិន្ត្រៃយ៍កម្ពុជាបានប្រាប់អ.ស.បថា ទោះបីជាបទឈប់បាញ់​នាខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃត្រូវបាន​រក្សាក៏ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋកម្ពុជាជាង ២ម៉ឺ​ននាក់ នៅតែមិនទាន់អាច​ត្រឡប់ទៅផ្ទះ​សម្បែងវិញដោយសុវត្ថិភាព និងកិត្តិយសបាននៅឡើយ។ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវរងការបំផ្លិចបំផ្លាញ ដែលបាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងការសិក្សាអប់រំ ជាពិសេស​ចំពោះស្ត្រី និងកុមារ។

កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសកម្មភាពខុសច្បាប់នៅក្នុងតំបន់កាន់កាប់ដែលស្ថិតក្នុងដែនដីកម្ពុជា ដោយការ​បង្កើតស្ថានភាពថ្មី (faits accomplis) តាមរយៈការដាក់របងលួសបន្លា កុងតឺន័រ ការសាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​យោធានិងស៊ីវិល និងការចេញបណ្ណកម្មសិទ្ធិ​ដីធ្លី​ជូនប្រជាពលរដ្ឋថៃ មុនពេលមានការខណ្ឌសីមា និងបោះបង្គោលព្រំដែន​រួមគ្នា។

ឯកឧត្តមបានអំពាវនាវឱ្យមានការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ រួមទាំងអធិបតេយ្យភាព បូរណភាពដែនដី និងការដោះស្រាយ​ជម្លោះដោយ​សន្តិវិធី ដើម្បីបញ្ចប់ការរងទុក្ខវេទនារបស់ប្រជាពលរដ្ឋស៊ីវិល និងសម្រេច​បាននូវសន្តិភាព​យូរអង្វែង៕


ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា