កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវការរំលោភដែនដី នៅឧត្តរមានជ័យ និងបន្ទាយមានជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវការរំលោភដែនដី នៅឧត្តរមានជ័យ និងបន្ទាយមានជ័យ

កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវការរំលោភដែនដី នៅឧត្តរមានជ័យ និងបន្ទាយមានជ័យ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានប្រកាស​ទាមទារឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវរាល់​សកម្មភាព​រំលោភបំពាន​ដែនដីដោយខុសច្បាប់ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយ​មាន​ជ័យ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបាន​ប្រកាសតវ៉ាយ៉ាងម៉ឺងម៉ាត់ជាថ្មីទៀត ចំពោះការរំលោភ​បំពាន​ជាបន្ត​បន្ទាប់ដោយប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដី​របស់កម្ពុជា ក្នុងតំបន់មួយចំនួនដែល​កាន់​កាប់​ដោយខុសច្បាប់ដោយ​កងកម្លាំងប្រដាប់អាវុធថៃចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងចុះថ្ងៃទី ៨ កញ្ញា និងត្រូវបាន​ផ្សព្វផ្សាយ​នៅថ្ងៃពុធទី៩ ខែកញ្ញា​នេះ បានគូស​បញ្ជាក់ថា កាលពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានវាយ​កម្ទេចផ្ទះ​របស់​ប្រជាពលរដ្ឋខ្មែរ​ចំនួន​២ខ្នង នៅតំបន់បឹងត្រកួន ស្ថិតក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយ​មានជ័យ។ បន្ទាប់មក ថៃបាន​ប្រើប្រាស់គ្រឿងចក្រធុនធ្ងន់​ឈូស​ឆាយដីលើកទំនប់ ដើម្បីត្រៀមសាងសង់សំណង់យោធារឹងមាំ​អចិន្ត្រៃយ៍។ បន្ថែមពីនេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា​កងកម្លាំង​ប្រដាប់អាវុធថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ដើម្បីសាង​សង់​លេណ​ដ្ឋាន​យោធានៅបរិវេណវត្តអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ប្រភពដដែលបន្តថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ភាគីថៃបាន​ប្រើប្រាស់គ្រឿងម៉ាស៊ីនជីកអណ្តូងទឹកមួយកន្លែងនៅ​ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃទី៧ ខែកញ្ញា ថៃក៏បានវាយបំបែក​សំណង់​ស៊ីវិលកម្ពុជា ក្នុងភូមិប្រាសាទ ស្ថិតក្នុងឃុំ និងស្រុកខាងលើផងដែរ។

លើសពីនេះ នៅថ្ងៃទី៧ ខែកញ្ញាដដែល នាយឧត្តមសេនីយ៍​ទ័ពជើងអាកាសថៃ ប្រាប៉ាស ស៊ុមឆៃដេត(Prapas Somchaidee) បាននាំក្រុមអ្នកសង្កេតការណ៍ប្រចាំប្រទេសថៃ រួមនឹងអ្នកសារព័ត៌មាន ចុះពិនិត្យអគារមួយចំនួននៅទិស​អាគ្នេយ៍នៃសណ្ឋាគារ រ៉ូយ៉ាល់ អូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលកងកម្លាំងថៃ​បានចូលកាន់​កាប់​ខុស​ច្បាប់ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥។

កម្ពុជាបានគូសបញ្ជាក់ថា ការចូលមកទីតាំងទាំងនោះដោយគ្មាន​ការអនុញ្ញាត គឺជាអំពើរំលោភសកម្មភាពខុសច្បាប់ ហើយកម្ពុជា​បដិសេធដាច់ខាតចំពោះការយកលេសបង្ករបទល្មើសដើម្បីរំលោភបំពានដែនដី។ សកម្មភាពទាំងនេះគ្មានអនុភាពផ្លូវច្បាប់ឡើយ ព្រោះ​រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ មានអនុស្សរណៈ​នៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក និងសេចក្តីប្រកាស​រួមនៃកិច្ចប្រជុំវិសាមញ្ញ​លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបាន​ព្រម​ព្រៀងប្រគល់ជូនគណៈកម្មាធិការ​ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បន្តការងារវាស់វែង និងបោះ​បង្គោល​ព្រំដែន​ឱ្យបានឆាប់បំផុត។

កម្ពុជាប្រកាសមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែន ឬការទាមទារ​ទឹកដីឯកតោភាគីដោយប្រទេសថៃឡើយ ហើយសកម្មភាព​ខុសច្បាប់ទាំងនោះនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហរ​របស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិឡើយ។ រាជរដ្ឋាភិបាលទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះ គោរពការប្តេជ្ញាចិត្តក្នុងការបន្ថយស្ថានការណ៍ លើកកម្ពស់ទំនុកចិត្ត​គ្នាទៅវិញទៅមក និងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីស្ថិរភាព និងទំនាក់ទំនង​ល្អនៅតាមបណ្តោយព្រំដែន ព្រមទាំង​ប្រកាន់ខ្ជាប់នូវជំហរដាច់ខាតថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់​ប្តូរ​ដោយ​កម្លាំង​នោះឡើយ៕


ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា