តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN បង្ហាញឱ្យអន្តរជាតិបានដឹងអំពីការឈ្លានពានរបស់ថៃមកលើកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN បង្ហាញឱ្យអន្តរជាតិបានដឹងអំពីការឈ្លានពានរបស់ថៃមកលើកម្ពុជា

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN បង្ហាញឱ្យអន្តរជាតិបានដឹងអំពីការឈ្លានពានរបស់ថៃមកលើកម្ពុជា

ភ្នំពេញ៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានបង្ហាញឱ្យអន្តរជាតិបានដឹងអំពីការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដី អធិបតេយ្យភាពកម្ពុជា ដែលបានបង្កឱ្យមានផលប៉ះពាល់បន្តបន្ទាប់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងមនុស្សធម៌ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជាជាង ២០.០០០ នាក់ នៅតែបន្តភៀសខ្លួន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានបំផ្លិចបំផ្លាញ។

នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី២៖ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
នៅក្នុងអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ពីផលប៉ះពាល់បន្តបន្ទាប់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងមនុស្សធម៌ ដែលកើតមានពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជាជាង ២០.០០០ នាក់ នៅតែបន្តភៀសខ្លួន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានបំផ្លិចបំផ្លាញ។

ឯកឧត្តមបានសម្តែងនូវកង្វល់យ៉ាងធ្ងន់ធ្ងរ ដែលកងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសកម្មភាពខុសច្បាប់នៅក្នុងតំបន់កាន់កាប់ដែលស្ថិតក្នុងដែនដីកម្ពុជា ដោយការបង្កើតស្ថានភាពថ្មី (faits accomplis) តាមរយៈការដាក់របងលួសបន្លា កុងតឺន័រ ហេដ្ឋារចនាសម្ព័ន្ធយោធានិងស៊ីវិល និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋថៃ មុនពេលមានការខណ្ឌសីមា និងបោះបង្គោលព្រំដែនរួមគ្នា។

ជាមួយគ្នានេះ​ ឯកឧត្តមបានអំពាវនាវឱ្យមានការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ រួមទាំងអធិបតេយ្យភាព បូរណភាពដែនដី និងការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ការរងទុក្ខវេទនារបស់ប្រជាពលរដ្ឋស៊ីវិល និងសម្រេចបាននូវសន្តិភាពយូរអង្វែង៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា