លោក ឡេង ណាវ៉ាត្រា ប្រកាសទទួលស្គាល់បរាជ័យក្នុងមុខជំនួញអចលនវត្ថុ ហើយប្រគល់ទ្រព្យសម្បត្តិសេសសល់ជូនក្រសួងរៀបចំដែនដីចាត់ចែងដោះស្រាយជាមួយអតិថិជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ឡេង ណាវ៉ាត្រា ប្រកាសទទួលស្គាល់បរាជ័យក្នុងមុខជំនួញអចលនវត្ថុ ហើយប្រគល់ទ្រព្យសម្បត្តិសេសសល់ជូនក្រសួងរៀបចំដែនដីចាត់ចែងដោះស្រាយជាមួយអតិថិជន

លោក ឡេង ណាវ៉ាត្រា ប្រកាសទទួលស្គាល់បរាជ័យក្នុងមុខជំនួញអចលនវត្ថុ ហើយប្រគល់ទ្រព្យសម្បត្តិសេសសល់ជូនក្រសួងរៀបចំដែនដីចាត់ចែងដោះស្រាយជាមួយអតិថិជន

លោក ឡេង ណាវ៉ាត្រា ម្ចាស់ក្រុមហ៊ុន ហ្កាឡាក់ស៊ី ណាវាត្រា គ្រុប បានចេញមុខប្រកាសជាសាធារណៈ ទទួលស្គាល់ការបរាជ័យក្នុងការបញ្ចប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យរបស់ខ្លួន ដោយសារអាជីវកម្មមានការខាតបង់ និងជំពាក់បំណុលច្រើនពេក។ ដើម្បីបង្ហាញពីការទទួលខុសត្រូវ និងភាពស្មោះត្រង់ចំពោះមុខច្បាប់ លោកបានសម្រេចចិត្តប្រគល់ទ្រព្យសម្បត្តិទាំងអស់របស់លោក និងគ្រួសារជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកទៅចាត់ចែងដោះស្រាយបំណុល ព្រមទាំងបញ្ចប់គម្រោងជូនប្រជាពលរដ្ឋ ហើយលោកក៏បានប្រកាសស្ម័គ្រចិត្តទទួលទោសតាមច្បាប់ផងដែរ។

ក្នុងសេចក្តីប្រកាសជាសាធារណៈនេះ ​លោក ឡេង ណាវ៉ាត្រា ក៏បានភ្ជាប់លិខិតរបស់ក្រសួងរៀបចំដែនដី ផ្ញើជូនប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីស្នើឱ្យស្រាវជ្រាវ និងផ្ដល់បញ្ជីអចលនទ្រព្យទាំងអស់ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប របស់លោក ឡេង ភត្រា និងភាគីពាក់ព័ន្ធមួយចំនួនទៀត​ ដែលបានផ្ទេរកម្មសិទ្ធិទៅឱ្យអ្នកផ្សេងចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៦ និងអចលនទ្រព្យទាំងអស់ដែលនៅសល់បច្ចុប្បន្ន។

វិធានការនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើសុំកិច្ចអន្តរាគមន៍ និងដំណោះស្រាយជូនប្រជាពលរដ្ឋ ខណៈដែលក្រសួងរៀបចំដែនដី បានសម្រេចចូលសម្របសម្រួលរកដំណោះស្រាយជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋជាអតិថិជន​របស់គម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ 3A និងគម្រោងជ្រែ១០០ ស្ថិតនៅក្នុងភូមិអន្លង់ស្លែង និងភូមិជ្រែ១០០ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

លោក ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា គម្រោង 6A គឺជាគម្រោងដែលលោកបានខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយទទួលបានចំណូលពីការលក់សរុបប្រមាណ ១៨៥ លានដុល្លារ ប៉ុន្តែបានចំណាយលើការសាងសង់ និងអភិវឌ្ឍន៍អស់រហូតដល់ ២២១ លានដុល្លារ ហើយត្រូវការថវិកាបន្ថែមប្រមាណ ២០ ទៅ ៣០ លានដុល្លារទៀត ទើបអាចបញ្ចប់គម្រោងទាំងស្រុងបាន។ លោកបន្ថែមថា ទ្រព្យសម្បត្តិ ឬដីធ្លីរាប់ពាន់ហិកតាដែលលោកមាននាពេលបច្ចុប្បន្ន ក៏ពុំមានតម្លៃគ្រប់គ្រាន់ក្នុងការទូទាត់បំណុល និងបញ្ចប់គម្រោងឡើយ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្តេជ្ញាជួយរកដំណោះស្រាយជាជំហានៗ ដើម្បីផ្ដល់ផ្ទះ ដី និងបណ្ណកម្មសិទ្ធិ ដែលនៅសេសសល់ជូនប្រជាពលរដ្ឋ​ជាបន្តបន្ទាប់ទៀតឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
លោកបណ្ឌិត ជ័យ តិច អ្នកជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម បានគូសបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដីបានដោះស្រាយគម្រោងអចលនទ្រព្យជាប់គាំងបានប្រមាណ ១០០ គម្រោង ក្នុងចំណោមគម្រោងជាប់គាំងសរុប ១៣០ គម្រោង។

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានស្នើឱ្យរដ្ឋាភិបាលពិនិត្យ និងរឹតបន្តឹងឡើងវិញលើនីតិវិធីច្បាប់ក្នុងការផ្តល់អាជ្ញាបណ្ណអាជីវកម្មបុរី និងអចលនទ្រព្យ ព្រមទាំងតម្រូវឱ្យមានប្រាក់តម្កល់កាតព្វកិច្ចច្បាស់លាស់ ដើម្បីការពារផលប្រយោជន៍ និងទប់ស្កាត់ការខាតបង់របស់ប្រជាពលរដ្ឋទៅថ្ងៃអនាគត៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា